សាលាកំពូលរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមលើសំណុំរឿងម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) របស់ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលអឹម (Nutrilatt Master LM) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីសាលក្រមនេះត្រូវខកខានប្រកាសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ដើមបណ្ដឹងដែលជាពលរដ្ឋរងគ្រោះជាង ២០គ្រួសារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ ធ្នូ នេះថា តុលាការកំពូលទីក្រុងភ្នំពេញ បានបើកសវនាការលើសំណុំរឿងម្សៅទឹកដោះគោ នូទ្រីលែត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងនោះ ចៅក្រមក៏គ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃនោះដែរ ប៉ុន្តែនៅក្នុងអង្គសវនាការ មេធាវីតំណាងឱ្យម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោនេះបានស្នើសុំឱ្យតុលាការទម្លាក់បទចោទមកលើកូនក្ដីរបស់ខ្លួនវិញ។
ប្រភពដដែលអះអាងថា ក្រៅពីស្នើសុំឲ្យទម្លាក់ការចោទប្រកាន់លើកូនក្ដីរបស់ខ្លួន មេធាវីចុងចោទក៏បានចោទប្រកាន់ករណីនេះទៅកាន់ក្រសួងសុខាភិបាលដែរ ដែលថាក្រសួងគឺជាដើមហេតុដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនកូនក្ដីរបស់ខ្លួនចែកចាយផលិតផលម្សៅទឹកដោះគោ នូទ្រីលែត នេះ ក្នុងនោះ ក្រសួងក៏បានទទួលស្គាល់ និងចេញវិញ្ញាបនបត្របញ្ជាក់អំពីគុណភាពស្តង់ដារនៃផលិតផលម្សៅទឹកដោះគោនេះថែមទៀត។
ប្រភពដដែលបញ្ជាក់ថា ដោយសារតែការលើកឡើងរបស់មេធាវីចុងចោទបែបនេះ និងករណីខ្លះទៀត បានធ្វើឱ្យតុលាការពន្យារពេលប្រកាសសាលក្រមលើសំណុំរឿងនេះតែម្តង។
អាណាព្យាបាលទារករងគ្រោះដោយសារម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) របស់ក្រុមហ៊ុន នូទ្រីលែត ម៉ាស្ទ័រ អិលអឹម បានអះអាងថា ក្រុមហ៊ុននេះបានផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហក ក្លែងបន្លំ ដោយលក់ម្សៅទឹកដោះគោគ្មានគុណភាព បណ្តាលឱ្យកូនៗរបស់ពួកគេដែលបានទទួលទានម្សៅទឹកដោះគោនេះមានជំងឺខ្វះគ្រាប់ឈាមក្រហម ខ្វះជាតិដែក និងខ្វះជាតិស័ង្កសី ជាដើម រហូតធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរតាំងពីឆ្នាំ២០១៩ មក។
ប្រភពដដែលរៀបរាប់ថា ក្រោយមក នៅអំឡុងឆ្នាំ២០២០ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានចុះបង្ក្រាបទីតាំងចែកចាយម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) បន្ទាប់ពីបានរកឃើញថា ម្សៅទឹកដោះគោនេះពិតជាផលិតផលក្លែងក្លាយប្រាកដមែន ក្នុងនោះ អាណាព្យាបាលទារករងគ្រោះទាំងជាង ២០គ្រួសារ (២១គ្រួសារ) ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែធ្នូ ឆ្នាំ២០២០ ដើម្បីរកយុត្តិធម៌ផងដែរ។
អាណាព្យាបាលរបស់ទារករងគ្រោះ អះអាងថា ក្រោយពេលទទួលបានពាក្យបណ្ដឹង តុលាការក៏បន្តនីតិវិធីជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ពេលនោះ តុលាការក៏បានប្រកាសសាលក្រមផ្ដន្ទាទោសម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) នេះតែម្តង គឺអ្នកស្រី ខុន កែវកេសី ឱ្យជាប់ពន្ធនាគារ ១០ខែ និងពិន័យជាប្រាក់ ៨លានរៀល និងតម្រូវឱ្យសងជំងឺចិត្តដល់គ្រួសាររងគ្រោះចាប់ពី ១ម៉ឺនដុល្លារដល់ ២ម៉ឺនដុល្លារអាមេរិក តាមភាពជាក់ស្តែងទាំង ២១គ្រួសារនេះផងដែរ ដែលគិតជាទឹកប្រាក់សរុបមានចំនួនជាង ៣០ម៉ឺនដុល្លារ (៣៤៩,៣៩៣ដុល្លារអាមេរិក)។
អាណាព្យាបាលទារករងគ្រោះទាំង ២១គ្រួសារ អំពាវនាវសុំឱ្យស្ថាប័នតុលាការពន្លឿនសំណុំរឿងនេះ ដើម្បីជួយរកយុត្តិធម៌ឱ្យពួកគេដែលបានរងគ្រោះដោយការខូចខាតទាំងទ្រព្យសម្បត្តិ លុយកាក់ ពេលវេលា និងសុខភាពកូនៗរបស់ពួកគេ ដែលបានបរិភោគម្សៅទឹកដោះគោនេះ។ ជាងនេះទៀត ក៏ដើម្បីបង្ហាញអំពីការរួមចំណែកក្នុងការជួយពង្រឹងការអនុវត្តច្បាប់លើសុវត្ថិភាពផលិតផលទារក និងកុមារដែលបាននាំចូលមកចែកចាយក្នុងប្រទេសកម្ពុជាផងដែរ។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលែត ម៉ាស្ទ័រ អិលអឹម អ្នកស្រី ខុន កែវកេសី បានចេញលិខិតសុំទោសមួយច្បាប់ទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ថា ខ្លួនពិតជាសោកស្តាយជាពន់ពេកចំពោះកំហុសអចេតនារបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងគុណភាពនៃសមាសធាតុផ្សំក្នុងម្សៅទឹកដោះគោម៉ាក នូទ្រីលែត ដែលបានផលិត និងចែកចាយកន្លងមក។
សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលែត ណាម្នាក់ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

