អ្នកទិញផ្ទះបង់រំលស់បុរីពិភពថ្មី នាំគ្នាតវ៉ាទាមទារឲ្យអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ដោះស្រាយប្រាក់ ៥០% ដល់ម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស និងទទួលទិញផ្ទះយកវិញសម្រាប់អ្នកដែលអស់លទ្ធផលបង់រំលស់។
អតិថិជនបុរីពិភពថ្មីជាង ១០០នាក់ នៅថ្ងៃទី២៧ ខែតុលា នេះ បានប្រមូលផ្ដុំគ្នាតវ៉ាដោយលើករូបថតឧកញ៉ា ហុង ពីវ និងគ្រួសារ អមជាមួយនឹងបដាទាមទារឲ្យម្ចាស់បុរីដោះស្រាយបញ្ហាប្រឈមចំនួន ៤ចំណុច នៅមុខការិយាល័យបុរីពិភពថ្មី ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណុចទាំង ៤ ដែលអ្នកទិញផ្ទះទាមទារ ក្នុងនោះម្ចាស់បុរី ត្រូវដោះស្រាយប្រាក់ ៥០% ជូនម្ចាស់ផ្ទះដែលក្រុមហ៊ុនរឹបអូស ម្ចាស់បុរីត្រូវទិញផ្ទះយកវិញ ៥០% សម្រាប់អ្នកដែលអស់លទ្ធភាពបង់រំលស់ និងត្រូវចេញលិខិតធានាចំពោះការទិញចូល ៥០% សម្រាប់អតិថិជនដែលបង់រំលស់។
អ្នកទិញផ្ទះបុរីពិភពថ្មី អះអាងថា ប្រសិនបើពួកគាត់មិននាំគ្នាតវ៉ាទេ ពួកគាត់នឹងបាត់បង់ជម្រក ហើយជំពាក់ធនាគារថែមទៀត ខណៈម្ចាស់បុរីនៅតែមិនព្រមដោះស្រាយឲ្យពួកគាត់។ ពួកគេថា អភិបាលរងខណ្ឌបានហៅតំណាង ៥នាក់ទៅដោះស្រាយ ប៉ុន្តែដំណោះស្រាយនេះ គឺសម្រាប់តែតំណាង ៥នាក់ប៉ុណ្ណោះ។
ក្រុមអតិថិជនអះអាងថា ពួកគេចង់ឲ្យអាជ្ញាធរសម្របសម្រួលដោះស្រាយជូនជនរងគ្រោះទាំងអស់គ្នា មិនមែនដោះស្រាយសម្រាប់តែពួកគាត់ ៥នាក់នោះទេ។
ពួកគេថា ប្រសិនបើក្រុមហ៊ុននៅតែមិនព្រមដោះស្រាយឲ្យទេ ពួកគេនឹងនាំគ្នាតវ៉ាឈានទៅដល់ការហែក្បួនទៅកាន់ផ្ទះលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
បុរសម្នាក់ដៃកាន់មីក្រូ និយាយនៅខាងមុខការិយាល័យបុរីពិភពថ្មីថា ម្ចាស់បុរីបានគេចវេះមិនទទួលខុសត្រូវ និងបានរំលោភគោលការណ៍របស់ខ្លួនដែលសន្យាជាមួយអតិថិជននៅពេលទិញផ្ទះកាលពីដំបូង។ លោកចាត់ទុកករណីនេះថាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។
ក្រុមអតិថិជនបុរីពិភពថ្មី អះអាងថា ពលរដ្ឋដែលមិនមានលទ្ធភាពបង់រំលស់ផ្ទះបន្តនៅសាខាបុរីពិភពថ្មីកួរស្រូវ មានប្រមាណ ៥០០នាក់ ខណៈអ្នកខ្លះត្រូវបានក្រុមហ៊ុនរឹបអូសដោយសារក្រុមហ៊ុនមិនបានទទួលទិញផ្ទះយកវិញក្នុងតម្លៃ ៥០% នៃតម្លៃដែលអតិថិជនដែលបានបង់ទៅឲ្យក្រុមហ៊ុន។
កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ អ្នកទិញផ្ទះនៅបុរីពិភពថ្មីធ្លាប់ផ្ទុះការតវ៉ាម្ដងរួចមកហើយ ប៉ុន្តែពេលនោះ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានអន្តរាគមន៍ដោយបញ្ជាទៅម្ចាស់បុរីប្រគល់ផ្ទះទៅឲ្យពលរដ្ឋវិញ៕