30 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​ម្នាក់​សុំ​ឈប់​ពី​តួនាទី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​នាយក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក សៅ រ៉ាស៊ី ប្រកាស​លាឈប់​ពី​តួនាទី​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់​បក្ស​នេះ​ចាប់ពី​ថ្ងៃ​នេះ​តទៅ។

ក្នុង​លិខិត​របស់​មួយ​ផ្ញើ​ទៅ​ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃទី​២២ កញ្ញា នេះ ឲ្យ​ដឹង​ថា ការ​លាលែង​ពី​តួនាទី​នៅ​ក្នុង​គណបក្ស​ភ្លើង​ទៀន នេះ លោក សៅ រ៉ាស៊ី មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២៣ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ឱ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់​បញ្ចូល​ឈ្មោះ​លោក សៅ រ៉ាស៊ី និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ២​នាក់​ចូល​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់​ខ្លួន។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក នេត សាវឿន បញ្ជាក់​ថា អ្នក​ទាំង​បី​នាក់​នោះ គឺជា​ជន​ជាប់ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ពី​បទ «ប្រមាថ​ព្រះមហាក្សត្រ ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា និង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​អំឡុង​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២។

ប៉ុន្តែ​សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា fresh news លើកឡើង​ថា លោក សៅ រ៉ាស៊ី លាលែង​ពី​តួនាទី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​លោក​ជួប​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា លោក គឹម សន្តិភាព។

តែ​យ៉ាងណា សារព័ត៌មាន The Cambodia Daily មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សៅ រ៉ាស៊ី ដើម្បី​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេ ខណៈ​អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភីរិទ្ធ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស