27 C
Phnom Penh

ជនជាតិ​ចិន​២​នាក់​និង​វៀតណាម​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ជិត​៥០០​គីឡូក្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់​ខ្លួន​ជនបរទេស ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​នាក់ និង​វៀតណាម ២​នាក់ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង ដោយ​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន​ជិត ៥០០​គីឡូក្រាម។

យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ សមត្ថកិច្ច​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចាប់​ខ្លួន​ជនបរទេស ៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន ២​នាក់ និង​វៀតណាម ២​នាក់ នៅ​គោលដៅ​ចំនួន​ពីរ​កន្លែង។ ការ​ចុះ​បង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២១ ធ្នូ នៅ​តាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ និង​បុរី​មួយ​កន្លែង​ក្នុង​ភូមិ​ទួលរកា សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន​អ៊ិចស្តាស៊ី (MDMA) សារធាតុ​ញៀន​មេតំហ្វេតាមីន (ICE) សារធាតុ​ញៀន​កេតាមីន (Ketamine) សារធាតុ​ញៀន​នីមេតាហ្សេប៉ាម រួម​ទាំង​សារធាតុ​ផ្សំ​បង្កើន​បរិមាណ​ជាច្រើន​ទៀត​សរុប​ជិត ៥០០​គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ដែល​បាន​រឹបអូស ត្រូវ​សមត្ថកិច្ច​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដំណើរការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់។

ជុំវិញ​បទល្មើស​គ្រឿងញៀន លោក ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ និង​ណែនាំ​ឱ្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បោស​សម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យ​អស់។ ជាក់ស្តែង រយៈពេល​ចុងក្រោយ​នេះ ករណី​ជួញដូរ​គ្រឿងញៀន​ធំៗ​ជាច្រើន​ត្រូវ​បាន​បង្ក្រាប​ជាមួយ​នឹង​ឧក្រិដ្ឋជន​បរទេស​ជាច្រើន ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ។

ទាក់ទង​រឿង​គ្រឿងញៀន​នេះ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​បណ្តេញ​នាយរង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចំណុះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ បន្ទាប់ពី​រក​ឃើញ​ថា មន្ត្រី​រូប​នេះ​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សា​គ្រឿងញៀន។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សា​ទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៣ ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​លើកឡើង​ថា ក្នុង​រយៈពេល​ជាង ៣​ខែ​ចុងក្រោយ​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​គ្រឿងញៀន​មិន​ត្រឹមតែ​រយ​គីឡូក្រាម​ទេ គឺ​ចូល​ដល់​តោន​ឯណោះ ព្រោះ​ថា​កន្លង​មក កម្ពុជា​ត្រូវ​ប្រើ​ជា​កន្លែង​ផលិត​គ្រឿងញៀន​យក​ទៅ​ប្រទេស​ក្រៅ​ផង ជា​កន្លែង​ចរាចរ​សម្រាប់​ឆ្លងកាត់​ទៅ​ប្រទេស​ទី​បី​ផង​ដែរ ប៉ុន្តែ​ពេលនេះ ក្រុម​ឧក្រិដ្ឋជន​បាន​នាំគ្នា​មក​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែម្តង។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា ការ​អនុវត្ត​វិធានការ​ដោយ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​លោក ស សុខា នៅ​ពេលនេះ គឺជា​គំរូ​មួយ​សម្រាប់​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​គួរតែ​អនុវត្ត​តាម ព្រោះ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​តាម​សែស្រឡាយ​បក្ខពួក​ដុះ​ស្នឹម​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ការ​ប្រើប្រាស់ និង​ការ​ចែកចាយ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រព្រឹត្ត​តាម​បញ្ជា​អ្នក​មាន​អំណាច និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ទាំងអស់​អាច​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​បែប​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ញាំញី​ទៅ​ដោយ​បទល្មើស​ឧក្រិដ្ឋ​នានា ដែល​បណ្តាល​មកពី​ឥទ្ធិពល​គ្រឿងញៀន​មួយ​ចំណែក​ធំ រហូត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​នោះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ជុំវិញ​ការ​អនុវត្ត​ច្បាប់​នេះ ប្រសិនបើ​អនុវត្ត​គ្រាន់តែ​ដើម្បី​ឱ្យ​ល្អ​មើល ដោយ​ការ​អនុវត្ត​ទៅ​លើ​តែ​មន្ត្រី​តូចតាច ប៉ុន្តែ​ជាប់​គាំង​ក្នុង​ការ​អនុវត្ត​ទៅ​លើ​មន្ត្រី​ធំៗ​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ខ្លួន​នោះ គឺជា​រឿង​អយុត្តិធម៌​ដែល​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​ប៉ុណ្ណោះ ហើយ​ការ​អនុវត្ត​ច្បាប់​បែប​នេះ មិន​អាច​លុប​បំបាត់​គ្រឿងញៀន​បាន​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស