29 C
Phnom Penh

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន​២៥​នាក់​ពាក់ព័ន្ធ​នឹង​ការ​បង្ខាំង​មនុស្ស​ចេញពី​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​នឹង​បណ្ដេញ​ជនជាតិ​ជប៉ុន ២៥​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស ចេញពី​កម្ពុជា ខណៈ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម រក​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ជនជាតិ​ជប៉ុន​ទាំង ២៥​នាក់ នឹង​ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា​វិញ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជា​អ្នក​ចាត់ចែង។

លោក​ចាត់ទុក​ការ​បញ្ជូន​ជនជាតិ​ជប៉ុន​ទាំងនេះ​ចេញ​ពី​កម្ពុជា​នា​ពេលនេះ បង្ហាញ​ឲ្យ​ឃើញ​ថា ទោះបីជា​ជន​បង្ក​នោះ​ជា​ជនបរទេស ឬ​ជនជាតិ​ណា​នោះ​ទេ ក៏​សមត្ថកិច្ច​នឹង​បន្ត​ខិតខំ​គ្រប់គ្រង​សន្តិសុខ​ក្នុង​ប្រទេស និង​ដើម្បី​ភាព​សុខ​សន្តិភាព​របស់​កម្ពុជា ជាដើម។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក កែវ វណ្ណថន ថា​តើ​មក​ដល់​បច្ចុប្បន្ន មាន​ជនបរទេស​ប៉ុន្មាន​នាក់​ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ចេញពី​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ជនជាតិ​ជប៉ុន ទាំង ២៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ធ្វើឡើង​តាម​សំណើ​របស់​ស្ថានទូត​ជប៉ុន ដោយ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បន្ទាប់ពី​ទទួល​បាន​សំណើ​ពី​ជនរងគ្រោះ​ម្នាក់​ដែល​អះអាង​ថា រង​ការ​បង្ខាំង និង​អំពើ​ហិង្សា​នៅ​ក្នុង​អគារ Skyline ក្នុង​រាជធានី​ភ្នំពេញ។

ទាក់ទិន​អំពើ​ឆបោក​តាម​អនឡាញ​នេះ អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ចេញ​របាយការណ៍​មួយ​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០២៣ ដោយ​បង្ហាញ​ថា បច្ចុប្បន្ន​នេះ​ករណី​បោក​បញ្ឆោត​តាម​អនឡាញ​បាន​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចំនួន ៥ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​មាន ប្រទេស​ភូមា ដែល​មាន​តួលេខ​ខ្ពស់​បំផុត គឺ​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ចំណែក​នៅ​កម្ពុជា​វិញ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ផង​ដែរ។

ចំណែក​របាយការណ៍​ថ្មី​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហៅ​ថា UNODC ចេញ​ផ្សាយ​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ បង្ហាញ​ថា នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​កម្ពុជា​កំពុង​ពេញ​និយម​ខ្លាំង​នៃ​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​តាម​អនឡាញ។

ប្រភព​ដដែល​ថា ក្រុម​ឧក្រិដ្ឋជន​មាន​ប្រតិបត្តិការ​យ៉ាង​បើក​ចំហ​តាមរយៈ​ការ​ផ្សារភ្ជាប់​ទៅ​នឹង​កន្លែង​កម្សាន្ត​នានា ដូចជា បនល្បែង សណ្ឋាគារ​ធំៗ និង​ក្រុមហ៊ុន​អាជីវកម្ម​ចុះបញ្ជី ជាដើម។

ចំពោះ​ទីតាំង​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​អនឡាញ​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ខណៈ​ទីតាំង​ផ្សេង​ទៀត​មាន​នៅ​ខេត្ត​កណ្ដាល កោះកុង ប៉ោយប៉ែត ពោធិ៍សាត់ កំពត និង​នៅ​តំបន់​ទន្លេបាសាក់ ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ទាក់ទិន​នឹង​រឿង​បញ្ជូន​ជនបរទេស​នេះ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ អាជ្ញាធរ​កម្ពុជា​បាន​និរទេស​ជនជាតិ​ជប៉ុន​ចំនួន ១៩​នាក់ ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​ក្នុង​អំពើ​ឆបោក​តាម​ទូរសព្ទ ហើយ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត​នៅ​ពេល​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ពួកគេ​ទៅ​ដល់​ប្រទេស​ជប៉ុន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស