32 C
Phnom Penh

អភិបាល​ខេត្ត​ស្វាយរៀង​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ បារម្ភ​ខ្លាច​ខ្វះ​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ប្រកាស​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន​ផ្អាក​បង្កបង្កើន​ផល​ស្រូវ​នា​រដូវប្រាំង​លើក​ទី​២ ដោយសារ​បារម្ភ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ខ្វះខាត​ទឹក ដែល​នាំ​ឱ្យ​ពលរដ្ឋ​មិន​អាច​បង្កបង្កើន​ផល​ស្រូវ​បាន​ល្អ។

តាមរយៈ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​ផ្អាក​ការ​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវប្រាំង​លើក​ទី​២ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​មករា នេះ អភិបាល​ខេត្ត​ស្វាយរៀង លោក ប៉េង ពោធិ៍សា ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ នៅតែ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ជា​លើក​ទី​២ ទៀត នោះ​ពួកគេ​នឹង​អាច​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ខ្វះខាត​ទឹក​សម្រាប់​សត្វពាហនៈ ជាពិសេស​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដែល​អាច​បណ្ដាល​ឱ្យ​ខូចខាត​ផល​ស្រូវ និង​ខាតបង់​ថវិកា​របស់​បងប្អូន​ប្រជាកសិករ​ថែម​ទៀត។

លោក​បន្ត​ថា ការ​ប្រកាស​ប្រាប់​របស់​លោក​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​លើក​ទី​២ ក្រោយពី​ប្រមូល​ផល​ហើយ គឺ​ចាប់ពី​អំឡុង​ខែ​មករា ដល់​ខែ​ឧសភា ខាងមុខ។ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រៀម​លក្ខណៈ​ស្ដុក​ទឹក​ក្នុង​ស្រះ អណ្ដូង ប្រឡាយ ដែល​អាច​ស្ដុក​ទឹក​បាន​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សត្វពាហនៈ ជាដើម។

យោង​តាម​ផែនការ​សក្ដានុពល​ទឹក​សម្រាប់​ស្រោចស្រព​ដី​ធ្វើ​ស្រែ​ប្រាំង​ឆ្នាំ​២០២៣-២០២៤ របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ស្វាយរៀង បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​អាច​ធ្វើ​ស្រែ​ប្រាំង​បាន​ត្រឹម​ជាង ២​ម៉ឺន​ហិកតារ (២១២០៦​ហិកតារ) ប៉ុណ្ណោះ ប៉ុន្តែ​ផ្អែក​តាម​ការ​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្ដែង​របស់​មន្ទីរ​កសិកម្ម​ខេត្ត​វិញ រក​ឃើញ​ថា ការ​បង្កបង្កើន​ផល​របស់​ពលរដ្ឋ​បាន​កើន​ឡើង​រហូត​ដល់​ជាង ២​ម៉ឺន ៧​ពាន់​ហិកតារ (២៧២៥១​ហិកតារ) ដែល​លើស​ផែនការ​នៃ​ការ​ប្រើប្រាស់​ទឹក​រហូត​ដល់​ជាង ៦​ពាន់​ហិកតារ (៦០៤៥​ហិកតារ)។

កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប ក៏​បាន​ចេញ​លិខិត​ណែនាំ​មួយ ស្នើ​ឱ្យ​ពលរដ្ឋ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​រដូវ​កាល​ទី​២ ព្រោះ​បារម្ភ​ខ្វះ​ទឹក​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​ដែល​ដាំដុះ​លើ​ផ្ទៃដី​ជាង ៤​ម៉ឺន​ហិកតារ គឺ​ហួស​កម្រិត​ពី​បរិមាណ​ទឹក​ដែល​អាច​ស្រោចស្រព​បាន ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​លើ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមាណ ៧៧​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២៤ នេះ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

ទោះ​យ៉ាងណា ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម រិះគន់​ថា នៅ​ពេល​ដែល​ពលរដ្ឋ​បង្កើត​មុខរបរ ឬ​ធ្វើ​ស្រែ​ចម្ការ​ដាំដុះ​ដំណាំ​នៅ​ក្នុង​ស្រុក នោះ​រដ្ឋាភិបាល​មិន​ដែល​ទទួល​ខុសត្រូវ​រក​ទីផ្សារ​ឲ្យ​ពួកគេ​នោះ​ទេ ថែម​ទាំង​រារាំង​ពលរដ្ឋ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ថែម​ទៀត។

ករណី​នេះ គឺ​មិន​ខុស​ពី​បិទ​មុខរបរ​ក្នុង​ស្រុក​របស់​ពលរដ្ឋ ហើយ​រុញ​ខ្នង​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​ទៅ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។

ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​រៀបរាប់​ថា អាជ្ញាធរ​គួរ​មាន​ចំណាត់ការ​សម្រាប់​រយៈពេល​វែង ដើម្បី​ធានា​ការ​កាត់បន្ថយ​បញ្ហា​ខ្វះ​ទឹក​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ថា បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ដំណាំ​ស្រូវ​នៅ​កម្ពុជា រួម​មាន​ដូចជា មាន​ស្រូវ​ខ្វះ​ទឹក ការ​ខ្វះ​ដើមទុន​ក្នុង​ការ​ចំណាយ​ទៅ​លើ​ឧបករណ៍​ប្រើប្រាស់ ថ្នាំ​និង​ជី​មាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​តម្លៃ​ស្រូវ។

លោក ថេង សាវឿន ជំរុញ​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​រៀបចំ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ឱ្យ​មាន​សមភាព ដើម្បី​ឱ្យ​ប្រជាកសិករ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​គ្រប់គ្រង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស