28.4 C
Phnom Penh

កាសែត​រស្មី​កម្ពុជា​ដែល​សរសេរ​គាំទ្រ​បក្ស​កាន់​អំណាច​រយៈពេល ៣០​ឆ្នាំ​ប្រកាស​បិទ​ទ្វារ​លែង​ដំណើរការ​ទាំងស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​រស្មី​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ និង​ចំណាស់​ជាងគេ​ដែល​សរសេរ​គាំទ្រ​គណបក្ស​កាន់​អំណាច​រយៈពេល ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រកាស​បិទ​ទ្វារ​លែង​ដំណើរការ​ទាំងស្រុង​ចាប់ពី​ថ្ងៃទី​០១ ខែ​ធ្នូ តទៅ ទាំង​គេហទំព័រ បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្សេងៗ ខណៈ​អ្នកកាសែត​ដែល​រង​នូវ​ការ​បាត់បង់​ការងារ ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ​ពិចារណា​ឲ្យ​ពួកគេ​ចូល​ក្របខ័ណ្ឌ​រដ្ឋ។

បុគ្គលិក​ចាស់​វស្សា​របស់​រស្មី​កម្ពុជា គឺ​លោក ប៉ែន ខុន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អរគុណ​សន្តិភាព ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​លោក​មាន​ការងារ​រហូត​ដល់ ៣៧​ឆ្នាំ ដោយ​ក្នុង​រយៈពេល ៣៧​ឆ្នាំ​នេះ ៧​ឆ្នាំ​លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​បក្ស និង​រដ្ឋ និង​រយៈពេល ៣០​ឆ្នាំ​នៅ​ក្នុង​អង្គភាព​មួយ​នេះ ដោយ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ថា​ភ្លៀង​ខ្យល់​ត្រជាក់ ឬ​ក្តៅ​យ៉ាងណា​ឡើយ។

ប្រភព​ដដែល​សរសេរ​ថា «លោក​បម្រើ​ការងារ​នៅ​ក្នុង​សម័យកាល​ប្រទេស​ជាតិ​មាន​សង្គ្រាម ចរចា ការពារ​បង្រួបបង្រួម​ដោយ​អនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ និង​ការ​អភិវឌ្ឍ​រហូត​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ ហើយ​លោក​ក៏​បាន​មក​ដល់​ថ្ងៃ​មួយ​ដែល​នឹកស្មាន​មិន​ដល់​ថា​កាសែត​ធំ​ជាងគេ មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ មាន​ប្រជាប្រិយ​ជាងគេ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ជា​កាសែត​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​អស់​ពេល​បី​ទសវត្សរ៍​មក​នេះ បែរ​ជា​ត្រូវ​ប្រកាស​រំសាយ​មន្ត្រី​បុគ្គលិក​ទាំងអស់​នៃ​កាសែត​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ បែប​នេះ​សោះ។ អរគុណ​សន្តិភាព

លោក ប៉ែន ខុន ក៏​បាន​បញ្ជាក់​ថា កាសែត​មួយ​នេះ​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ចំណោម​កាសែត​ជាច្រើន​ទៀត ហើយ​ការ​ប្រកាស​រំសាយ​បុគ្គលិក​ជា​រឿង​មួយ​មិន​គួរ​កើត​ឡើង​ឡើយ។

អ្នក​កាសែត​រស្មី​កម្ពុជា​ផ្សេង​ទៀត​ដែល​រង​នូវ​ការ​បាត់បង់​ការងារ​ដែរ​នោះ បាន​លើកឡើង​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ពួកគេ​រៀងៗ​ខ្លួន​ថា រស្មី​កម្ពុជា ជា​សារព័ត៌មាន​មួយ​ដែល​ល្បី​ឈ្មោះ និង​បោះ​សំឡេង​តាំងពី​ឆ្នាំ​១៩៩៣ មក ពួកគេ​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹកនាំ​មេត្តា​ពិចារណា​ចំពោះ​ការ​រំសាយ​បុគ្គលិក​ពេលនេះ និង​ឲ្យ​ពួកគេ​ចូល​ក្របខ័ណ្ឌ។

ការ​បិទ​ទ្វារ​កាសែត​រស្មី​កម្ពុជា​ពេលនេះ គឺជា​ការ​បិទ​លើក​ទី​ពីរ បន្ទាប់ពី​កាសែត​ដ៏​ធំ និង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​នេះ ត្រូវ​បាន​បិទ​ម្តង​ហើយ​កាលពី​ឆ្នាំ​២០២០ ដោយ​បញ្ចប់​ការ​បោះពុម្ព​ទាំងស្រុង ហើយ​បន្ត​ដំណើរការ​តាម​អនឡាញ។ នាយក​គ្រប់គ្រង​ការ​ផ្សាយ​កាសែត​នេះ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បិទ​នា​ពេល​កន្លង​មក​នោះ​ថា ការ​បិទ​គឺ​បណ្ដាល​មកពី​កត្តា​ហិរញ្ញវត្ថុ និង​ដើម្បី​ធ្វើការ​កែទម្រង់​ថ្មី​ឲ្យ​ស្រប​ទៅ​នឹង​ការ​វិវត្ត​នៃ​សភាពការណ៍​ថ្មី​របស់​សង្គម។

កាលពី​ខែ​មេសា ឆ្នាំ​២០២៣ លោក ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ធ្លាប់​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ថា សារព័ត៌មាន​បោះពុម្ព​ផ្សាយ​តាម​បែប​ប្រពៃណី​ដែល​រួម​មាន​កាសែត ព្រឹត្តិបត្រ ទស្សនាវដី្ត ដែល​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ប្រមាណ ៦៦០​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ ប្រមាណ ៨៨០​អង្គភាព វិទ្យុ FM ចំនួន ២២១​ស្ថានីយ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន ១៩​ស្ថានីយ និង​ផ្សាយ​បន្ត​ចំនួន ១៦៥​ស្ថានីយ។ ចំណែក​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​វិទ្យុ​ទូរទស្សន៍​បរទេស​ប្រចាំ​ការ​អចិន្ត្រៃយ៍​មាន​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​ចំនួន ៥១​អង្គភាព។

បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៣ ខែ​ឧសភា បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ លើ ១៨០​ប្រទេស​នៅ​ឆ្នាំ​២០២៣។

ចំណាត់ថ្នាក់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ដដែល។ ក្នុង​ឆ្នាំ​២០២៣ នេះ ពិន្ទុ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ ១​ពិន្ទុ​វិញ គឺ​បាន​តែ ៤២​ពិន្ទុ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ កម្ពុជា​ទទួល​បាន​ចំនួន ៤៣​ពិន្ទុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស