ប្រតិបត្តិការបង្ក្រាបអាជីវកម្មទុច្ចរិតឆបោកតាមបច្ចេកវិទ្យាអន្តរបណ្ដាញ មានមូលដ្ឋានចេញពីបនល្បែងស៊ីសងកាស៊ីណូ ចាប់បានជនប្រព្រឹត្តបទល្មើសប្រមាណ ២ពាន់នាក់ហើយ មកទល់ថ្ងៃសុក្រ ទី១៨ ខែកក្កដា។
អ្នកជំនាញផ្នែកអំពើឧក្រិដ្ឋ និយាយថា តួលេខនេះតំណាងឲ្យតែ ១% ប៉ុណ្ណោះនៃចំនួនឧក្រិដ្ឋជនក្នុងរបររកស៊ីឆបោកប្រភេទនេះប្រមាណពី ១សែន ទៅ ១សែន ៥ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ មន្ត្រីសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ចាត់ទុកចំណាត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាពីសំណាក់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត គឺជាល្បែងប៉ាហ៊ីបន្លំភ្នែក ឬក៏ជាការសម្ដែងរបាំចាក់ក្បាច់តែប៉ុណ្ណោះ មិនមែនជាចំណាត់ការពិតប្រាកដនោះទេ។
នាយកផ្នែកតស៊ូមតិសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កក្កដា នេះថា ចំណាត់ការរបស់លោក ហ៊ុន ម៉ាណែត ដែលបង្ហាញពីសកម្មភាពគគ្រឹកគគ្រេងដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញឱ្យអស់ពីកម្ពុជានាពេលនេះ គឺជាការភូតកុហកសុទ្ធសាធ ព្រោះអំពើឧក្រិដ្ឋទាំងនេះបានដុះស្លែនៅកម្ពុជាយូរណាស់មកហើយ ដូច្នេះមិនអាចលុបបំបាត់ក្នុងរយៈពេលខ្លីបានទេ។
លោក Phil Robertson អះអាងថា ទោះបីជាប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋអនឡាញនេះ ត្រូវបានអនុវត្តក្នុងរយៈពេលយូរប៉ុនណាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនអាចបោសសម្អាតបទល្មើសទាំងនេះបានដែរ ព្រោះរដ្ឋាភិបាលតែងទទួលបានផលប្រយោជន៍ពីក្រោយអំពើពុករលួយពីមជ្ឈមណ្ឌលបោកប្រាស់ទាំងនោះនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជារហូតមក។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិរូបនេះ បញ្ជាក់ថា សកម្មភាពរបស់លោក ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ គ្រាន់តែបង្ហាញឱ្យឃើញថារដ្ឋាភិបាលប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះឱ្យខ្លាំងក្លា មុតមាំ ហ្មត់ចត់ ប៉ុន្តែការពិតជាយុទ្ធនាការរាក់កំផែលដែលប្រឹងធ្វើរូបភាពឱ្យធំបន្លំភ្នែកអន្តរជាតិប៉ុណ្ណោះ។
បទបញ្ជាស្ដីពីការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកក្កដា បានដាក់ចេញនូវចំណាត់ការមួយចំនួនសម្រាប់អនុវត្តទូទាំងប្រទេស ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។ លោក ហ៊ុន ម៉ាណែត ព្រមានថា អ្នកដែលមិនអនុវត្តតាមបទបញ្ជានេះ ត្រូវប្រឈមនឹងការផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែងដោយគ្មានករណីលើកលែងឡើយ។
ជុំវិញចំណាត់ការនេះ ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី១៥ ខែកក្កដា ថ្មីៗនេះ បណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថាបានជាប់ពាក់ព័ន្ធនឹងព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ លោក គ្រី សីហា ដែលបានដោះលែងជនល្មើស ៥នាក់ ក្រោយចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅនោះ។
ចំណែកឯលោក គ្រី សីហា ក៏ត្រូវលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវកាលពីថ្ងៃទី១៦ កក្កដា កន្លងទៅផងដែរ។
ជុំវិញបញ្ហានេះ ក្រសួងមហាផ្ទៃ បានអះអាងនៅថ្ងៃទី១៨ កក្កដា នេះថា អភិបាលខេត្តឧត្ដរមានជ័យ លោក មាន ចាន់យ៉ាដា បានដឹកនាំកម្លាំងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៩ទីតាំង ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដូចជា ការឆ្លងដែនខុសច្បាប់ ការរស់នៅ និងការធ្វើការងារខុសច្បាប់នៅប្រទេសកម្ពុជា ជាដើម។
សារព័ត៌មាន The Cambodia Daily នឹងព្យាយាមស្រាវជ្រាវផ្សាយនៅពេលក្រោយ អំពីបណ្ដាញរកស៊ីឆបោកល្បីល្បាញក្នុងពិភពលោក ថាតើរាជរដ្ឋាភិបាលបានចំណែកប៉ុន្មានក្នុងមួយឆ្នាំៗ បានជាបង្ខំចិត្តបិទភ្នែកបណ្តោយឲ្យរបរឧក្រិដ្ឋនេះរីកស្គុះស្គាយដូចផ្សិតរាប់ឆ្នាំមកនោះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

