ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រសួងកសិកម្មហាក់សម្ដែងនូវមោទនភាពខ្លាំងចំពោះជោគជ័យពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាកជាង ៤០គីឡូក្រាម (៤៥គីឡូក្រាម) ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្តែក្រសួងក៏ត្រូវថ្លឹងថ្លែងដែរថា ចិនបានរកចំណូលពីកម្ពុជាបានដល់ទៅជាង ៦ពាន់លានដុល្លារអាមេរិកឯណោះត្រឹមតែរយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កញ្ញា នេះថា ប្រសិនបើក្រសួងកសិកម្មផ្សព្វផ្សាយការនាំចេញបង្កងប៉ាកនេះក្នុងន័យថា ទទួលបានជោគជ័យក្នុងការពិសោធនាំចេញវារីរស់ នោះគឺជាខ្លឹមសារសមរម្យជាង ព្រោះថាបង្កងប៉ាកជាង ៤០គីឡូក្រាម កុំថាឡើយនាំចេញទៅចិន សូម្បីលក់នៅក្នុងប្រទេសខ្លួនឯងក៏លក់បានដែរ មិនចាំបាច់នាំទៅដល់ចិននោះទេ។
លោក សេក សុជាតិ លើកឡើងថា រាល់ការនាំចេញគឺតែងរំពឹងផលចំណេញ ដូច្នេះបើកម្ពុជាមានមោទនភាពនឹងទទួលបានផលចំណេញរបស់ខ្លួនចំពោះការនាំបង្កងប៉ាកជាង ៤០គីឡូក្រាមនេះ កម្ពុជាក៏គួរតែចេះស្តាយប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធអនុគ្រោះ GSP របស់អាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដែលកំពុងប្រឈមមុខនឹងការបាត់បង់ទាំងស្រុងនៅពេលខាងមុខនេះ។
អ្នកផ្តល់ប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ការនាំបង្កងចេញត្រឹមតែជាង ៤០គីឡូក្រាម ក្រសួងកសិកម្មហាក់សម្ដែងនូវមោទនភាពយ៉ាងខ្លាំង ប៉ុន្តែក្រសួងក៏គួរមើលការនាំចូលពីចិនមកកម្ពុជាដែរថា ពួកគេទទួលបានចំណូលប៉ុន្មាន ក្នុងនោះត្រឹមតែរយៈពេល ៧ខែដើមឆ្នាំ២០២៣ នេះ គេអាចរកចំណូលបានពីកម្ពុជាដល់ទៅ ៦ពាន់លានដុល្លារអាមេរិកឯណោះ ខណៈកម្ពុជាខ្លួនឯងរកចំណូលបានពីការនាំចេញទៅចិន បានត្រឹម ៨០០លានដុល្លារអាមេរិកនោះ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកស្រី អ៊ឹម រចនា បានអះអាងក្នុងកម្មវិធីផ្សព្វផ្សាយអំពីសហគ្រាសជលផលគម្រោង CAPFish ថា កម្ពុជាបាននាំបង្កងកណ្តូប ឬបង្កងប៉ាកទាំងរស់ចំនួន ៤៥គីឡូក្រាមទៅកាន់ប្រទេសចិន តាមជើងហោះហើរលើកដំបូងជាវារីរស់កាលពីពេលថ្មីៗនេះ។
អ្នកស្រី អ៊ឹម រចនា អះអាងថា ក្រសួងកសិកម្មកំពុងធ្វើការថ្លឹងថ្លែងថា តើកម្ពុជាត្រូវនាំបង្កងកណ្តូបចេញកម្រិតដូចម្តេចឱ្យរក្សាបាននូវតុល្យភាព ដើម្បីនាំទៅកាន់ទីផ្សារប្រទេសចិនបន្តទៀត ព្រោះថាបង្កងកណ្តូបដែលរស់តាមធម្មជាតិមានចំនួនតិចតួចនៅឡើយ ស្របពេលដែលបង្កងកណ្តូបនេះកំពុងមានទីផ្សារល្អលើទីផ្សារចិន ដែលមានន័យថា ទោះមានច្រើនប៉ុនណា ក៏ខាងទីផ្សារចិនទទួលយកដែរ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានលើកសំណើទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី (Wang Yi) ជំរុញឲ្យវិនិយោគិនចិនទៅបណ្ដាក់ទុននៅកម្ពុជាក្នុងវិស័យអាទិភាពមួយចំនួន ដូចជា វិស័យចិញ្ចឹមសត្វ វារីវប្បកម្ម កៅស៊ូ សម្រាប់នាំចេញទៅប្រទេសចិន។
ទាក់ទិននឹងបញ្ហានេះ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន រួមមាន កំពឹសទឹកសាប ត្រីប្រាធំ ត្រីប្រាខ្ចៅ ខ្យងទឹកសាប អន្ទង់ទឹកសាប បង្កងកណ្តូប ឬបង្កងប៉ាក បង្គាខ្លឹង និងបង្គាស ជាដើម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារវាងកម្ពុជា-ចិននាពេលកន្លងមក។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសដៃគូបានធ្លាក់ចុះជាង ១៥% (១៥,៦% ) ឬគិតជាទឹកប្រាក់មានចំនួនជាង ៣២ពាន់លានដុល្លារអាមេរិក ក្នុងនោះទំហំនាំចេញសរុបរបស់កម្ពុជាមានចំនួនជាង ១៣ពាន់លានដុល្លារ ថយចុះ ១,៨% រីឯទំហំនៃការនាំចូលសរុបវិញមានទឹកប្រាក់ជិត ២០ពាន់លានដុល្លារអាមេរិក ក៏បានធ្លាក់ចុះ ២៥,៦% ដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូសំខាន់ៗមួយចំនួនថយចុះមែន ប៉ុន្តែពាណិជ្ជកម្មរវាងកម្ពុជា-ចិននៅតែជាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ដដែល ត្បិតទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនបន្តកើនឡើង ១,៨% ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក។ ជាក់ស្តែង កម្ពុជាបាននាំទំនិញទៅចិន អាចរកចំណូលបានជាង ៨០០លានដុល្លារអាមេរិក ខណៈចិននាំចូលទំនិញទៅកម្ពុជាវិញរកបានចំណូលជាង ៦ពាន់លានដុល្លារអាមេរិក។
កាលពីចុងឆ្នាំ២០២០ ចិននិងកម្ពុជា គ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានដល់ ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ នេះ ខណៈឆ្នាំ២០១៩ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិន គិតជាទឹកប្រាក់មានចំនួនជិត ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែការនាំចូលពីចិន មានទំហំទឹកប្រាក់ជិត ៧ពាន់លានដុល្លារឯណោះ។ បញ្ហានេះ ត្រូវគេរិះគន់ថា ចិនកំពុងកេងចំណេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងកម្ពុជាសព្វថ្ងៃនេះ៕