29 C
Phnom Penh

អង្គការ​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ចិន​រុករក​រ៉ែ​មាស​ពី​តំបន់​ព្រៃឡង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​អន្តរជាតិ​ឈ្មោះ Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ឈ្មោះ Late Cheng Mining Development Co., Ltd ដែល​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​នា​ពេល​អនាគត បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​មិន​ត្រឹមតែ​ជីក​យក​រ៉ែ​មាស និង​រ៉ែ​ថ្ម​កំបោរ​ទេ ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​កាប់​ឈើ​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត ដែល​សកម្មភាព​ទាំងនេះ​កំពុង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់​នោះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ Bruno Manser Fonds ដែល​ធ្វើការ​ខាង​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន ចុះ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Late Cheng Mining Development កំពុងតែ​អភិវឌ្ឍ​អណ្ដូងរ៉ែ​មាស​ខ្នាត​ធំ​ចំនួន​ពីរ នៅ​ក្នុង​ភូមិ​ស្នងអន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ហើយ​ដែល​ការ​អភិវឌ្ឍ​ទាំងនេះ​បាន​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ទៅ​លើ​បរិស្ថាន​ជីវចម្រុះ ជាពិសេស​ព្រៃឈើ​បៃតង​នៃ​អាស៊ី។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា ការ​អភិវឌ្ឍ​ថ្មីៗ​ទាំងនេះ​បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​គម្រោង​ទាំងនេះ។

ដែន​ជម្រក​សត្វ​ព្រៃឡង់​មាន​ទំហំ ៤០​ម៉ឺន​ហិកតារ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៦ ដើម្បី​ការពារ​បេះដូង​របស់​ព្រៃឡង់ ហើយ​គម្រោង​នៃ​ការ​រុករក​រ៉ែ​មាស​ទាំងនេះ ប្រាកដ​ណាស់​មិន​ស្រប​នឹង​ការ​ការពារ​នៃ​តំបន់​នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ការ​គំរាមកំហែង​ទាំងនេះ​រួម​គ្នា​ធ្វើ​ឱ្យ​បាត់បង់​ដី​រាប់​ពាន់​ហិកតារ ព្រៃឈើ និង​ជីវចម្រុះ​ដែល​មិន​អាច​ទាយ​ទុក​ជា​មុន​បាន។

ឥទ្ធិពល​ដ៏​កាច​សាហាវ​នៃ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ ស៊ីយ៉ាន (Cyanide) ដែល​ក្រុមហ៊ុន​ចិន​ទាំងនោះ​បាន​ប្រើ​ក្នុង​ការ​រុករក​រ៉ែ​នៅ​តំបន់​ព្រៃឡង់ ដែល​បណ្តាល​មក​ពី​ការ​កំពប់ ឬ​ការ​លេច​ធ្លាយ​នៅ​លើ​ដី ឬ​ក្រោម​ទឹក ជាដើម កំពុង​បង្ក​ហានិភ័យ​ដល់​បរិស្ថាន មនុស្ស និង​សត្វ​នៅ​តំបន់​នោះ​គួរ​ឱ្យ​បារម្ភ​ជាទីបំផុត។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា អង្គការ Bruno Manser Fonds ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ ហើយ​ហាមឃាត់​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​នា​ពេល​អនាគត ហើយ​ថា​ការ​ជីក​យក​រ៉ែ​មាស ការ​កាប់​ឈើ​ខុស​ច្បាប់ ការ​ជីក​យក​រ៉ែ​ថ្ម​កំបោរ ការ​អភិវឌ្ឍ​ខ្សែ​បញ្ជូន និង​ការ​បរបាញ់ ក៏​បង្ក​ការ​គំរាមកំហែង​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​ក្នុង​តំបន់។

នៅ​ក្នុង​របាយការណ៍​ស៊ើបអង្កេត​អន្តរជាតិ​ដដែល បាន​ចងក្រង​ជាង ៨០​ទំព័រ លាតត្រដាង​អំពី​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដែល​ក្រុមហ៊ុន Late Cheng Mining Development កំពុងតែ​អភិវឌ្ឍ​លើ​អណ្ដូងរ៉ែ​មាស​ខ្នាត​ធំ​ចំនួន​ពីរ នៅ​ក្នុង​ភូមិ​ស្នងអន ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចិន​មួយ​នេះ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​សព្វថ្ងៃ​នេះ។

យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Late Cheng Mining Development ជា​គម្រោង​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ក្នុង​ទុន​វិនិយោគ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង។ ក្រុមហ៊ុន​នេះ​មាន​សិទ្ធិ​រុករក​លើ​ផ្ទៃដី​ជាង ១០០​គីឡូម៉ែត្រ​ក្រឡា (១៥១​គីឡូម៉ែត្រ​ក្រឡា) ដើម្បី​ធ្វើ​សកម្មភាព​រុករក​រ៉ែ​រយៈពេល ១៥​ឆ្នាំ​នៅ​ក្នុង​តំបន់​ព្រៃឡង់​នេះ។

កាលពី​អំឡុង​ឆ្នាំ​២០២០ ក្រសួង​រ៉ែ និង​ថាមពល​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មាន​ក្រុមហ៊ុន​ចំនួន ៣ ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​ទង់ដែង និង​រ៉ែ​មាស​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន Continental Copper (Cambodia) Co., Ltd ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd និង​ក្រុមហ៊ុន Late Cheng Mining Development Co., Ltd។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ដែរ​ថា ក្រុមហ៊ុន Continental Copper មាន​សិទ្ធិ​រុករក​រ៉ែ​លើ​ផ្ទៃដី​ទំហំ ២០០​គីឡូម៉ែត្រ​ក្រឡា​ក្នុង​ខេត្ត​សៀមរាប ដែល​ស្ថិត​ក្នុង​ឃុំ​តាសៀម ស្រុក​ស្វាយលើ និង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ចំណែក​ក្រុមហ៊ុន Renaissance Minerals មាន​សិទ្ធិ​រុករក​រ៉ែ​លើ​ទំហំ​ផ្ទៃដី​ជិត ៤០០​គីឡូម៉ែត្រ​ក្រឡា (៣៩១​គីឡូម៉ែត្រ​ក្រឡា) ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុមហ៊ុន​បរទេស​ដូចជា ចិន កូរ៉េ ជប៉ុន ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​កំពង់ធំ មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ ហើយ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ តែង​រាយការណ៍​ពី​សកម្មភាព​របស់​អាជីវកម្ម​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​មក​កាន់​អភិបាល​ខេត្ត។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ខ្វល់​ពី​រឿង​ផល​ប៉ះពាល់​លើ​បរិស្ថាន ឬ​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​នោះ​ទេ សំខាន់​ឱ្យ​តែ​ក្រុមហ៊ុន​ទាំងនោះ​អាច​ផ្តល់​លុយ​តាម​តម្រូវការ​របស់​ខ្លួន​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​ចិន​ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ​មាស​ទាំងនោះ ក៏​មិន​ខ្វល់​ដូច​រដ្ឋាភិបាល​កម្ពុជា​ដែរ ឱ្យ​តែ​ពួកគេ​អាច​ទទួល​បាន​ផល​ចំណេញ​ពី​អាជីវកម្ម​នេះ ដូច្នេះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពិតប្រាកដ គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ប្រទេស​ណា​ក៏​គេ​ធ្វើ​ដែរ ប៉ុន្តែ​មិន​មែន​ដូច​រដ្ឋាភិបាល​កម្ពុជា​ដែល​គិតតែ​ពី​លុយ​ដែល​ខ្លួន​ទទួល​បាន​តាមរយៈ​នៃ​ការ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ គឺ​ពួកគេ​គិតគូរ​ពី​ផល​ប៉ះពាល់ រួម​ទាំង​វិធានការ​ទប់ស្កាត់ ក្រោម​លក្ខខណ្ឌ​ដែល​មាន​តម្លាភាព​រួច​ជា​ស្រេច ដូច្នេះ​ហើយ​បាន​ជា​រាល់​ការ​វិនិយោគ​របស់​បណ្តា​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ តែងតែ​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ប្រជាជន​របស់​ពួកគេ​គ្រប់​គម្រោង​វិនិយោគ​ទាំងអស់។

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ ៥០​ម៉ឺន​ហិកតារ គ្របដណ្ដប់​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង ដែល​ជា​ព្រៃ​ធំ​ជាងគេ​នៅ​កម្ពុជា និង​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ​២០១៦ ក្នុង​នោះ ក្រសួង​រ៉ែ និង​ថាមពល ក៏​ធ្លាប់​ចេញ​លិខិត​ដាក់​ផ្ទៃដី​ជាង ១​ម៉ឺន​ហិកតារ (១៥១០០​ហិកតារ) ដែល​ភាគច្រើន​ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២០ កន្លង​ទៅ​ផង​ដែរ សម្រាប់​ទទួល​ក្រុមហ៊ុន​ណា​ដែល​មាន​បំណង​ទៅ​វិនិយោគ​លើ​ការ​រុករក​រ៉ែ​នៅ​លើ​ទឹកដី​កម្ពុជា។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក អ៊ឹង ឌីប៉ូឡា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស