34 C
Phnom Penh

តុលាការ​កំពូល​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​ម្សៅ​ទឹកដោះគោ​នូទ្រីលែត​នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​កំពូល​រាជធានី​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ម្សៅ​ទឹកដោះគោ នូទ្រីលែត (Nutrilatt) របស់​ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM) នៅ​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣ ខាងមុខ​នេះ បន្ទាប់ពី​សាលក្រម​នេះ​ត្រូវ​ខកខាន​ប្រកាស​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ។

ដើមបណ្ដឹង​ដែល​ជា​ពលរដ្ឋ​រងគ្រោះ​ជាង ២០​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ ធ្នូ នេះ​ថា តុលាការ​កំពូល​ទីក្រុង​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំរឿង​ម្សៅ​ទឹកដោះគោ នូទ្រីលែត កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ក្នុង​នោះ ចៅក្រម​ក៏​គ្រោង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ​នៅ​ក្នុង​អង្គ​សវនាការ មេធាវី​តំណាង​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នេះ​បាន​ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​មក​លើ​កូនក្ដី​របស់​ខ្លួន​វិញ។

ប្រភព​ដដែល​អះអាង​ថា ក្រៅពី​ស្នើសុំ​ឲ្យ​ទម្លាក់​ការ​ចោទប្រកាន់​លើ​កូនក្ដី​របស់​ខ្លួន មេធាវី​ចុងចោទ​ក៏​បាន​ចោទប្រកាន់​ករណី​នេះ​ទៅ​កាន់​ក្រសួង​សុខាភិបាល​ដែរ ដែល​ថា​ក្រសួង​គឺជា​ដើម​ហេតុ​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កូនក្ដី​របស់​ខ្លួន​ចែកចាយ​ផលិតផល​ម្សៅ​ទឹកដោះគោ នូទ្រីលែត នេះ ក្នុង​នោះ ក្រសួង​ក៏​បាន​ទទួលស្គាល់ និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​គុណភាព​ស្តង់ដារ​នៃ​ផលិតផល​ម្សៅ​ទឹកដោះគោ​នេះ​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយសារតែ​ការ​លើកឡើង​របស់​មេធាវី​ចុងចោទ​បែប​នេះ និង​ករណី​ខ្លះ​ទៀត បាន​ធ្វើ​ឱ្យ​តុលាការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ​តែម្តង។

អាណាព្យាបាល​ទារក​រងគ្រោះ​ដោយសារ​ម្សៅ​ទឹកដោះគោ នូទ្រីលែត (Nutrilatt) របស់​ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលអឹម បាន​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ភូត​កុហក ក្លែង​បន្លំ ដោយ​លក់​ម្សៅ​ទឹកដោះគោ​គ្មាន​គុណភាព បណ្តាល​ឱ្យ​កូនៗ​របស់​ពួកគេ​ដែល​បាន​ទទួលទាន​ម្សៅ​ទឹកដោះគោ​នេះ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ខ្វះ​ជាតិ​ដែក និង​ខ្វះ​ជាតិ​ស័ង្កសី ជាដើម រហូត​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​តាំងពី​ឆ្នាំ​២០១៩ មក។

ប្រភព​ដដែល​រៀបរាប់​ថា ក្រោយ​មក នៅ​អំឡុង​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (កបប) បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ម្សៅ​ទឹកដោះគោ នូទ្រីលែត (Nutrilatt) បន្ទាប់ពី​បាន​រក​ឃើញ​ថា ម្សៅ​ទឹកដោះគោ​នេះ​ពិត​ជា​ផលិតផល​ក្លែងក្លាយ​ប្រាកដ​មែន ក្នុង​នោះ អាណាព្យាបាល​ទារក​រងគ្រោះ​ទាំង​ជាង ២០​គ្រួសារ (២១​គ្រួសារ) ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ ដើម្បី​រក​យុត្តិធម៌​ផង​ដែរ។

អាណាព្យាបាល​របស់​ទារក​រងគ្រោះ អះអាង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង តុលាការ​ក៏​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​រហូត​ដល់​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២២។ ពេល​នោះ តុលាការ​ក៏​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលែត (Nutrilatt) នេះ​តែម្តង គឺ​អ្នកស្រី ខុន កែវកេសី ឱ្យ​ជាប់​ពន្ធនាគារ ១០​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល និង​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គ្រួសារ​រងគ្រោះ​ចាប់ពី ១​ម៉ឺន​ដុល្លារ​ដល់ ២​ម៉ឺន​ដុល្លារ​អាមេរិក តាម​ភាព​ជាក់ស្តែង​ទាំង ២១​គ្រួសារ​នេះ​ផង​ដែរ ដែល​គិត​ជា​ទឹកប្រាក់​សរុប​មាន​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ (៣៤៩,៣៩៣​ដុល្លារ​អាមេរិក)។

អាណាព្យាបាល​ទារក​រងគ្រោះ​ទាំង ២១​គ្រួសារ អំពាវនាវ​សុំ​ឱ្យ​ស្ថាប័ន​តុលាការ​ពន្លឿន​សំណុំរឿង​នេះ ដើម្បី​ជួយ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ដែល​បាន​រងគ្រោះ​ដោយ​ការ​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ លុយ​កាក់ ពេលវេលា និង​សុខភាព​កូនៗ​របស់​ពួកគេ ដែល​បាន​បរិភោគ​ម្សៅ​ទឹកដោះគោ​នេះ។ ជាង​នេះ​ទៀត ក៏​ដើម្បី​បង្ហាញ​អំពី​ការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​សុវត្ថិភាព​ផលិតផល​ទារក និង​កុមារ​ដែល​បាន​នាំ​ចូល​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលែត ម៉ាស្ទ័រ អិលអឹម អ្នកស្រី ខុន កែវកេសី បាន​ចេញ​លិខិត​សុំទោស​មួយ​ច្បាប់​ទៅ​កាន់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (កបប) ថា ខ្លួន​ពិត​ជា​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​កំហុស​អចេតនា​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​គុណភាព​នៃ​សមាសធាតុ​ផ្សំ​ក្នុង​ម្សៅ​ទឹកដោះគោ​ម៉ាក នូទ្រីលែត ដែល​បាន​ផលិត និង​ចែកចាយ​កន្លង​មក។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​ម្ចាស់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូទ្រីលែត ណា​ម្នាក់​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស