30 C
Phnom Penh

មន្ត្រី​សង្គម​ស៊ីវិល​ច្រានចោល​ការ​លើកឡើង​ថា​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​និង​ត្រូវ​បាន​ធានា​ដូច​មាន​ចែង​ក្នុង​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ច្រានចោល​នូវ​ការ​លើកឡើង​ដែល​ថា សិទ្ធិ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់ ឬ​ត្រូវ​បាន​ធានា​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​កម្ពុជា​មិន​មាន​ភាព​ធូរស្រាល​ទេ ជាពិសេស​ការ​វាយប្រហារ​ទៅ​លើ​ចលនា​សហជីព​ឯករាជ្យ​នៅ​តាម​បណ្តា​រោងចក្រ​នានា ខណៈ​ក្រសួង​ការងារ​មិន​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​កម្មករ​ឱ្យ​បាន​ពេញលេញ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា សេរីភាព​ជា​មូលដ្ឋាន គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​កម្មករ​និយោជិត ដែល​ជា​មធ្យោបាយ​ឈាន​ទៅ​សម្រេច​បាន​សិទ្ធិ​ដទៃ​ទៀត​ជាច្រើន ដែល​ត្រូវ​បាន​ធានា​នៅ​ក្រោម​ច្បាប់​អន្តរជាតិ រួម​ទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ចូលរួម​ក្នុង​ការ​អនុវត្ត​កិច្ចការ​សាធារណៈ​ផង​ដែរ។

លោក​បន្ថែម​ថា ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ គឺ​ត្រូវតែ​ផ្ដោត​សំខាន់​លើ​សសរស្ដម្ភ សេរីភាព​ផ្នែក​សហជីព ទំនាក់ទំនង​វិជ្ជាជីវៈ និង​លក្ខខណ្ឌ​ការងារ​ល្អ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេស​ការ​អនុលោម​តាម​ច្បាប់ និង​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ ដើម្បី​ធានា​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​មនុស្ស។

លោក ឃុន ថារ៉ូ លើកឡើង​ថា អង្គការ​សមាគម​នានា​បាន​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​ការងារ​របស់​បុគ្គលិក​កម្មករ​តែង​រង​នូវ​ការ​រំលោភ​បំពាន​យ៉ាង​ខ្លាំងក្លា ជាពិសេស​រំលោភ​មក​លើ​ក្រុម​ចង្កោម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិស័យ​ការងារ​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ ដូច្នេះ​ការ​ដាក់​ជូន​របាយការណ៍​នេះ គឺជា​ការ​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​សិទ្ធិ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា សង្គម​ស៊ីវិល​ក៏​តែង​សង្កេត​ឃើញ​ដែរ​ថា ចលនា​សហជីព​ឯករាជ្យ​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ចាត់ទុក​ជា​មុខសញ្ញា​ជាក់លាក់ និង​ជា​លក្ខណៈ​ប្រព័ន្ធ​ថែម​ទៀត​ពី​ភាគី​ក្រុមហ៊ុន​រោងចក្រ ខណៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើ​កាលពី​ពេល​កន្លង​ទៅ បាន​ឆ្លើយតប​តិចតួច​បំផុត​ចំពោះ​បញ្ហា​ស្នូល​របស់​សហជីព។

លោក ឃុន ថារ៉ូ គូស​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព​នេះ គឺ​នៅ​មាន​សំណើ​សំខាន់ៗ​ជា​អាទិភាព​ជាច្រើន​របស់​ក្រុម​សហជីព​ឯករាជ្យ និង​សង្គម​ស៊ីវិល ដែល​មិន​ត្រូវ​បាន​ដាក់​បញ្ចូល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ច្បាប់​នេះ​មិន​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយ​បទដ្ឋាន​គតិយុត្តិ​ជាតិ និង​អន្តរជាតិ​ទេ​ក្នុង​ចំណុច​ជាច្រើន ដូច្នេះ​ការ​ដាក់​សំណើ​នៅ​ពេលនេះ គឺ​ដើម្បី​បង្ហាញ​កង្វល់​ជា​រួម​របស់​អង្គការ​សមាគម ដើម្បី​ឱ្យ​ក្រសួង​ការងារ​ពិនិត្យ និង​ដោះស្រាយ​ជូន​កម្មករ​គ្រប់​វិស័យ​ទាំងអស់។

ក្នុង​ពិធី​សន្និបាត​លើក​ទី​១៦ របស់​សមាគម​កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ប្រធាន​សមាគម​ដែល​តំណាង​ឱ្យ​វិស័យ​នានា​នៅ​កម្ពុជា លើកឡើង​ថា វិស័យ​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល កំពុង​មាន​ភាព​រីកចម្រើន​ទៅ​មុខ​ជា​លំដាប់​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន កម្មករ​និយោជិត​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ឈ្នួល​កើន​ឡើង លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​សេរីភាព​ពេញលេញ ខណៈ​សហជីព​ត្រូវ​បាន​លើក​កម្ពស់ វិសាលភាព​នៃ​របប​សន្តិសុខ​សង្គម​ត្រូវ​បាន​ពង្រីក ដែល​នេះ​គឺជា​ជោគជ័យ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សមាគម​នានា​នៅ​កម្ពុជា។

យ៉ាងណា​ក៏ដោយ ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​នៅ​តាម​បណ្តា​ក្រុមហ៊ុន​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ដោយ​បណ្តេញ​ពី​ការងារ​ជា​បន្តបន្ទាប់ ក្រោយ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ទាំងនោះ​ជួយ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ដល់​បុគ្គលិក​រងគ្រោះ។ ជាង​នេះ​ទៀត ពួកគេ​ក៏​តែង​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ពី​ថៅកែ​រោងចក្រ​ផង​ដែរ រហូត​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​បាត់បង់​ការងារ ឬ​ប្រឈមមុខ​នឹង​ផ្លូវ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

ជាក់ស្តែង កាលពី​ចុង​ឆ្នាំ​២០២១ ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បញ្ឈប់​ពី​ការងារ​ដោយ​ខុស​លក្ខខណ្ឌ​ជាង ១​ពាន់​នាក់ (១៣២៩​នាក់) ក្រោម​លេស​ជួប​វិបត្តិ​កូវីដ-១៩ ក្នុង​នោះ ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​សហជីព ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​កម្មករ​និយោជិត និង​សហជីព​តាម​បណ្តា​រោងចក្រ​ផ្សេង​ទៀត ក៏​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ដូច​គ្នា​ដែរ ចំណែក​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌ មិន​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា ក្រសួង​ការងារ​ជាដើម ជួយ​អន្តរាគមន៍​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា (Cambodia Labour Confederation) បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ចលនា​សហជីព​នៅ​ប្រទេស​កម្ពុជា ជាពិសេស​គឺ​សហជីព​ឯករាជ្យ​មាន​ការ​លំបាក ហើយ​មាន​ការ​រឹត​បន្តឹង​ច្រើន​ជាទីបំផុត តែ​ផ្ទុយទៅវិញ សហជីព​ដែល​គាំទ្រ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ទៅ​ជា​មាន​ឱកាស​ច្រើន ដែល​ធ្វើ​ឱ្យ​អ្នក​តំណាង​ពិតប្រាកដ​របស់​កម្មករ​មាន​ការ​បាត់បង់ និង​ថយ​ចុះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ទាមទារ​ដោះស្រាយ​បញ្ហា​កម្មករ​នៅ​កន្លែង​ការងារ​ធ្លាក់​ចុះ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស