32.5 C
Phnom Penh

កម្ពុជា​បន្ត​ជាប់​លេខ​អន់​បំផុត​ខាង​នីតិរដ្ឋ​ក្នុង​ចំណោម​ប្រទេស​សមាគម​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១១ ហើយ​ស្ថិត​លំដាប់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៥។

ពិន្ទុ​ស្ដីពី​នីតិរដ្ឋ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​ពិភពលោក ល្អ​ជាង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​១៤២ ខណៈ​ប្រទេស​វេណេហ្ស៊ុយអេឡា ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​ស្ថិត​នៅ​លេខ​រៀង​ទី​១៤៣ នៅ​បាត​តារាង។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្តីអំពី​នីតិរដ្ឋ​ក្នុង​ប្រទេស​១៤៣ នៅ​លើ​ពិភពលោក​នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា រាជាណាចក្រ​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ចំណែក​ប្រទេស​ភូមា ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៨ ខណៈ​ប្រទេស​ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៩៧ និង​ប្រទេស​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨៣។ ចំណែក​ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៧៧ ខណៈ​ប្រទេស​ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៦៩ ចំណែក​ប្រទេស​ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៥៦។

ដោយឡែក​ប្រទេស​សិង្ហបុរី មាន​នីតិរដ្ឋ​ល្អ​ជាងគេ គឺ​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦ រីឯ​ប្រទេស​ឡាវ ប្រទេស​ទីម័រលេស និង​ប្រទេស​ប្រ៊ុយណេ ដារ៉ូសាឡឹម មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សេចក្តី​រាយការណ៍​នេះ​ទេ។

ការ​កំណត់​នីតិរដ្ឋ​ល្អ ឬ​អាក្រក់​ពី​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) គឺ​ផ្អែក​ទៅ​លើ​វិសាលភាព​នៃ​ការ​ប្រើ​អំណាច​ពី​មេដឹកនាំ​នៃ​ប្រទេស​នីមួយៗ ជុំវិញ​ការ​ធានា​នូវ​រដ្ឋធម្មនុញ្ញ ការ​អនុវត្ត​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ធានា​នូវ​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

លើស​ពី​នេះ​ទៀត ក៏​មាន​ការ​វាស់វែង​លើ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​បើកចំហ​សេរីភាព​ពី​រដ្ឋាភិបាល ការ​បើកចំហ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ការ​ធានា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កត្តា​មួយ​ចំនួន​ទៀត​ផង​ដែរ។

ចាប់តាំងពី​ឆ្នាំ​២០១៦ មក ប្រទេស​កម្ពុជា តែងតែ​រក្សា​តំណែង​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​ទន់ខ្សោយ​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពិភពលោក​រហូត​មក គ្រាន់តែ​ខុស​លេខ​រៀង​ទៅ​តាម​ចំនួន​ប្រទេស​ដែល​គម្រោង​យុត្តិធម៌​ពិភពលោក​បាន​កំណត់​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​តាម​ឆ្នាំ​នីមួយៗ​ប៉ុណ្ណោះ។

ឧទាហរណ៍​ជាក់ស្តែង ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១១២ ចំនួន ៣​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ចំណោម​ប្រទេស​ទាំង​១១៣។ ឆ្នាំ​២០១៩ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៥ ក្នុង​ចំណោម​ប្រទេស​១២៦។ ឆ្នាំ​២០២០ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​១២៨។

បន្ថែម​លើ​នេះ​ទៀត ឆ្នាំ​២០២១ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩។ ឆ្នាំ​២០២២ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៣៩ ក្នុង​ចំណោម​ប្រទេស​១៤០ ហើយ​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ចំនួន ២​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ចំណោម​ប្រទេស​១៤២។

សេចក្តី​រាយការណ៍​នេះ​ធ្វើឡើង​ក្រោយ​គេ​រក​ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ធានា​នូវ​នីតិរដ្ឋ​ក្នុង​ប្រទេស​នេះ​បាន។ ជាមួយ​គ្នា​នេះ គេ​មើល​ឃើញ​ថា​រាជរដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ កំពុង​អនុវត្ត​បញ្ច្រាស​ទិស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ខ្លួន​ទាំងស្រុង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស