32 C
Phnom Penh

សកម្មជន​បរិស្ថាន​ហួសចិត្ត​ចំពោះ​មន្ត្រី​ក្រសួង​យុត្តិធម៌​ឆ្លើយ​ថា​គ្មាន​ពេល​ឆ្លើយតប​សំណើ​របស់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​មាតា​ធម្មជាតិ បង្ហាញ​ការ​ហួសចិត្ត​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ឆ្លើយតប​ទៅ​កាន់​ក្រុម​យុវជន​នៃ​ចលនា​មួយ​នេះ​ថា «គ្មាន​ពេល​ដើម្បី​ឆ្លើយតប​សំណើ​របស់​ពួកគេ​នោះ​ទេ»។

យុវជន​ចលនា​មាតា​ធម្មជាតិ នា​ថ្ងៃ​សុក្រ ទី​២០ តុលា នេះ បាន​នាំគ្នា​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​តាមដាន​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ទៅ​ក្រសួង​កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជួយ​អន្តរាគមន៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood ២០២៣ នៅ​ចុង​ខែ​វិច្ឆិកា នេះ។

ចលនា​មាតា​ធម្មជាតិ Mother Nature Cambodia បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ បង្ហាញ​ការ​ហួសចិត្ត​ដែល​បុគ្គលិក​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​យុវជន​មាតា​ធម្មជាតិ​ថា លោក កើត រិទ្ធ គ្មាន​ពេលវេលា​ក្នុង​ការ​ឆ្លើយតប​សំណើ​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ទទួល​ពានរង្វាន់ Alternative Nobel នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

ប្រភព​ដដែល​ថា តើ​ពលរដ្ឋ​សង្ឃឹម​អ្វី​ពី​ក្រសួង​យុត្តិធម៌ បើ​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ចេះ​និយាយ​ត្រឹម​ពាក្យ​ថា «គ្មាន​ពេល» បែប​នេះ​ហើយ​នោះ។ ការ​ឆ្លើយតប​ដូច្នេះ វា​ជា​កំណែ​ទម្រង់​ដែល​លោក កើត រិទ្ធ តែង​និយាយ​ជា​ហូរហែ​មក​ឬ?

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី បាន​លើកឡើង​ថា ពួកគេ​ទៅ​តាមដាន​ញត្តិ​ដែល​បាន​ដាក់​នេះ ដោយសារតែ​រយៈពេល ២​សប្ដាហ៍​ហើយ ក្រសួង​យុត្តិធម៌​នៅ​មិន​ទាន់​ឆ្លើយតប​ណា​មួយ​មក​ឲ្យ​ពួកគេ​បាន​ដឹង​នៅឡើយ​ទេ។

ប៉ុន្តែ​នៅ​ពេល​ពួកគេ​ទៅ​ដល់​ខាងមុខ​ក្រសួង​យុត្តិធម៌ បុគ្គលិក​ក្រសួង​បាន​ប្រាប់​ថា មួយ​រយៈពេល​នេះ រដ្ឋមន្ត្រី​យុត្តិធម៌ លោក កើត រិទ្ធ រវល់​ច្រើន និង​ជាប់​កម្មវិធី​ផ្សេងៗ​ដោយ​គ្មាន​ពេល​ឆ្លើយតប​នឹង​សំណើ​របស់​ពួកគេ​នោះ​ទេ។

កញ្ញា ភួន កែវរស្មី យល់​ថា នៅ​ពេល​បុគ្គលិក​ក្រសួង​ឆ្លើយតប​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ ព្រោះ​រយៈពេល ២​សប្ដាហ៍ ប្រសិន​មន្ត្រី​បំពេញ​ការងារ​របស់​ខ្លួន​បាន​ត្រឹមត្រូវ នឹង​ឆ្លើយតប​ដល់​ពួកគេ​ហើយ។

ចំណែក​លោក ថុន រដ្ឋា បាន​លើកឡើង​នៅ​ខាងមុខ​ក្រសួង​យុត្តិធម៌ ថា ក្រុម​របស់​លោក​នឹង​មិន​បាក់​ទឹកចិត្ត​ឡើយ បើ​ទោះបី​លោក​មិន​បាន​ទៅ​ទទួល​ពានរង្វាន់​នៅ​ប្រទេស​ស៊ុយអែត នៅ​ខែ​វិច្ឆិកា ខាងមុខ​ក៏ដោយ ហើយ​ថា​ក្រុម​របស់​លោក​នឹង​មិន​បោះបង់​ការងារ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ឡើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ បាន​បដិសេធ​សំណើ​របស់​ក្រុម​យុវជន​មាតា​ធម្មជាតិ​ចំនួន ៣​រូប ដែល​ស្នើសុំ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood Award ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ស៊ុយអែត នា​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ​នេះ ក្រោម​ហេតុផល​ថា «មិន​ចាំបាច់»។

ក្រោយ​ការ​បដិសេធ​នេះ កាលពី​ថ្ងៃទី​៣ ខែ​តុលា នេះ អង្គការ Right Livelihood បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​សម្ដែង​ការ​សោកស្ដាយ និង​ស្នើ​ទៅ​តុលាការ​កម្ពុជា​ពិចារណា​ឡើងវិញ​ចំពោះ​ការ​រារាំង​ក្រុម​យុវជន​មាតា​ធម្មជាតិ​ទៅ​ទទួល​ពានរង្វាន់​នៅ​ក្រៅ​ប្រទេស។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​ជាតិ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បទ «រួម​គំនិត​ក្បត់» និង​បទ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ»

សកម្មជន​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ការ​ដោះលែង​នេះ អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​ចប់​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ទោស​ដែល​នៅ​សល់ ត្រូវ​ព្យួរ​សាកល្បង ប៉ុន្តែ​ពួកគេ​គ្រប់​គ្នា​សុទ្ធតែ​មាន​ទោស​ផ្សេង​ទៀត​ដែល​តុលាការ​មិន​ទាន់​ជំនុំជម្រះ​នៅឡើយ​ពី​បទ​ចោទ រួម​គំនិត​ក្បត់ និង​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស