28 C
Phnom Penh

ព្រះមហាក្សត្រ​ខ្មែរ​ទទួល​ការ​វះកាត់​ព្រះរោគ​ក្រពេញ​ប្រូស្តាត​បាន​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ប៉េកាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទទួល​ការវះកាត់​ព្រះរោគ​ក្រពេញ​ប្រូស្តាត​បាន​ដោយ​ជោគជ័យ​ពី​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា ក្រោយ​ចេញពី​បន្ទប់​វះកាត់ ព្រះអង្គ​បាន​ដឹង​ព្រះកាយ​វិញ​ហើយ បន្ទាប់ពី​អស់​សារធាតុ​ថ្នាំ​សណ្ដំ ខណៈ​គ្រូពេទ្យ​កំពុង​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​នូវ​ការ​វិវត្ត​ប្រែប្រួល​ក្រោយ​ការវះកាត់​នេះ។

លោក ហ៊ុន សែន អះអាង​ថា ពេលនេះ​កូនប្រុស​ទាំង​ពីរ​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី រួម​ទាំង​រូបលោក​ផ្ទាល់ កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​មាន​គោលដៅ​តែ​មួយ​គត់ គឺ​កំដរ​ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្នុង​ពេលនេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ គឺជា​សុខភាព​របស់​ប្រទេស​ជាតិ​ទាំងមូល ប៉ុន្តែ​ក្នុង​ករណី​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​ល្អ​ប្រសើរ លោក​នឹង​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៦។

កាលពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ព្រះមហាក្សត្រ​ខ្មែរ និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦ ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះរាជសារ​ថា ព្រះអង្គ​មាន​ព្រះរោគ​មហារីក​នៅ​ក្រពេញ​ប្រូស្តាត​ដែល​ត្រូវ​បាន​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដូច្នេះ​ព្រះអង្គ​ត្រូវ​បន្ត​គង់​ប្រថាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ចិន រយៈពេល​ពី ១​ខែ​ទៅ ២​ខែ​ទៀត។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ព្រះបរមរាជវាំង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ចាកចេញ​ពី​បន្ទប់​វះកាត់​រួច​ហើយ​នៅ​ថ្ងៃទី​២០ ខែ​មេសា នេះ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​គង់​ប្រថាប់​មួយ​រយៈពេល​ទៀត ដើម្បី​ពិនិត្យ តាមដាន និង​ថែទាំ​ព្រះរាជ​សុខភាព​បន្ត​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ប៉េកាំង នោះ។

ព្រះករុណា សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រសូត​នៅ​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​១៩៥៣ ហើយ​បើ​គិត​មក​ទល់​នឹង​ពេលនេះ ទ្រង់​មាន​ព្រះជន្ម ៧៣​ព្រះវស្សា​ហើយ។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សា​រាជសម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆន្ទ​ឱ្យ​ឡើង​សោយរាជ្យ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ព្រះជន្ម ៥៣​ព្រះវស្សា កាលពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។ រហូត​ដល់​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ផ្លូវការ​បន្ត​ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបាទ នរោត្តម សីហនុ ដែល​ជា​ព្រះបិតា។

មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​គ្រងរាជ្យ​សម្បត្តិ តែ​មិន​កាន់​អំណាច​ទេ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ។

ចំណែក​មាត្រា​៨ ចែង​ថា ព្រះអង្គ​គឺជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នានា​ផង​ដែរ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស