27 C
Phnom Penh

លោក អ៊ុំ សំអាន៖ អាជ្ញាធរ​វៀតណាម​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា ចេញពី​ទឹកដី​កម្ពុជា​ក្រោម​បង្ហាញ​ពី​ការ​បាត់បង់​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​របស់​ពលរដ្ឋ​ខ្មែរក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កណ្តាល​ប្រមាណ​ជា ១៧​លាន​នាក់ ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​បាត់បង់​ប្រទេស​ទៅ​ក្នុង​កណ្ដាប់ដៃ​វៀតណាម ដោយសារតែ​អាជ្ញាធរ​វៀតណាម បាន​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា មិន​ឱ្យ​សម្ដែង​ធម្ម​ទេសនា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​លើ​ទឹកដី​កម្ពុជា​ក្រោម​មាន​ភាព​ខុស​គ្នា​ស្រឡះ​ពី​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា ព្រោះ​ថា​ជនជាតិ​វៀតណាម​ទាំងនោះ​មាន​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង ដូចជា ការ​បើក​សមាគម​វៀតណាម ទាំង ២៥​រាជធានី-ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ការ​បើក​សាលារៀន​វៀតណាម ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ និង​ការ​បង្កើត​វត្ត​អារាម​វៀតណាម ជាដើម ដែល​ពួកគេ​ចង់​ជួបជុំ​គ្នា​តាម​ចិត្ត​របស់​ពួកគេ ដោយ​គ្មាន​អាជ្ញាធរ​ខ្មែរ​ណា​ហ៊ាន​ហាមឃាត់​ឡើយ។

លោក​បន្ថែម​ថា ដោយឡែក​ពលរដ្ឋ​ខ្មែរ​ដែល​គ្រាន់តែ​ចូល​ទៅ​លេង​ពលរដ្ឋ​ខ្មែរក្រោម​លើ​ទឹកដី​កម្ពុជា​ក្រោម ត្រូវ​អាជ្ញាធរ​វៀតណាម​បណ្តេញ​ចេញ​មក​វិញ​ដោយ​គ្មាន​ការ​តវ៉ា​អ្វី​ទាំងអស់។ ជាក់ស្តែង អាជ្ញាធរ​វៀតណាម បាន​បណ្តេញ​ព្រះ​ភិក្ខុ ជួន កក្កដា ដែល​បាន​សម្ដែង​ធម្ម​ទេសនា​នៅ​វត្ត​ខ្មែរក្រោម ក្នុង​ខេត្ត​មាត់ជ្រូក នៃ​ដែនដី​កម្ពុជា​ក្រោម កាលពី​ពេល​ថ្មីៗ​នេះ ដោយ​យក​លេស​ថា ព្រះអង្គ​មិន​បាន​សុំ​ការ​អនុញ្ញាត​ច្បាប់​ជា​មុន ខណៈ​ព្រះចៅ​អធិការ​វត្ត​អះអាង​ថា បាន​សុំ​ច្បាប់​កន្លះ​ខែ​មុន​មក​ម្ល៉េះ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ព្រះតេជព្រះគុណ ជួន កក្កដា ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរក្រោម​បាន​យូរ​ដែរ ដោយ​អាជ្ញាធរ​វៀតណាម​បណ្តេញ​ព្រះអង្គ​ចេញពី​វត្ត បន្ទាប់ពី​ព្រះអង្គ​បាន​ជួប​ជាមួយ​បងប្អូន​ខ្មែរក្រោម​បាន​បន្តិចបន្តួច ដែល​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​ខាង​សាសនា​របស់​ខ្មែរក្រោម​យ៉ាង​ធ្ងន់ធ្ងរ។

ព្រះ​ភិក្ខុ ជួន កក្កដា គឺជា​ធម្មកថិក​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ ព្រះអង្គ​បាន​និមន្ត​ទៅ​សម្ដែង​ព្រះធម៌​នៅ​វត្ត​ខ្មែរក្រោម ក្នុង​ខេត្ត​មាត់ជ្រូក ដែនដី​កម្ពុជា​ក្រោម និង​មាន​បំណង​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់នៅ​ទីនោះ​ផង​ដែរ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​អាជ្ញាធរ​វៀតណាម​ហាមឃាត់ និង​រារាំង​ព្រះអង្គ​មិន​ឱ្យ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ព្រះ​ភិក្ខុ ជួន កក្កដា មាន​សង្ឃ​ដីកា​ក្នុង​វីដេអូ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​វៀតណាម បាន​បញ្ជាក់​ប្រាប់​ថា ដោយសារតែ​ការ​សុំ​ច្បាប់​ឱ្យ​ព្រះអង្គ​សម្ដែង​ធម៌​ទេសនា​នៅ​ពេល​នោះ​មាន​រយៈពេល​ខ្លី​ពេក ខណៈ​ព្រះចៅ​អធិការ​ប្រចាំ​នៅ​វត្ត​ខ្មែរក្រោម បញ្ជាក់​ថា ព្រះអង្គ​បាន​សុំ​ច្បាប់​តាំងពី​កន្លះ​ខែ​មុន​កន្លះ​ម្ល៉េះ។

ព្រះសង្ឃ​អង្គ​នេះ​បញ្ជាក់​ថា ដោយសារតែ​មិន​បាន​សម្ដែង​ធម៌​ទេសនា ព្រះ​គ្រូ​ចៅអធិការ​ក៏​និមន្ត​ឱ្យ​ព្រះអង្គ​មាន​សង្ឃ​ដីកា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ទៅ​ជួប​ព្រះអង្គ​នៅ​ទីនោះ ហើយ​ព្រះ​ភិក្ខុ​អង្គ​នេះ​ក៏​បាន​និយាយ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ប្រមាណ​ជា ៨​នាទី​ប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​ហាមឃាត់​ទៀត​ដោយ​អះអាង​ថា​អស់​ម៉ោង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៣ អាជ្ញាធរ​វៀតណាម ក៏​ធ្លាប់​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន និង​សហការី​របស់​លោក ទៅ​ចូលរួម​កម្មវិធី​កាន់បិណ្ឌ​នៅ​ខេត្ត​ព្រះត្រពាំង ជាមួយ​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម ហើយ​អាជ្ញាធរ​វៀតណាម​ក៏​មិន​បាន​ផ្តល់​ការ​បកស្រាយ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រារាំង​របស់​អាជ្ញាធរ​វៀតណាម បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​វត្តមាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​បំផុត​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ព្រោះ​ថា​រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​លុប​បំបាត់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ប្រកាន់​ភ្ជាប់​សព្វថ្ងៃ​នេះ ខុស​ពី​អាជ្ញាធរ​ខ្មែរ​ដែល​អនុញ្ញាត​ឱ្យ​និគមជន​ខុស​ច្បាប់​វៀតណាម​ចូល​ទៅ​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត​រហូត​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ ជាពិសេស​គឺ​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​តែម្តង។

លោក​បញ្ជាក់​ថា ត្បិត​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ​នេះ​មាន​ការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​វៀតណាម​កាន់តែ​ខ្លាំង ក្នុង​នោះ​ត្រា​ប្រចាំ​វត្ត​អារាម​នីមួយៗ ត្រូវ​រដ្ឋាភិបាល​វៀតណាម​ឆ្លាក់​អក្សរ​វៀតណាម​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​បាត់បង់​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស