ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា ទាំងរដ្ឋាភិបាល និងវិស័យសារព័ត៌មានក្នុងស្រុកមួយចំនួន នាំគ្នាបំពុលពលរដ្ឋខ្លួនឯងដោយការផ្សព្វផ្សាយតែរឿងគ្មានប្រយោជន៍សម្រាប់សង្គមជាតិ ខណៈបញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ បញ្ហាអំពើពុករលួយ បញ្ហារំលោភដីធ្លី និងវិបត្តិនយោបាយ ជាដើម នៅតែត្រូវបានបិទបាំងមិនផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងទៅវិញ។
អ្នកឃ្លាំមើលសង្គមលោក វ៉ន ចាន់ឡូត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រព័ន្ធផ្សព្វផ្សាយដែលកាន់កាប់ដោយរដ្ឋាភិបាល ដូចជា កាសែត វិទ្យុ និងទូរទស្សន៍ ជាដើម ផ្សព្វផ្សាយតែពីសមិទ្ធផលដែលគណបក្សដឹកនាំរដ្ឋាភិបាលចង់បង្ហាញពលរដ្ឋប៉ុណ្ណោះ ចំណែករឿងណាដែលបង្ហាញពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល ពួកគេមិនបានផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងនោះទេ ដែលនេះគឺជាបញ្ហាសង្គមធំណាស់ក្នុងនាមពលរដ្ឋដែលជាម្ចាស់ប្រទេសក្នុងសង្គមប្រជាធិបតេយ្យ ត្រូវបានរដ្ឋាភិបាលរបស់ខ្លួនលាក់បាំងការពិត។
លោក វ៉ន ចាន់ឡូត លើកឡើងថា ចំណែកអង្គភាពសារព័ត៌មានមួយចំនួនវិញ ក៏មិនបានធ្វើកិច្ចការស្របតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានពិតពីបញ្ហាសង្គមដែលជាភាពចន្លោះប្រហោងនៃការដឹកនាំរបស់រដ្ឋាភិបាល ទៅកាន់ពលរដ្ឋម្ចាស់ប្រទេសដែរ ប៉ុន្តែពួកគេបែរជាផ្សាយតែព័ត៌មានដែលឥតប្រយោជន៍សម្រាប់ពលរដ្ឋខ្លួនឯងទៅវិញ ដូចជា ព័ត៌មានទាក់ទងនឹងជីវិតឯកជនរបស់មនុស្សល្បីនៅក្នុងស្រុកមួយចំនួន ជាដើម។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា ក្រៅពីមិនផ្សព្វផ្សាយបញ្ហាសង្គមពិតប្រាកដឱ្យពលរដ្ឋបានដឹងហើយ រដ្ឋាភិបាលក៏បានរឹតត្បិតទៅលើការផ្សព្វផ្សាយអំពីបញ្ហាសង្គមដែលកំពុងកើតមាននានាថែមទៀត ដែលជាហេតុធ្វើឱ្យពលរដ្ឋរងនូវការភ័យខ្លាចពីការចាប់ខ្លួនរហូតលែងហ៊ានបញ្ចេញមតិដូចសព្វថ្ងៃនេះ។
លោក វ៉ន ចាន់ឡូត អំពាវនាវឱ្យពលរដ្ឋតាមដានព័ត៌មានសង្គម និងព្រឹត្តិការណ៍នយោបាយក្នុងប្រទេសរបស់ខ្លួនដោយខ្លួនឯង ក្នុងស្ថានភាពដែលកម្ពុជាកំពុងរងនូវការរឹតត្បិតសេរីភាពផ្សព្វផ្សាយ និងទទួលបានព័ត៌មានដោយឯករាជ្យសព្វថ្ងៃនេះ ព្រោះថាបើពលរដ្ឋបណ្តែតបណ្តោយលែងខ្វល់ពីបញ្ហាដែលកើតមានក្នុងសង្គមរបស់ខ្លួន នោះអ្នកដែលទទួលរងនូវឥទ្ធិពលដ៏អាក្រក់ពីបញ្ហាទាំងនោះ គឺជាពលរដ្ឋខ្លួនឯងប៉ុណ្ណោះ។
កាលពីដើមខែមេសា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានបង្ហាញរបាយការណ៍របស់ខ្លួនថា កម្ពុជាបានបើកឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មានយ៉ាងទូលំទូលាយ ដោយសារតែបច្ចុប្បន្ននេះ សារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនដល់ទៅជាង ៦០០អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ មានជាង ៨០០អង្គភាព (៨៧៨អង្គភាព) វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានជាង ២០០ស្ថានីយ (២២១ស្ថានីយ) និងទូរទស្សន៍ផ្សាយផ្ទាល់មានរហូតដល់ទៅជិត ២០០ស្ថានីយផងដែរ (១៩០ស្ថានីយ)។
យ៉ាងណាក៏ដោយ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ កាលពីដើមខែឧសភា ឆ្នាំ២០២៣ កន្លងទៅថា កម្ពុជាស្ថិតក្នុងលំដាប់លេខរៀងទី១៤៧ ក្នុងចំណោមប្រទេស ១៨០ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់មួយ ក្រោយគេរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសំអាតដោយរដ្ឋាភិបាលកម្ពុជា ដែលធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះជាបន្តបន្ទាប់សព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ក៏ធ្លាប់បានបញ្ជាក់ដែរថា ជាលទ្ធផលនៃយុទ្ធនាការបោសសំអាតសារព័ត៌មានឯករាជ្យ ពលរដ្ឋកម្ពុជាអាចទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងលោក ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ត្រូវគេរកឃើញថាជាប្រធានក្រុមហ៊ុនដ៏ធំសម្បើមមួយដែលកាន់កាប់កាសែត ទស្សនាវដី្ត ស្ថានីយវិទ្យុ បណ្ដាញទូរទស្សន៍ និងគេហទំព័រអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ ដូចជាសារព័ត៌មាន Fresh News ជាដើម ដែលជាស្ថាប័នឃោសនានយោបាយឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ។
ស្ថានភាពប្រជាពលរដ្ឋខ្មែរសព្វថ្ងៃនេះ ត្រូវគេមើលឃើញថា កំពុងរងនូវការបំបិទសិទ្ធិទទួលព័ត៌មានពិតធ្ងន់ធ្ងរ ក្នុងនោះ រដ្ឋាភិបាលផ្សព្វផ្សាយតែព័ត៌មានណាដែលលើកតម្កើងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដូចជា ផ្សាយពីលោក ហ៊ុន ម៉ាណែត ចែកអំណោយ ផ្សាយពីកូនរបស់លោក ហ៊ុន ម៉ាណែត ទទួលបានប័ណ្ណសរសើរ និងផ្សាយពីព័ត៌មានកីឡាប្រដាល់ ឬព័ត៌មានវាយប្រហារគណបក្សប្រឆាំង ជាដើម។
ចំណែកសារព័ត៌មានក្នុងស្រុកមួយចំនួនទៀត ខំប្រឹងធ្វើមាតិកាព័ត៌មានណាដែលអាចរកលុយតាមប្រព័ន្ធអនឡាញបាន ដែលគេហៅ Make Money Online ឬ MMO ប៉ុណ្ណោះ ដូចជា ព័ត៌មានប្តីប្រពន្ធអ្នកលក់ឡេឈ្លោះគ្នា អ្នកប្រដាល់ឈ្លោះគ្នា ឬអ្នករកស៊ីអនឡាញឈ្លោះគ្នា ជាដើម ខណៈព័ត៌មានដែលជួយបើកកកាយពីបញ្ហាព្រំដែន បញ្ហាអន្តោប្រវេសន៍ បញ្ហាពុករលួយ បញ្ហារំលោភដីធ្លី និងវិបត្តិនយោបាយ ជាដើម មិនត្រូវបានពួកគេផ្សព្វផ្សាយនោះទេ ដែលជាហេតុធ្វើឱ្យពលរដ្ឋបាត់បង់នូវព័ត៌មានពិតពីបញ្ហាសង្គមជាតិរបស់ពួកគេទាំងស្រុងក្នុងរយៈពេលចុងក្រោយនេះ៕
© 2023, ឌឹ ខេមបូឌា ដេលី. All rights reserved.

