តុលាការខេត្តបន្ទាយមានជ័យ កាត់ទោសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទ «ញុះញង់» បន្ទាប់ពីរូបគេរិះគន់ជនជាតិវៀតណាម ដែលរស់នៅក្នុងទឹកដីខ្មែរទាំងលើគោក និងលើដងទន្លេសាបនាពេលកន្លងមក។
លោក កង សារ៉ន ដែលមានម្តាយជរាអាយុ ១០២ឆ្នាំ និងកូនស្រីពិការគថ្លង់ម្នាក់ បានបង្ហោះវីដេអូលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីរូបលោករិះគន់ជនជាតិវៀតណាម ដែលចូលមករស់នៅលើទឹកដីខ្មែរដោយខុសច្បាប់ ជាពិសេសនៅតាមដងទន្លេសាបកន្លងមក ស្រាប់តែមានពាក្យបណ្ដឹងប្តឹងរូបលោកតែម្តង ក្នុងនោះ តុលាការក៏បានចោទប្រកាន់រូបលោកថាបានបង្កការញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងកាត់ទោសឱ្យរូបលោកជាប់ពន្ធនាគារដល់ទៅ ៣ឆ្នាំផងដែរ។
លោក កង សារ៉ន លើកឡើងថា កាលពីថ្ងៃទី២២ វិច្ឆិកា សមត្ថកិច្ចបាននាំគ្នាមកព័ទ្ធផ្ទះរបស់លោកក្នុងបំណងចាប់ខ្លួនលោកភ្លាមៗ ប៉ុន្តែពួកគេបានដកកម្លាំងត្រឡប់ទៅវិញដោយមិនដឹងពីមូលហេតុពិតប្រាកដ។
លោក កង សារ៉ន បានថ្វាយបង្គំលាម្តាយជរាត្រៀមខ្លួនចូលគុកតាមដីការបស់តុលាការ និងប្រាប់ឱ្យប្រពន្ធមើលថែម្តាយ និងកូនស្រីពិការគថ្លង់ នៅពេលដែលលោកត្រូវបានចាប់បញ្ជូនទៅពន្ធនាគារ។
លោក កង សារ៉ន ត្អូញត្អែរថា ក្រោមការគាបសង្កត់របស់អាជ្ញាធរកម្ពុជាលើសិទ្ធិសេរីភាពបញ្ចេញមតិបែបនេះ ក្រុមគ្រួសាររបស់លោករស់ពិបាកជាងស្លាប់ទៀត ដូច្នេះបើអាជ្ញាធរចាត់ទុកលោកដែលជាខ្មែររិះគន់រឿងយួនថាជារឿងខុសច្បាប់ ពួកគេមិនចាំបាច់ដាក់គុកលោកទេ គឺពួកគេគួរតែសម្លាប់លោកចោលតែម្តងទៅ ដើម្បីឱ្យឆាប់ចប់រឿង។
ម្តាយជរារបស់លោក កង សារ៉ន ដែលមានអាយុ ១០២ឆ្នាំ បាននិយាយក្នុងវីដេអូដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ វិច្ឆិកា នេះថា បើអាជ្ញាធរយកកូនគាត់ទៅដាក់គុកព្រោះតែនិយាយរឿងយួន ពួកគេគួរតែសម្លាប់ក្រុមគ្រួសារគាត់ទាំង ៤នាក់ចោលតែម្តងទៅ ព្រោះកូនរបស់គាត់ លោក កង សារ៉ន តែងតែខឹងនឹងជនជាតិយួនរហូតមក ដោយសារតែឪពុករបស់លោក កង សារ៉ន ត្រូវបានកងទ័ពវៀតណាមសម្លាប់។
ក្រុមគ្រួសារលោក កង សារ៉ន មានសមាជិក ៤នាក់ ដែលមានម្តាយជរាអាយុ ១០២ឆ្នាំ និងកូនស្រីពិការភាពគថ្លង់ អាយុ ១៩ឆ្នាំនៅក្នុងបន្ទុក ខណៈជីវភាពរស់នៅរបស់លោក គឺប្រកបរបរចិញ្ចឹមជីវិតដោយសារការដាក់មង ដាក់បង្កៃ ធ្វើនំលក់ និងដើរបេះស្លឹករុក្ខជាតិតាមជើងភ្នំធ្វើជាម្ហូបអាហារចិញ្ចឹមជីវិតប្រចាំថ្ងៃ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ វិច្ឆិកា នេះថា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសហាក់កំពុងរស់នៅក្រោមច្បាប់មួយដែលមិនអនុញ្ញាតឱ្យរិះគន់ជនជាតិវៀតណាមខុសច្បាប់ដែលកំពុងរស់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះទេ ហើយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក៏ហាក់កំពុងអនុវត្តច្បាប់ដែលត្រូវតែការពារជនជាតិវៀតណាមខុសច្បាប់ទាំងនោះដែរ។
លោក ម៉ែន ណាត លើកឡើងថា ប្រសិនបើរដ្ឋាភិបាលអនុវត្តច្បាប់អន្តោប្រវេសន៍បានត្រឹមត្រូវ ក៏គ្មានប្រជាពលរដ្ឋរិះគន់ពីរឿងវៀតណាមខុសច្បាប់ដែរ ប៉ុន្តែដោយសារតែរដ្ឋាភិបាលអនុវត្តច្បាប់ដោយធូររលុងចំពោះជនជាតិវៀតណាមបែបនេះហើយ ទើបប្រជាពលរដ្ឋដែលមានមនសិការជាតិរិះគន់បែបនេះ ហើយការរិះគន់នេះក៏មិនខុសដែរ ត្បិតជនជាតិវៀតណាមខុសច្បាប់ពិតជារស់នៅ និងចេញចូលទឹកដីខ្មែរអនាធិបតេយ្យមែន ក្រោមរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបលោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះនិគមជនវៀតណាមនៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះនៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះ ហើយកម្ពុជាក៏កំពុងតែអនុវត្តនូវការផ្តល់សិទ្ធិរស់នៅដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់លើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ផងដែរនៅពេលនេះ។
ទាក់ទិននឹងបញ្ហានេះ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នៅកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១ បានប្ដេជ្ញាក្នុងកិច្ចប្រជុំមួយនៅក្នុងស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញថា លោកនឹងសម្របសម្រួលឱ្យពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្លាយជាពលរដ្ឋរស់នៅកម្ពុជាដោយស្របច្បាប់វិញឱ្យខាងតែបាន។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ បានសុំឱ្យលោក ហ៊ុន សែន ជួយដល់ប្រជាពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈលោក ហ៊ុន សែន បានយល់ព្រមនឹងសំណើនេះទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែតុលា ឆ្នាំ២០២២ សកម្មជនសង្គមលោក ធែល ធីលែន ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់សព្វថ្ងៃនេះផងដែរ ដោយសារតែរូបគេចេញមុខជំទាស់ទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចំពោះការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនជាតិវៀតណាមនៅពេលនោះ ដែលគេមើលឃើញថា ការចាប់ខ្លួននេះ គឺផ្ទុយទៅនឹងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំយ៉ាងធ្ងន់ធ្ងរ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

