31 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា ថា​ការ​ចង​សម្ព័ន្ធ​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​និង​បក្ស​កាន់​អំណាច​គឺ​ដើម្បី​បុណ្យ​ស័ក្ដិ​និង​តួនាទី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ប្រកាស​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​ការ​ឆក់​ឱកាស​រក​លាភ​សក្ការៈ​បុណ្យ​ស័ក្តិ តួនាទី​របស់​គណបក្ស​ទាំងនោះ​ប៉ុណ្ណោះ ក្រោយ​ពួកគេ​អស់​សមត្ថភាព​ទាក់ទាញ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​សម្រាប់​បក្ស​របស់​ខ្លួន​កន្លង​មក។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ថា ការ​ប្រកាស​ចង​សម្ព័ន្ធ​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ដំណើរ​នយោបាយ​មួយ​ដែល​បិទ​ផ្លូវ​ចំពោះ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ប៉ុណ្ណោះ ចំណែក​ការ​ប្រកាស​ចង​សម្ព័ន្ធ​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ៤ ផ្សេង​ទៀត ក៏​ទំនង​មិន​អាច​ទៅ​មុខ​បាន​ដែរ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​សម្រេច​ចង​សម្ព័ន្ធ​ជាមួយ​បក្ស​កាន់​អំណាច​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ លោក​មើល​មិន​ឃើញ​ថា​នឹង​មាន​ផល​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​នឹង​មាន​ប្រយោជន៍​សម្រាប់​តែ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នយោបាយ​ទាំងនោះ​ប៉ុណ្ណោះ ដូចជា ការ​ទទួល​បុណ្យ​ស័ក្តិ​តួនាទី​ក្នុង​កម្រិត​ណា​មួយ​សម្រាប់​ពួកគេ ជាដើម ព្រោះ​ថា​បក្ស​នយោបាយ​ទាំងនោះ​មិន​អាច​កែប្រែ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នាម​ជា​គណបក្ស​ដែល​ចង​សម្ព័ន្ធភាព​រវាង​គ្នា និង​គ្នា​បាន​ទេ គឺ​មាន​តែ​គណបក្ស​ទាំងនោះ​ធ្វើ​តាម​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទោះ​មាន​ការ​សម្រេច​ចិត្ត​បែប​ណា​ក៏ដោយ គឺជា​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​ពួកគេ ដែល​មិន​ខុស​ទាស់​ទៅ​នឹង​ច្បាប់​អ្វី​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​ឆាកជីវិត​នយោបាយ​របស់​បក្ស​ទាំងនោះ​សម្រាប់​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ទៅ​ថ្ងៃ​ក្រោយ គឺ​គ្មាន​ឱកាស​ទៀត​ឡើយ។

លោក មាជ សុវណ្ណារ៉ា គូស​បញ្ជាក់​ថា ក្នុង​ឆាក​នយោបាយ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​មាន​តែ​យុវជន​ជំនាន់​ក្រោយ​ដែល​ស្អាតស្អំ​ប៉ុណ្ណោះ ទើប​អាច​កសាង​ថ្នាល​នយោបាយ​សម្រាប់​ប្រទេស​ជាតិ​បាន ដែល​ពួកគេ​មិន​ប្រឡូកប្រឡាក់​នឹង​ល្បិចកល​នយោបាយ​របស់​បក្ស​កាន់​អំណាច​កន្លងមក។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ជួប​ប្រជុំ​ជាមួយ​គណបក្ស​នយោបាយ​ជិត ៣០ ដែល​បាន​ប្រកាស​ចង​សម្ព័ន្ធ​ជាមួយ​នឹង​ខ្លួន​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

កាលពី​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៣ ខុទ្ទកាល័យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំង ២៧​គណបក្ស​ដែល​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ឱ្យ​ចូលរួម​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ និង​សម្ព័ន្ធភាព​រវាង​គណបក្ស​នយោបាយ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ នេះ នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ពិធី​ទទួលទាន​អាហារ​សាមគ្គី​រវាង​មេដឹកនាំ​គណបក្ស​ទាំងអស់​នោះ​ផង​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២៣ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ២៧​គណបក្ស ដូចជា​គណបក្ស​ឯកភាព​ជាតិ​ខ្មែរ របស់​លោក អ៊ុន ជឹម គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ គណបក្ស​បំណង​ពលរដ្ឋ របស់​លោក អ៊ិត សារុំ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ ជាដើម បាន​ចេញ​លិខិត​រួម​គ្នា​ស្នើសុំ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សុំ​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​លោក ហ៊ុន សែន បាន​ប្រកាស​ស្វាគមន៍​ទទួលយក​ការ​ស្នើសុំ​ចង​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំងនោះ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ តុលា នេះ​ដែរ​ថា ការ​ប្រកាស​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ គ្មាន​ខុស​ទាស់​អ្វី​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​ថា ការ​ចង​សម្ព័ន្ធ​នេះ​អាច​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​បាន ឬ​ក៏​រក​ផល​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​បាន​ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​ការ​ចង​សម្ព័ន្ធ​នេះ​ដើម្បី​កាត់បន្ថយ​ការ​ប្រើ​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​កុំ​ឱ្យ​ចេះ​តែ​ប្រើ​អំណាច​ស្រេច​តែ​នឹង​ចិត្ត​នោះ គឺជា​រឿង​ល្អ ប៉ុន្តែ​បើ​ការ​ចង​សម្ព័ន្ធភាព​នេះ​ក្នុង​បំណង​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ​ក្នុង​កម្រិត​ណា​មួយ​ទៅ​វិញ​នោះ ដែល​នាំ​ឱ្យ​ពួកគេ​ធ្លាក់​ទៅ​ក្រោម​ឥទ្ធិពល​នៃ​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់​អំណាច​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នោះ គឺជា​សោកនាដកម្ម​របស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ​ប៉ុណ្ណោះ។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ២៧ ដែល​បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន ១៤​គណបក្ស​បាន​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ និង​គណបក្ស​១៣ ផ្សេង​ទៀត មិន​បាន​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ​ទេ។

ការ​ប្រកាស​ចង​សម្ព័ន្ធ​រវាង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាង ២០​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ផ្សេង​ទៀត ដូចជា​គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ប្រកាស​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា​នៅ​ពេល​នេះ​ដែរ ហើយ​ការ​ប្រកាស​ចង​សម្ព័ន្ធ​របស់​គណបក្ស​ទាំង ៤ នេះ ត្រូវ​បាន​តំណាង​គណបក្ស​ទាំងនេះ​អះអាង​ថា គឺ​ក្នុង​គោលដៅ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើកស្ទួយ​សិទ្ធិមនុស្ស ដើម្បី​ធានា​សង្គម​មួយ​ដែល​មាន​និរន្តរភាព​លើ​ការ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស