30 C
Phnom Penh

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​ចោទ​បុគ្គល​ពីរ​នាក់​ជា​ឈ្មួញ​កណ្ដាល​ញុះញង់​ឱ្យ​អតិថិជន​ផ្ទុះ​ការ​តវ៉ា​មក​លើ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរី​ពិភព​ថ្មី​របស់​អ្នកឧកញ៉ា ហុង ពីវ ចោទ​ថា ការ​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​អតិថិជន​មក​លើ​បុរី​ពិភព​ថ្មី​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ការ​ញុះញង់​របស់​ឈ្មួញ​កណ្តាល​ពីរ​នាក់ គឺ​អគ្គនាយក​ក្រុមហ៊ុន K.B Real Estate លោក ឆាយ យាន និង​លោក ហេង តារា ដែល​បាន​ទិញ​ផ្ទះ​ចំនួន ២៤៥​ខ្នង​ផ្ទះ​ពី​បុរី​ពិភព​ថ្មី​យក​ទៅ​លក់​បន្ត ប៉ុន្តែ​លក់​មិន​ចេញ ទើប​ពួកគេ​ញុះញង់​ឱ្យ​មាន​ការ​តវ៉ា។

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី អះអាង​ថា ឈ្មួញ​កណ្តាល​ទាំង​ពីរ​នាក់​ខាងលើ​បាន​ទិញ​ផ្ទះ​ពី​បុរី​ពិភព​ថ្មី ដើម្បី​យក​ទៅ​លក់​បន្ត​បាន​ចំណេញ​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​លោក ហេង តារា មាន​ផ្ទះ​ចំនួន ៣៩​ផ្ទះ និង​បច្ចុប្បន្ន​កំពុង​បង់​រំលស់ ៣​ផ្ទះ​ទៀត ចំណែក​លោក ឆាយ យាន មាន​ឋានៈ​ជា​រដ្ឋលេខាធិការ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី មាន​ផ្ទះ​ចំនួន ២០៣​ផ្ទះ និង​កំពុង​បង់​រំលស់ ១០​ផ្ទះ​ទៀត​ផង​ដែរ។

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយពី​ផ្ទុះ​ការ​តវ៉ា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២ វិច្ឆិកា នេះ​ថា ទោះបីជា​សព្វថ្ងៃ​នេះ​មាន​បញ្ហា​សេដ្ឋកិច្ច​ជា​សកល ក្រុមហ៊ុន​មិន​ត្រឹមតែ​អនុវត្ត​តាម​កិច្ចសន្យា​ដោយ​ឥត​កែប្រែ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បន្ថែម​លក្ខខណ្ឌ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អតិថិជន​ថែម​ទៀត។

ក្រុមហ៊ុន​ខាងលើ​បញ្ជាក់​ថា លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ដល់​អតិថិជន​ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ​នោះ គឺ​ទី​១ ជា​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ ទី​២ ជា​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​គ្មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ និង​ទី​៣ ជា​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​គ្មាន​លក្ខខណ្ឌ​ទទួល​ទិញ​វិញ​សម្រាប់​អតិថិជន​មាន ២​ផ្ទះ។

ក្រុមហ៊ុន​បុរី​ពិភព​ថ្មី គូស​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​អតិថិជន​បាន​ជ្រើសរើស​ជម្រើស​ទី​៣ ខាងលើ​ហើយ ក្រុមហ៊ុន​នឹង​មិន​ទទួល​ទិញ​ផ្ទះ​វិញ​ដាច់ខាត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​អតិថិជន​របស់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​បាន​រឹបអូស​ផ្ទះ​របស់​ពួកគេ​នៅ​ពេល​ដែល​ខ្លួន​ពុំ​មាន​លទ្ធភាព​បង់​លុយ​ប្រចាំ​ខែ​នា​ពេល​កន្លង​មក។

កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៣ កន្លងទៅ អតិថិជន​ជាង ១០០​នាក់​ដែល​បាន​ទិញ​ផ្ទះ​បង់​រំលស់​ពី​បុរី​ពិភព​ថ្មី បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​នៅ​ខាងមុខ​ការិយាល័យ​បុរី​ពិភព​ថ្មី​ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ឲ្យ​អ្នកឧកញ៉ា ហុង ពីវ ដែល​ជា​ម្ចាស់​បុរី​ពិភព​ថ្មី​ដោះស្រាយ​ប្រាក់ ៥០% ដល់​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​ក្រុមហ៊ុន​រឹបអូស និង​ទទួល​ទិញ​ផ្ទះ​យក​វិញ​សម្រាប់​អ្នក​ដែល​អស់​លទ្ធផល​បង់​រំលស់។

អតិថិជន​បុរី​ពិភព​ថ្មី​ទាំង​ជាង ១០០​នាក់​នោះ​ទាមទារ​ឲ្យ​ម្ចាស់​បុរី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំនួន ៤​ចំណុច ក្នុង​នោះ ម្ចាស់​បុរី​ត្រូវ​ដោះស្រាយ​ប្រាក់ ៥០% ជូន​ម្ចាស់​ផ្ទះ​ដែល​ក្រុមហ៊ុន​រឹបអូស ម្ចាស់​បុរី​ត្រូវ​ទិញ​ផ្ទះ​យក​វិញ ៥០% សម្រាប់​អ្នក​ដែល​អស់​លទ្ធភាព​បង់​រំលស់ និង​ត្រូវ​ចេញ​លិខិត​ធានា​ចំពោះ​ការ​ទិញ​ចូល ៥០% សម្រាប់​អតិថិជន​ដែល​បង់​រំលស់​ផង​ដែរ។

ក្រុម​អ្នក​តវ៉ា​ទាំងនោះ​អះអាង​ថា ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​សម្របសម្រួល​ដោះស្រាយ​ជូន​ជនរងគ្រោះ​ទាំងអស់​គ្នា ព្រោះ​ថា​កន្លងមក ម្ចាស់​បុរី​បាន​គេចវេះ​មិន​ទទួល​ខុសត្រូវ និង​បាន​រំលោភ​គោលការណ៍​របស់​ខ្លួន​ដែល​សន្យា​ជាមួយ​អតិថិជន​នៅ​ពេល​ទិញ​ផ្ទះ​កាលពី​ដំបូង ដែល​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ។

ក្រុម​អតិថិជន​ខាងលើ​អះអាង​ថា ពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​បង់​រំលស់​ផ្ទះ​បន្ត​នៅ​សាខា​បុរី​ពិភព​ថ្មី​កប់ស្រូវ ប្រមាណ ៥០០​នាក់ ខណៈ​អ្នក​ខ្លះ​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស​ដោយសារ​ក្រុមហ៊ុន​មិន​បាន​ទទួល​ទិញ​ផ្ទះ​យក​វិញ​ក្នុង​តម្លៃ ៥០% នៃ​តម្លៃ​ដែល​អតិថិជន​ដែល​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ឡើយ។

ទាក់ទិន​នឹង​ករណី​នេះ កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ តំណាង​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំបូល បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ដែល​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុមហ៊ុន​នេះ​ទទួល​ទិញ​ផ្ទះ​ត្រឡប់​វិញ​ក្នុង​តម្លៃ ៥០​ភាគរយ ក្នុង​ករណី​ប្រជាពលរដ្ឋ​គ្មាន​លទ្ធភាព​បង់​ប្រាក់​បន្ត​ជូន​ក្រុមហ៊ុន ឱ្យ​ស្រប​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​អនុវត្ត​ជាមួយ​អតិថិជន​នា​ពេល​កន្លងមក។

តំណាង​ប្រជាពលរដ្ឋ​ខាងលើ​បញ្ជាក់​ថា មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​មិន​មាន​លទ្ធភាព​បង់​ប្រាក់​រំលស់​ផ្ទះ​ជូន​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​កំបូល​តាម​កាល​កំណត់​របស់​ក្រុមហ៊ុន ព្រោះ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​រក​ប្រាក់​ចំណូល​មិន​បាន ហើយ​ក៏​បង្ខំ​ចិត្ត​លក់​ផ្ទះ​ជូន​ក្រុមហ៊ុន​វិញ ដែល​អ្នក​ខ្លះ​បាន​បង់​រំលស់​ចាប់ពី ៣ ទៅ ៥​ឆ្នាំ​មក​ហើយ​នោះ ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​កំបូល មិន​ទទួល​ទិញ​យក​ផ្ទះ​បង់​រំលស់​នោះ​វិញ​ទេ នៅ​ពេល​ប្រជាពលរដ្ឋ​មិន​មាន​ប្រាក់​បង់​ជូន​ក្រុមហ៊ុន​បន្ត​ទៀត គឺ​ខាង​ក្រុមហ៊ុន​បាន​មក​បិទ​សេចក្តី​ជូនដំណឹង​រឹបអូស​យក​ផ្ទះ និង​យក​សោ​ចាក់​ទ្វារ​ផ្ទះ​មិន​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តែម្តង។

អំឡុង​ពេល​នៃ​ការ​តវ៉ា​នោះ លោក ហេង តារា ដែល​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​បាន​ចោទ​ថា​ជា​ឈ្មួញ​កណ្តាល​នៅ​ពេលនេះ ធ្លាប់​បាន​អះអាង​ថា គាត់​បាន​ទិញ​ផ្ទះ​បង់​រំលស់​នៅ​បុរី​ពិភព​ថ្មី​នេះ ៥​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែ​ពេលនេះ​គាត់​ខ្វះ​លទ្ធភាព​មិន​មាន​លុយ​បង់​រំលស់​ជូន​ក្រុមហ៊ុន​បន្ត​ទៀត​ទេ ហើយ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើសុំ​លក់​ផ្ទះ​ឱ្យ​ក្រុមហ៊ុន​វិញ ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​បុរី​ពិភព​ថ្មី​មិន​ព្រម​ទទួល​ទិញ​យក​វិញ​ឡើយ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ឆាយ យាន និង​លោក ហេង តារា សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស