29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម​ស្ដីពី​សិទ្ធិ​ផ្នែក​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រម្លឹក​រដ្ឋាភិបាល​វៀតណាម អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​សមាជិក​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេរីភាព​ផ្នែក​ជំនឿ និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​រម្លឹក​រដ្ឋាភិបាល​វៀតណាម ឱ្យ​គោរព​សិទ្ធិ​ផ្នែក​ជំនឿ និង​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​បាន​ច្បាស់ ព្រោះ​ថា​សព្វថ្ងៃ​នេះ អាជ្ញាធរ​វៀតណាម បាន​រឹតត្បិត​លើ​ការ​ជួបជុំ​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផ្នែក​ជំនឿ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។ ជាក់ស្តែង អាជ្ញាធរ​វៀតណាម បាន​រារាំង​ព្រះតេជព្រះគុណ ជួន កក្កដា មិន​ឱ្យ​សម្ដែង​ធម៌​ទៅ​កាន់​ពលរដ្ឋ​ខ្មែរក្រោម​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​ខាងលើ​លើកឡើង​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ដែល​ជា​ទឹកដី​កំណើត​របស់​ពួកគេ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បច្ចុប្បន្ន គួរតែ​ទទួល​បាន​ការ​គាំពារ​ពេញលេញ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ស្រប​តាម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ​លើ​សិទ្ធិ​នានា​ដែល​រាប់​បញ្ចូល​ទាំង​សិទ្ធិ​ជំនឿ​សាសនា​ដែរ​នោះ។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​នៅ​ស្ងៀម​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​រដ្ឋាភិបាល​វៀតណាម បែប​នេះ​ឡើយ ព្រោះ​ថា​មាត្រា​១៨ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ តម្រូវ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិក​គោរព​សិទ្ធិ​ទទួល​បាន​សេរីភាព​ផ្នែក​គំនិត ជំនឿ និង​សាសនា​គ្រប់​រូប​ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍​ឡើយ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម រួម​ទាំង​សិទ្ធិ​នយោបាយ និង​ជំនឿ​សាសនា កំពុង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រះ​ភិក្ខុ ជួន កក្កដា ដែល​ជា​ធម្មធិក​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ​នៅ​ប្រទេស​កម្ពុជា បាន​និមន្ត​ទៅ​សម្ដែង​ព្រះធម៌​នៅ​វត្ត​ពោធិវង្ស ក្នុង​ខេត្ត​មាត់ជ្រូក ដែនដី​កម្ពុជា​ក្រោម និង​មាន​បំណង​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់នៅ​ទីនោះ​ផង​ដែរ ប៉ុន្តែ​ព្រះអង្គ​ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់ និង​រារាំង​ព្រះអង្គ​មិន​ឱ្យ​ជួប​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ ព្រះ​ភិក្ខុ ជួន កក្កដា មាន​សង្ឃ​ដីកា​ក្នុង​វីដេអូ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​វៀតណាម បាន​បញ្ជាក់​ប្រាប់​ថា ដោយសារតែ​ការ​សុំ​ច្បាប់​ឱ្យ​ព្រះអង្គ​សម្ដែង​ធម៌​ទេសនា​នៅ​ពេល​នោះ​មាន​រយៈពេល​ខ្លី​ពេក ខណៈ​ព្រះចៅ​អធិការ​វត្ត​ពោធិវង្ស បញ្ជាក់​ថា ព្រះអង្គ​បាន​សុំ​ច្បាប់​តាំងពី​កន្លះ​ខែ​មុន​ម្ល៉េះ។

ព្រះសង្ឃ​អង្គ​នេះ​បញ្ជាក់​ថា ដោយសារតែ​មិន​បាន​សម្ដែង​ធម៌​ទេសនា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពោធិវង្ស ក៏​និមន្ត​ឱ្យ​ព្រះអង្គ​មាន​សង្ឃ​ដីកា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ទៅ​ជួប​ព្រះអង្គ​នៅ​ទីនោះ ហើយ​ព្រះ​ភិក្ខុ​អង្គ​នេះ​ក៏​បាន​និយាយ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ប្រមាណ​ជា ៨​នាទី​ប៉ុណ្ណោះ អាជ្ញាធរ​វៀតណាម ក៏​បាន​ហាមឃាត់​ម្តង​ទៀត​ដោយ​អះអាង​ថា​អស់​ម៉ោង។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រារាំង​របស់​អាជ្ញាធរ​វៀតណាម បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​វត្តមាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លាំង​បំផុត​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ព្រោះ​ថា​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ​កំពុង​ព្យាយាម​លុបបំបាត់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ប្រកាន់​ភ្ជាប់​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក ប្រាក់ សេរីវុឌ្ឍ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ ជាពិសេស​គឺ​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​តែម្តង។

លោក​បញ្ជាក់​ថា ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​សព្វថ្ងៃ​មាន​ការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​វៀតណាម​កាន់តែ​ខ្លាំង ក្នុង​នោះ ត្រា​ប្រចាំ​វត្ត​អារាម​នីមួយៗ ត្រូវ​រដ្ឋាភិបាល​វៀតណាម​ឆ្លាក់​អក្សរ​វៀតណាម​ទាំងអស់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ការ​បាត់បង់​ប្រពៃណី​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​ថ្ងៃ​មុខ។

កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មាត្រា​១៨ ចែង​ថា ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​គិត សតិសម្បជញ្ញៈ និង​សាសនា ចំណែក​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នេះ សន្យា​គោរព​សេរីភាព​ស្រប​ច្បាប់​ក្នុង​ការ​ធានា​ដល់​ការ​អប់រំ​ខាង​សាសនា និង​សីលធម៌​ស្រប​តាម​ជំនឿ​របស់​គេ។

ដែនដី​កម្ពុជា​ក្រោម​ដែល​អាណានិគម​បារាំង ហៅ​ថា​ដែនដី​កូសាំងស៊ីន បច្ចុប្បន្ន​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ប្រមាណ​ជាង ៧​លាន​នាក់ និង​មាន​វត្ត​អារាម​ពុទ្ធសាសនា​ចំនួន​ជាង ៤០០​វត្ត (៤៦១​វត្ត) ក្នុង​នោះ ខេត្ត​ព្រះត្រពាំង មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ច្រើន​ជាងគេ​ដែល​មាន​វត្ត​សរុប​រហូត​ដល់​ទៅ ១៤៣​វត្ត។

ទឹកដី​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​ជាង ៦​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា (៦៧៧០០​គីឡូម៉ែត្រ​ក្រឡា) និង​មាន​ខេត្ត​សរុប​ចំនួន​២១ ត្រូវ​បាន​រដ្ឋាភិបាល​អាណានិគម​បារាំង ចុះហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ត្រួតត្រា​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ កន្លង​ទៅ ហើយ​បើ​គិត​មក​ដល់​ឆ្នាំ​២០២៣ នេះ ទឹកដី​កម្ពុជា​ក្រោម​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​អស់​រយៈពេល ៧៤​ឆ្នាំ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស