32 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា៖ វៀតណាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទឹកដី​កម្ពុជា​ក្រោម​ជា​ការ​រើសអើង​ពូជសាសន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​រារាំង​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​កម្សាន្ត​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម កាលពី​ពេល​ថ្មីៗ​នេះ គឺ​បង្ហាញ​ពី​ការ​រើសអើង​ពូជសាសន៍​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​ធ្ងន់ធ្ងរ ជាពិសេស​គឺ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​តែម្តង ខណៈ​ពលរដ្ឋ​វៀតណាម​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជា​ហូរហែ​រហូត​មក។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ តុលា នេះ​ថា នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ គឺ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ឱ្យ​ចូល​ទៅ​ទឹកដី​កម្ពុជា​ក្រោម ដោយ​សាមី​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ រដ្ឋាភិបាល​វៀតណាម​គួរតែ​បង្ហាញ​ពី​ហេតុផល​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ដែល​ប្រចាំការ​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់ ថា​មកពី​មូលហេតុ​អ្វី។ ជាង​នេះ​ទៀត មន្ត្រី​ច្រក​ព្រំដែន​ក៏​ត្រូវ​ផ្តល់​ការ​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​ផ្តល់​ទិដ្ឋាការ​ដល់​រូបគេ​ទាំង​ពីរ​នាក់​ផង​ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូច​ប្រទេស​វៀតណាម​ដែរ ហើយ​ពលរដ្ឋ​ខ្មែរ​អាច​ឆ្លងដែន​ទៅ​កាន់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា ដូចជា​វៀតណាម​ជាដើម ដោយ​ស្មើ​ភាព​គ្នា​ដូច​ពលរដ្ឋ​វៀតណាម​ឆ្លងដែន​មក​កាន់​ប្រទេស​កម្ពុជា​ដែរ នៅ​ពេល​ដែល​សាមី​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ការ​ដែល​អាជ្ញាធរ​វៀតណាម​មិន​ផ្តល់​ទិដ្ឋាការ​ដល់​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ដែល​មាន​បំណង​ចូល​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ដោយ​សាមី​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ទោះ​ស្រប​ច្បាប់​ក៏ដោយ ក៏​មិន​ស្រប​ច្បាប់​ក៏ដោយ ក៏​មិន​ប្រាកដ​ថា​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​លើ​ទឹកដី​គេ​ដែរ ផ្ទុយ​ទៅវិញ សម្រាប់​ពលរដ្ឋ​វៀតណាម ទោះ​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​ក៏ដោយ ពួកគេ​អាច​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​សេរី។

កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ អាជ្ញាធរ​វៀតណាម បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា សោភា ទៅ​ចូលរួម​កម្មវិធី​កាន់​បិណ្ឌ​នៅ​ខេត្ត​ព្រះត្រពាំង ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ផ្សេង​ទៀត​ដាច់ខាត។

ជាង​នេះ​ទៀត នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​នាក់​នោះ​ធ្វើ​ដំណើរ​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ឫស្សី និង​ខេត្ត​ព្រះត្រពាំង ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម ឃាត់​រថយន្ត​របស់​ពួកគេ​ដោយ​ទាមទារ​រក​ឯកសារ​ផ្លូវ​ច្បាប់​ផ្សេងៗ​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​រារាំង បាន​លើកឡើង​ក្នុង​វីដេអូ​ដែល​ថត​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​រារាំង​ក្បួន​រថយន្ត​នោះ​ថា ពួកគេ​គ្រប់​គ្នា​គឺ​បាន​បំពេញ​ផ្លូវ​ច្បាប់​បាន​ត្រឹមត្រូវ​ទាំងអស់ មុន​នឹង​ចូល​មក​ទឹកដី​កម្ពុជា​ក្រោម​នៅ​ពេលនេះ។

ប្រជាពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​ក៏​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ឈប់​ទទួលទាន​អាហារ ឬ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ នៅ​ពេល​ដែល​ពួកគេ​ឈប់​រថយន្ត​ចូល​ក្នុង​ផ្សារ​ផង​ដែរ។ ជាង​នេះ​ទៀត អាជ្ញាធរ​ខ្មែរ​ខេត្ត​មាត់ជ្រូក គឺ​លោក ចៅ សារ៉ាត់ ដែល​ជា​អ្នក​នាំ​ផ្លូវ​ក្បួន​រថយន្ត​នោះ បាន​លើកឡើង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​ខ្លួន​នៅ​ពេល​នោះ​ដែរ​ថា បើ​អាជ្ញាធរ​វៀតណាម​ឃាត់ឃាំង​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឯកសារ​ស្រប​ច្បាប់​ចូល​ទឹកដី​កម្ពុជា​ក្រោម ជនជាតិ​វៀតណាម​ក៏​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ទឹកដី​នៃ​ប្រទេស​ដទៃ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​សហរដ្ឋ​អាមេរិក មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ចូ បៃដិន ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​ថា លោក​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន ពិនិត្យ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ​នេះ។

លោក ប្រាក់ សេរីវុឌ្ឍ អះអាង​ថា លោក​ក៏​បាន​ស្នើ​ឱ្យ​អាមេរិក​ពិនិត្យ​លើ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ផង​ដែរ ត្បិត​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ​មាន​ការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​វៀតណាម​កាន់តែ​ខ្លាំង ក្នុង​នោះ ត្រា​ប្រចាំ​វត្តអារាម​នីមួយៗ​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ឆ្លាក់​អក្សរ​វៀតណាម​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ការ​បាត់បង់​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​ថ្ងៃ​មុខ។

ដែនដី​កម្ពុជា​ក្រោម​ដែល​អាណានិគម​បារាំង ហៅថា​ដែនដី​កូសាំងស៊ីន បច្ចុប្បន្ន​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ប្រមាណ​ជាង ៧​លាន​នាក់ និង​មាន​វត្ត​អារាម​ពុទ្ធសាសនា​ចំនួន​ជាង ៤០០​វត្ត (៤៦១​វត្ត) ក្នុង​នោះ​ខេត្ត​ព្រះត្រពាំង មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើន​ជាងគេ​ដែល​មាន​វត្ត​សរុប​រហូត​ដល់​ទៅ ១៤៣​វត្ត។

ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ជាង ៦​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា (៦៧៧០០​គីឡូម៉ែត្រ​ក្រឡា) និង​មាន​ខេត្ត​សរុប​ចំនួន ២១ ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​បារាំង ចុះហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ត្រួតត្រា​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ហើយ​បើ​គិត​មក​ដល់​ឆ្នាំ​២០២៣ នេះ ទឹកដី​កម្ពុជា​ក្រោម​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​អស់​រយៈពេល ៧៤​ឆ្នាំ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស