29 C
Phnom Penh

អភិបាល​ស្រុក​គូលែន​ព្រមាន​ពលរដ្ឋ​១៣១​គ្រួសារ​ឱ្យ​ចាកចេញ​ពី​លំនៅឋាន ដោយ​ចោទ​ថា​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​ពលរដ្ឋ​ជាង ១០០​គ្រួសារ ដោយ​ចោទ​ថា​ពួកគេ​ចូល​ទន្ទ្រាន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ខូអ៊ូលធីឌី ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ពាន់​ហិកតារ ក្នុង​ស្រុក​គូលែន ប្រសិនបើ​ពួកគេ​មិន​រើ​លំនៅឋាន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ទេ​នោះ។

អភិបាល​ស្រុក​គូលែន បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ១០០​គ្រួសារ (១៣១​គ្រួសារ) ដែល​កំពុង​ប្រើប្រាស់​ដី និង​អាស្រ័យ​ផល​ដាំដុះ​ដំណាំ ដូចជា ដំឡូង ពោត ស្រូវ ជាដើម យ៉ាង​អនាធិបតេយ្យ​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន សីលាដាម៉ិច ដែល​មាន​ទំហំ​ជាង ៦​ពាន់​ហិកតារ (៦៣៧៨,៤៦​ហិកតារ) សព្វថ្ងៃ​នេះ គឺជា​ទង្វើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ។

រដ្ឋបាល​ស្រុក​គូលែន ដាស់តឿន​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ១៣១​គ្រួសារ ត្រូវ​ប្រញាប់​រុះរើ​ផ្ទះ ខ្ទម និង​ប្រមូល​ផលដំណាំ​ដែល​បាន​ដាំដុះ​នៅ​លើ​ទីតាំង​ដី​នេះ​ដោយ​ខ្លួនឯង រួច​ចាកចេញ​ពី​ទីតាំង​ដី​នេះ​ជាបន្ទាន់ ព្រោះ​ថា​រដ្ឋបាល​ស្រុក​ទុក​ពេល​តែ ៣០​ថ្ងៃ​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ រហូត​ដល់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ ជា​កំហិត។

ចាប់តាំងពី​ដើម​ឆ្នាំ​២០២២ មក ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ និង​កាន់កាប់​ដី​ដែល​ខ្លួន​អាស្រ័យ​ផល​ជាក់ស្តែង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​ជា​បន្តបន្ទាប់ ក្រោម​លេស​ថា ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​របស់​ក្រុមហ៊ុន «សីលាដាម៉ិច» ដោយ​ខុស​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ចំនួន ១៣១​គ្រួសារ និង​មាន​ដី​សរុប ៦៤៩​ហិកតារ នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ជា​បន្តបន្ទាប់ ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគេ។

ខ្លឹមសារ​ក្នុង​ញត្តិ​នោះ បាន​រៀបរាប់​ថា នៅ​អំឡុង​ឆ្នាំ​២០២២ កម្លាំង​អាជ្ញាធរ​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​បញ្ជា​កម្លាំង និង​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​អស់​ប្រហែល ៦០​ខ្នង និង​ផលដំណាំ​ប្រហែល ៤៥០​ហិកតារ​អស់​គ្មាន​សល់ ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅ និង​បាន​គំរាម​ប្តឹង និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមហ៊ុន សីលាដាម៉ិច លោក សំណាង សីម៉ា ធ្លាប់​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៩ លើ​ផ្ទៃដី​ទំហំ ៩០០០​ហិកតារ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដាំ​កៅស៊ូ ស្ថិត​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

យ៉ាងណាក៏ដោយ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​កន្លង​មក ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​កាន់កាប់​ដីធ្លី និង​បញ្ចេញមតិ​តែម្តង ខណៈ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ក៏​បាន​អះអាង​ដែរ​ថា អ្នក​ភូមិ​បាន​ចូល​ទៅ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​កំពុង​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ​២០១២ មក បាន​បង្កបង្កើនផល​ដាំ​ដំណាំ​ហូប​ផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើ​ស្រែ និង​ដំណាំ​ផ្សេងៗ​ទៀត មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២២ ស្រាប់តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ និង​ផលដំណាំ​របស់​ពួកគាត់ ដោយ​គ្មាន​ការ​ផ្តល់​ដំណឹង​ជា​មុន ក្រោម​លេស​ថា ពួកគាត់​កំពុង​រស់នៅ​លើ​ដី​ខុស​ច្បាប់។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាល​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​ពលរដ្ឋ​ទាំង ១៣១​គ្រួសារ​ដែរ ដូចជា លោក ហួន ប៊ុនឈឿន លោក តូ បោន លោក ឃ្លាក លាំ និង​លោក លូត សាឡា ជាដើម ដោយ​ណែនាំ​ឱ្យ​ពួកគេ​ចាកចេញ​ពី​ដី​នោះ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​ស្រុក​គូលែន អនុវត្ត​វិធានការ​ច្បាប់​បណ្ដេញ​ពួកគេ​ចេញ​ឱ្យខាងតែ​បាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស