34 C
Phnom Penh

លោក អ៊ុំ សំអាន៖ ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​នៅ​សៀមរាប​គឺ​ធ្វើ​ពាណិជ្ជកម្ម​កេងប្រវ័ញ្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង លើកឡើង​ថា កាដូ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ ដែល​ក្រុមហ៊ុន​ចិន​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ការ​ដំឡើង​តម្លៃ​រថយន្ត​ដែល​បាន​បើកបរ​លើ​ផ្លូវ​របស់​ចិន ទៅ​ព្រលាន​យន្តហោះ​ថ្មី​នេះ ហើយ​ការ​យក​លុយ​ថ្លៃ​រថយន្ត​នេះ គឺជា​ជំនួញ​ចិន​បង្កប់​នូវ​ការ​កេងប្រវ័ញ្ច និង​អំពើ​ទុច្ចរិត​ដែល​ត្រូវ​បាន​កំណត់​តាម​អំពើ​ចិត្ត​ដោយ​ក្រុមហ៊ុន​ចិន។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ មករា នេះ​ថា ក្រុមហ៊ុន​ចិន​មិន​ខ្វល់​ថា​ភ្ញៀវ​ដែល​ត្រូវ​ជិះ​យន្តហោះ​ក្នុង​ព្រលាន​របស់​ពួកគេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ណា ឬ​ចម្ងាយ​ណា ដើម្បី​ទៅ​កាន់​ព្រលាន​យន្តហោះ​នោះ​ទេ ប៉ុន្តែ​ឲ្យ​តែ​ចូល​ដល់​ព្រលាន​យន្តហោះ ពួកគេ​ដឹង​តែ​តម្រូវ​ឱ្យ​បង់​លុយ​ថ្លៃ​ផ្លូវ​គ្រប់​រថយន្ត​ទាំងអស់។ ជាង​នេះ​ទៀត ទោះបីជា​ម្ចាស់​រថយន្ត​ទាំងនោះ​បាន​បង់​លុយ​រួច​ម្តង​ហើយ​ក៏ដោយ ប៉ុន្តែ​បើ​ពួកគេ​ចេញ​មក​ខាងក្រៅ​បរិវេណ​ព្រលាន ឬ​ចេញ​ផុត​កន្លែង​ត្រួតពិនិត្យ ឬ​កុងត្រូល​ព្រលាន​ត្រឹមតែ ១​ម៉ែត្រ ហើយ​ចូល​ត្រឡប់​ទៅវិញ គេ​នឹង​តម្រូវ​ឱ្យ​បង់​លុយ​ថ្លៃ​ផ្លូវ​ជា​ថ្មី​ម្តង​ទៀត​ជាមិនខាន។

លោក អ៊ុំ សំអាន លើកឡើង​ថា ប្រភេទ​ឡាន​តូចៗ​រាល់​ពេល​ចេញ​ចូល​ទៅ​ក្នុង​ព្រលាន​យន្តហោះ​ម្តងៗ ត្រូវ​បង់​ថ្លៃ​ផ្លូវ ៦​ដុល្លារ​អាមេរិក ស្មើ​នឹង ១៦០០០​រៀល ចំណែក​ឡាន​ធំៗ ត្រូវ​បង់​លុយ​ថ្លៃ​ជាង​នេះ ខណៈ​ផ្លូវ​ចូល​ទៅ​ព្រលាន​យន្តហោះ​សៀមរាប​ថ្មី​គ្រាន់តែ​ជា​ផ្លូវ​ធម្មតា​ប៉ុណ្ណោះ មិន​មែន​ជា​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ជា​រឿង​ចម្លែក និង​មិន​ធ្លាប់​មាន ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលាន​យន្តហោះ​យក​លុយ​ថ្លៃ​ផ្លូវ​ចំពោះ​រថយន្ត​ដែល​បាន​ដឹក​ភ្ញៀវ​ទៅ​ឱ្យ​ជិះ​យន្តហោះ​នៅ​ព្រលាន​របស់​ខ្លួន។

លោក អ៊ុំ សំអាន ចំអក​ថា ក្រុមហ៊ុន​គ្រប់គ្រង​ព្រលាន​យន្តហោះ​នៅ​លើ​ពិភពលោក​ដែល​មិន​យក​លុយ​ពី​រថយន្ត​ដឹក​ភ្ញៀវ ទំនង​ជា​ដោយសារតែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ជិះ​យន្តហោះ​នៅ​ព្រលាន​របស់​ពួកគេ​ទំនង​ជា​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​ព្រលាន​យន្តហោះ​ទាំងនោះ​ហើយ​មើល​ទៅ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដែល​បាន​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ត្រូវតែ​បង់​លុយ​ថ្លៃ​ផ្លូវ​ធ្វើដំណើរ​ជា​កំហិត។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Yen Chantra បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ ថា រូបគេ​បាន​នាំ​ភ្ញៀវ​ទេសចរ ១​ក្រុម​ចូល​ទៅ​ក្នុង​ព្រលាន​យន្តហោះ​ម្តង​រួច​ហើយ ប៉ុន្តែ​ត្រូវ​ចេញ​មក​ខាងក្រៅ​កន្លែង​ត្រួតពិនិត្យ ឬ​កុងត្រូល​ព្រលាន ដើម្បី​រង់ចាំ​យក​ភ្ញៀវ​ទេសចរ ១​ក្រុម​ផ្សេង​ទៀត តែ​នៅ​ពេល​ដែល​រូបគេ​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រលាន​វិញ ស្រាប់តែ​ខាង​ក្រុមហ៊ុន​ចិន ទាមទារ​ឱ្យ​រូបគេ​បង់​លុយ​ថ្លៃ​ផ្លូវ​ម្តង​ទៀត ទាំង​ដែល​រូបគេ​មិន​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ម្តង​ទៀត​ផង​នោះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​លើ​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ថា​កម្ពុជា​ទើប​តែ​មាន​ភ្ញៀវ​ទេសចរ​ខ្លះៗ​ឡើងវិញ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ចិន​ចេះតែ​ដំឡើង​តម្លៃ​គ្រប់​មុខ​បែប​នេះ តើ​កញ្ចប់​សេវាកម្ម​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ នឹង​ដំឡើង​ថ្លៃ​កម្រិត​ណា​ទៅ ដែល​នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​មក​លេង​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​បែប​នេះ មិន​មែន​វិនិយោគ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺជា​ការ​វិនិយោគ​ជាន់​ក​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប បាន​ចេញ​តារាង​តម្លៃ​សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​លើ​ផ្លូវ​ដែល​ចិន​បាន​សាងសង់​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ខេត្ត​សៀមរាប ប្រវែង ២០​គីឡូម៉ែត្រ ដោយ​កំណត់​តម្លៃ​ទៅ​តាម​ប្រភេទ​ឡាន​នីមួយៗ ក្នុង​នោះ រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៣​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ឡើង​ថ្លៃ​ដល់ ៤​ដុល្លារ​នៅ​ឆ្នាំ​២០២៦។

ចំណែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៦​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ត្រូវ​ដំឡើង​ថ្លៃ​ដល់ ៨​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ដែរ។ ជាង​នេះ​ទៀត រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ៩​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ នឹង​ត្រូវ​ឡើង​ថ្លៃ​ទៅ​ជា ១២​ដុល្លារ​នៅ​ឆ្នាំ​២០២៦។ ដោយឡែក​រថយន្ត​ដែល​ត្រូវ​បង់​ថ្លៃ ១២​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ ក៏​នឹង​ត្រូវ​ដំឡើង​ថ្លៃ​ដល់ ១៦​ដុល្លារ​នៅ​ឆ្នាំ​២០២៦ ផង​ដែរ។

ក្រៅពី​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​បើកបរ​លើ​ដងផ្លូវ​ទៅ​ព្រលាន​យន្តហោះ​ថ្មី ក្រុមហ៊ុន​ចិន​ក៏​បាន​ចេញ​កំណត់​តម្លៃ​ចំណត​រថយន្ត​ក្នុង​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាប នេះ​ដែរ ក្នុង​នោះ រថយន្ត​ដែល​ចត​ក្នុង​ចំណត​ក្រោម ៣០​នាទី​ត្រូវ​បង់ ៥០០០​រៀល។

ប៉ុន្តែ​បើ​ចត​លើស​ពី ៣០​នាទី ត្រូវ​បន្ថែម ២​ពាន់​រៀល ឬ ០,៥០​ដុល្លារ​រាល់ ៣០​នាទី​ម្តង​បន្ថែម​ពី​លើ​តម្លៃ​ដើម​ដែល​បាន​បង់ ៥០០០​រៀល​នោះ ប៉ុន្តែ​តម្លៃ​នេះ​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​រថយន្ត​នីមួយៗ ក្នុង​នោះ រថយន្ត​ខ្លះ​ត្រូវ​តម្រូវ​ឱ្យ​បង់​ថ្លៃ ៣០០០​រៀល ឬ ០,៧៥​ដុល្លារ ខណៈ​រថយន្ត​ប្រភេទ​ខ្លះ​ត្រូវ​បង់ ៨០០០​រៀល ឬ ២​ដុល្លារ​នៅ​ពេល​ដែល​ចត​លើស​ពី ៣០​នាទី ហើយ​តម្លៃ​នេះ​គឺ​ត្រូវ​គិត​រាល់ ៣០​នាទី​ម្តង។

ក្នុង​តារាង​កំណត់​តម្លៃ​ចំណត បញ្ជាក់​ថា ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ហានិភ័យ​ផ្សេងៗ​លើ​រថយន្ត​របស់​ខ្លួន ព្រោះ​ថា​ក្រុមហ៊ុន​មិន​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់​របស់​ផ្ទាល់ខ្លួន​ណា​មួយ​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​ចំណត​នៃ​ព្រលាន​យន្តហោះ​ថ្មី​នេះ​ឡើយ។ ជាង​នេះ​ទៀត យានជំនិះ​គ្រប់​ប្រភេទ​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត ដូចជា កង់​បី ម៉ូតូ រ៉ឺម៉ក ស៊ីក្លូ មិន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​បរិវេណ​ព្រលាន​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ប្រសិនបើ​ការ​សាងសង់​ព្រលាន​យន្តហោះ​នេះ​ជា​ប្រាក់កម្ចី​របស់​ចិន ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​ចិន​ប្រមូល​ផល​ប្រយោជន៍​ទៅវិញ​ដោយ​គ្មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ​នោះ គឺ​មាន​ន័យ​ថា ចិន​កំពុង​ធ្វើ​ស្រែ​លើ​ខ្នង​ខ្មែរ​យ៉ាង​ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស