29 C
Phnom Penh

អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់​រត់​គេច​ពី​ការ​ទទួល​សេវា​ព្យាបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អះអាង​ថា មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់ បាន​រត់​គេច​ពី​ការ​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​អេដស៍​កើន​ឡើង បើសិន​ពួកគេ​នៅតែ​ធ្វើ​បែប​នេះ ខណៈ​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​បញ្ចប់​អេដស៍​ឆ្នាំ​២០២៥។

នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ នៅ​ថ្ងៃទី​៤ ខែ​ធ្នូ កន្លង​មក លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​លើក​ឡើង​ថា នៅ​កម្ពុជា​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់​បាន​ធ្វើ​តេស្ដ​ឈាម​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍ ប៉ុន្តែ​ពេលនេះ អ្នក​ទាំងនោះ​បាន​បាត់​ខ្លួន​ដោយ​មិន​បាន​ធ្វើ​តេស្ដ​រក​មេរោគ​អេដស៍​ជា​ថ្មី​ទៀត​ទេ ដែល​ចំណុច​នេះ​មាន​ការ​ព្រួយបារម្ភ​ថា ជំងឺ​អេដស៍​អាច​ផ្ទុះ​ឡើងវិញ បើសិន​ពួកគេ​មិន​ទៅ​ទទួល​សេវា​ព្យាបាល។

ប្រភព​ដដែល​បាន​លើកឡើង​ថា អ្នក​ដែល​មិន​រក​សេវា​ព្យាបាល​ដោយសារតែ​ពួកគាត់​មាន​ការ​ខ្មាសអៀន ក្នុង​នោះ​មាន​អ្នក​មាន​ទ្រព្យធន​ផង និង​អ្នក​ល្បី​ផង​ដែរ។ អ្នក​ទាំងនោះ​អាច​ទៅ​រក​សេវា​ព្យាបាល​ឯកជន ដើម្បី​លាក់បាំង​កុំ​ឲ្យ​គេ​ដឹង។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ អះអាង​ថា អ្នក​ដែល​ធ្វើការ​ព្យាបាល​ទៀងទាត់​ដោយ​ប្រើ​ថ្នាំ​ពន្យារ នឹង​អាច​ធ្វើ​ឲ្យ​មេរោគ​អេដស៍​បាត់​បាន ទោះបីជា​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ក៏ដោយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដើម្បី​កុំ​ឱ្យ​មាន​ការ​ឆ្លង​កើត​ឡើង​ថែម​ទៀត​នូវ​ជំងឺ​អេដស៍ គឺ​ត្រូវតែ​មាន​ការ​ព្យាបាល ដូច្នេះ ពេលនេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​កំពុង​រៀបចំ​គោលនយោបាយ​មួយ​ហៅ​ថា គោលនយោបាយ​លុប​បំបាត់​អេដស៍​ពី​កម្ពុជា ឆ្នាំ​២០២៣-២០២៨។

លោក​អះអាង​ថា នៅ​កម្ពុជា​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​អេដស៍ ក្នុង​នោះ​គឺ​យុវជន ហើយ​ក្នុង​នោះ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា ភាគច្រើន​បាន​ឆ្លង​ជំងឺ​អេដស៍។

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​អះអាង​ទៀត​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​មក​នេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ ៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍។

នៅ​ក្នុង​ឆ្នាំ​២០២២ កន្លង​មក​នេះ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​អេដស៍​មាន ១៤០០​នាក់ ដែល​ជា​ចំនួន​មួយ​ឆ្ងាយ​ពី​គោលដៅ ដែល​ឲ្យ​មាន​អ្នក​ឆ្លង​តែ​មួយ​ថ្ងៃ​មួយ​នាក់ ឬ​ស្មើ ៣៦៥​នាក់​ក្នុង​មួយ​ឆ្នាំ។

លទ្ធផល​បឋម​នៃ​ការ​សិក្សា​ប៉ាន់ប្រមាណ​បែប​វិទ្យាសាស្ត្រ​ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បង្ហាញ​ថា ខេត្ត​តាកែវ និង​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​ក្នុង​ចំណោម​ខេត្ត ៤ ផ្សេង​ទៀត​ដែល​មាន​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ខ្ពស់​ជាងគេ​នៅ​កម្ពុជា។

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន ១៤០០​នាក់​ក្នុង​មួយ​ឆ្នាំ ដែល​មាន​ន័យ​ថា មនុស្ស ៤​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ជា​រៀង​រាល់​ថ្ងៃ។ ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុង​ដំណាក់កាល​ដែល​ស្ថានភាព​ជំនួយ​ពី​បរទេស​ធ្លាក់​ចុះ រដ្ឋាភិបាល​អះអាង​ថា​រដ្ឋ​បាន​ចំណាយ​ថវិកា​ទិញ​ថ្នាំ​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​អេដស៍​ក្នុង​មួយ​ឆ្នាំៗ ៥​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​អេដស៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស