27.6 C
Phnom Penh

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក៖ នីតិរដ្ឋ​នៅ​កម្ពុជា​អន់​ជាងគេ​នៅ​លើ​ពិភពលោក​បន្ទាប់ពី​វេណេហ្ស៊ុយអេឡា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ចេញ​របាយការណ៍​ថ្មី​មួយ​ដាក់​ចំណាត់ថ្នាក់​នីតិរដ្ឋ​នៅ​កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ដែល​ចំណាត់ថ្នាក់​នេះ​កាន់តែ​អាក្រក់​ទៅ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២។

យោង​តាម​សន្ទស្សន៍​នីតិរដ្ឋ​ឆ្នាំ​២០២៣ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា នេះ បាន​ចំណាត់ថ្នាក់​ការ​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា​ទាប​ជាងគេ​នៅ​លើ​ពិភពលោក ដោយ​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៤២ នៅ​លើ​ពិភពលោក ខណៈ​ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៣៦ ក្នុង​ចំណោម ១៤០​ប្រទេស។

មូលហេតុ​ចម្បង​ដែល​ទាញ​កម្ពុជា​ឲ្យ​ជាប់​ចំណាត់ថ្នាក់​បាត​តារាង​ខាង​ការ​គោរព​នីតិរដ្ឋ​នេះ គឺ​ដោយសារ​មាន​ការ​វាយតម្លៃ​ទៅ​លើ​ការ​កម្រិត​នៃ​អំណាច​រដ្ឋ អំពើពុករលួយ សិទ្ធិមនុស្ស ការ​អនុវត្ត​ច្បាប់ ប្រព័ន្ធ​តុលាការ សណ្ដាប់ធ្នាប់ និង​សន្តិសុខ និង​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល ជាដើម។

ចំណែក​ប្រទេស​វៀតណាម វិញ ទទួល​បាន​ចំណាត់ថ្នាក់​៨៧ និង​ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​៨២ ខណៈ​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​អន់​ជាងគេ​បំផុត​ខាង​ការ​គោរព​នីតិរដ្ឋ​លើ​ពិភពលោក គឺ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ស្ថិត​នៅ​បាត​តារាង​ក្រោម​ប្រទេស​កម្ពុជា។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក បញ្ជាក់​ថា ការ​គោរព​នីតិរដ្ឋ​នៅ​ឆ្នាំ​២០២៣ នេះ បាន​ធ្លាក់​ចុះ​ដែល​មាន​ប្រទេស​ប្រមាណ ៦០% ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ដោយសារតែ​និន្នាការ​នៃ​របប​ផ្ដាច់ការ ធ្វើ​ឲ្យ​នីតិរដ្ឋ​នៅ​លើ​ពិភពលោក​ធ្លាក់​ចុះ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

កត្តា​ទាំងនេះ​បណ្ដាល​មកពី​អំណាច​នីតិប្បញ្ញតិ ប្រព័ន្ធ​យុត្តិធម៌ និង​សង្គម​ស៊ីវិល រួម​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក មិន​បាន​ដើរ​តួនាទី​ក្នុង​ការ​ត្រួតពិនិត្យ​អំណាច​ប្រតិបត្តិ​នោះ​ទេ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ថា ប្រទេស​មាន​ចំណាត់ថ្នាក់​ទាប​ជាងគេ​ខាង​នីតិរដ្ឋ​ក្នុង​ពិភពលោក ក្នុង​នោះ​ប្រទេស​វេណេហ្ស៊ុយអេឡា ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​កម្ពុជា​ជាប់​លេខ​២។ ចំណែក​ប្រទេស​អាហ្វហ្គានីស្ថាន ជាប់​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ហៃទី​ជាប់​លេខ​៤ និង​កុងហ្គោ ជាប់​លេខ​៥។

លោក​ថា មូលហេតុ​ចម្បង​ទាញ​កម្ពុជា​ឲ្យ​ជាប់​ចំណាត់ថ្នាក់​បាត​តារា​បែប​នេះ ដោយសារតែ​តុលាការ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​គ្រួសារ​ត្រកូល​ហ៊ុន និង​ជា​តុលាការ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ បក្ខពួក​និយម ជាដើម។

យោង​តាម​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ ថា​ប្រទេស​ដែល​មាន​ការ​គោរព​នីតិរដ្ឋ​ល្អ​ជាងគេ​បំផុត គឺ​ដាណឺម៉ាក បន្ទាប់​មក​ទៀត គឺ​ប្រទេស​ន័រវែស ហ្វាំងឡង់ និង​អាល្លឺម៉ង់។

ជុំវិញ​រឿង​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នៅ​ខែ​តុលា នេះ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយសារតែ​ការ​ឡើង​កាន់​អំណាច​ត​ពូជ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ និង​ច្បាប់​អន្តរជាតិ ខណៈ​អង្គការ​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ជម្រក​នៃ​ការ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស