38.3 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​អនុវត្ត​ការងារ​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​មេដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ខ្មែរ​ឱ្យ​បាន​ពេញលេញ ចៀសវាង​នូវ​ការ​រំលោភ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ពី​សំណាក់​អ្នក​មាន​អំណាច។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ពិត​មែន​តែ​ព្រះមហាក្សត្រ​គ្រងរាជ​សម្បត្តិ​ដោយ​មិន​កាន់​អំណាច ប៉ុន្តែ​ព្រះរាជ​សិទ្ធិ​របស់​ព្រះអង្គ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវតែ​ធានា​ឱ្យ​បាន​ដោយ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដើម្បី​ឱ្យ​ទ្រង់​អាច​បំពេញ​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ដោយ​ពេញ​ព្រះហឫទ័យ និង​គ្មាន​ការ​រង​សម្ពាធ​ពី​ស្ថាប័ន​ណា​មួយ ឬ​ពី​អ្នក​មាន​អំណាច​ណា​ម្នាក់។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​នាម​ព្រះមហាក្សត្រ​ខ្មែរ​ជា​និមិត្តរូប​នៃ​ការ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី មេដឹកនាំ​ស្ថាប័ន​ជាតិ​កំពូលៗ​ទាំង ៣ ដូចជា ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ គួរ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ព្រះអង្គ​អាច​មាន​ព្រះរាជ​សិទ្ធិ​ខ្ពង់ខ្ពស់ ក្នុង​ការ​សម្របសម្រួល​ជម្លោះ​រវាង​អ្នក​នយោបាយ ដើម្បី​កុំ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​បន្ត​ទៀត ព្រោះ​ថា​ជម្លោះ​អ្នក​នយោបាយ​កន្លង​មក​មិន​បាន​ទូល​សុំ​ការ​សម្របសម្រួល​ពី​ព្រះអង្គ​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ប្រទេស​កម្ពុជា​ជា​ព្រះរាជាណាចក្រ​ដែល​ព្រះមហាក្សត្រ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ជា​ព្រះ​ប្រមុខ​រដ្ឋ ព្រះអង្គ​គួរតែ​មាន​ព្រះរាជ​តួនាទី​ជា​ធំ​ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​អ្នក​នយោបាយ​ទាំងអស់ ដើម្បី​ធានា​នូវ​ការ​សាមគ្គី​ជាតិ ឯកភាព​ជាតិ ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា។

ពិធី​ខួប​លើក​ទី​១៩ ព្រះវស្សា​នៃ​ការ​ឡើង​គ្រងរាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​ពី​ក្រុមប្រឹក្សា​រាជសម្បត្តិ​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ឱ្យ​ព្រះអង្គ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ​បន្ត​ពី​ព្រះបិតា​ព្រះបាទ នរោត្តម សីហនុ កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​ខួប​លើក​ទី​១៩​ឆ្នាំ​នៃ​ការ​យាង​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៩ តុលា ថា លោក​សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះអង្គ ដើម្បី​គង់​ប្រថាប់​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដល់​ប្រជានុរាស្ត្រ ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ជ្រកកោន​ត្រជាក់ត្រជំ សុខដុមរមនា​ត​រៀង​ទៅ។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​គ្រងរាជ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ ហើយ​ព្រះអង្គ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ចំណែក​មាត្រា​៨ ចែង​ថា ព្រះអង្គ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នានា​ផង​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់​គ្នា​មិន​ត្រូវ​ទិតៀន​ប្រមាថ​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​ត្រូវ​ជួយ​ទាមទារ​មធ្យោបាយ​ផ្សេងៗ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​បំពេញ​ព្រះរាជកិច្ច​ជូន​ជាតិ​ឲ្យ​បាន​ពេញលេញ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​វិញ នោះ​ទើប​ជា​ការ​ប្រសើរ។

អ្នកវិភាគ​រូប​នេះ​ព្រមាន​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ ឬ​បង្ខំ​ឱ្យ​ព្រះអង្គ​ធ្វើ​អ្វីៗ​តាម​អំណាច​របស់​ខ្លួន​នោះ មិន​ត្រឹមតែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ទង្វើ​របស់​អ្នក​ទាំងនោះ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពួកគេ​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

បើ​ទោះបីជា​មេដឹកនាំ​បក្ស​កាន់​អំណាច​សម្ដែង​ការ​គោរព​ដល់​ព្រះមហាក្សត្រ​ក្នុង​ថ្ងៃ​ខួប​នេះ​ក៏ដោយ ក៏​នៅតែ​មាន​ការ​រិះគន់​ពី​ទង្វើ​របស់​លោក ហ៊ុន សែន កន្លង​មក​ដែល​តែង​រំលោភ​លើ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ជា​ញឹកញាប់ ដោយ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​បាន​កម្រិត​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ឱ្យ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អំណាច​របស់​ខ្លួន​រហូត​មក។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ព្រះមហាក្សត្រ​ខ្មែរ​ពិត​មែន​តែ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ច្បាប់​កំពូល​នេះ​ត្រូវ​បាន​រំលោភ​ជា​ញឹកញាប់​ដោយ​មេ​បក្ស​កាន់​អំណាច ដែល​លើក​បន្តុប​ដោយ​វៀតណាម រហូត​ឈ្លានពាន​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ថែម​ទៀត ក្នុង​នោះ លោក ហ៊ុន សែន តែង​បង្ខំ​ឱ្យ​ព្រះអង្គ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ដំឡើង​ឋានៈ​ដល់​បក្ខពួក​ខ្លួនឯង និង​បង្ខំ​ឱ្យ​ទ្រង់​ឡាយ​ព្រះហស្តលេខា​លើ​ច្បាប់​ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​អំណាច​ខ្លួនឯង​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ផង​ដែរ ប្រសិនបើ​សម្ដេច​ព្រះ​បរមនាថ សីហមុនី មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម ដើម្បី​ឱ្យ​បក្ស​កាន់​អំណាច​អាច​ចុះ​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់​នានា​ជាមួយ​រដ្ឋាភិបាល​វៀតណាម បន្ត​ទៀត​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស