អតីតប្រធានអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ចេញមុខបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ដែលថា លោកបានកិបកេងលុយជិត ១០០លានដុល្លារអាមេរិក (៨០លានដុល្លារ) ពីក្រុមហ៊ុន ខេមបូឌាន អ៊ីនវេស្ទ័រ ឃែបភីថល ផាតនឺ (Cambodian Investor Partner)។
លោក ព្រាប កុល ដែលបច្ចុប្បន្នមានឋានៈជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មករា នេះថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ដែលបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលកន្លងមកនោះទេ។
លោកបន្ថែមថា លោកក៏ធ្លាប់ណែនាំឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើលុបសំណេរនោះ និងសុំទោសលោកដែរ ប៉ុន្តែបុគ្គលរូបនោះមិនបានធ្វើតាមការណែនាំឡើយ។
លោក ព្រាប កុល អះអាងថា ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន CIC ក៏បានផ្ញើលិខិតជាផ្លូវការដែរ ដោយបញ្ជាក់ថា លោកពុំមានការពាក់ព័ន្ធនឹងករណីនេះឡើយ ព្រោះថាលោកពុំធ្លាប់មានតួនាទីដឹកនាំ ឬគ្រប់គ្រងក្រុមហ៊ុន CIC ដែលអាចឈានទៅដល់សម្រេចចិត្តលើការដកប្រាក់នោះទេ។ ជាងនេះទៀត ក៏ពុំមានរបាយការណ៍ណាមួយ ឬកំណត់ត្រាហិរញ្ញវត្ថុណាមួយរវាង CIC និងរូបលោកជុំវិញរឿងនេះដែរ ដូច្នេះនេះគឺជាការប្រឌិត ចោទបង្ខូចកេរ្តិ៍ឈ្មោះ និងញុះញង់ឱ្យលោករងគ្រោះដោយអយុត្តិធម៌ ដើម្បីបំពេញបំណងទុច្ចរិតរបស់ជននោះតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ការចោទដោយគ្មានភស្តុតាងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងសុវត្ថិភាពរបស់លោក ព្រមទាំងក្រុមគ្រួសាររបស់លោកធ្ងន់ធ្ងរ ហេតុដូច្នេះ នៅពេលដែលរូបគេមិនព្រមលុបសំណេរនោះ លោកគ្មានជម្រើសអ្វីក្រៅពីប្តឹងទៅតុលាការ ឱ្យជនដែលបានបង្ខូចឈ្មោះលោកនោះទទួលខុសត្រូវតាមផ្លូវច្បាប់ឡើយ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា អ្នកក្លាហានម្នាក់ឈ្មោះ ព្រាប កុល ដែលធ្លាប់តស៊ូមតិខាង «តម្លាភាពសង្គម» បានកសាងស្នាដៃដ៏ធំមួយដោយបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយដែលមានឈ្មោះថា Zillenium Group។
ប្រភពខាងលើលើកឡើងថា មុននឹងបង្កើតក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Zillenium Group នេះ លោក ព្រាប កុល ក៏ត្រូវគេសង្ស័យថា បានលួចយកលុយប្រមាណ ៨០លានដុល្លារអាមេរិកពីក្រុមហ៊ុនគ្រប់គ្រងមូលធនវិនិយោគដ៏ធំមួយផ្សេងទៀតដែរ ដែលហៅកាត់ថា CIC ដែលក្រុមហ៊ុននេះមានទឹកប្រាក់សរុបប្រមាណ ១៣០លានដុល្លារអាមេរិក។ ដោយសារតែបញ្ហានេះ បានធ្វើឱ្យអ្នកវិនិយោគជាង ៥០០នាក់ (៥៤៦នាក់) ដែលបានបោះទុនវិនិយោគក្នុងក្រុមហ៊ុននេះ បាត់បង់ទ្រព្យធន លុយកាក់ និងក្ស័យធនគ្រប់គ្នា។
ប្រភពដដែលអះអាងថា ការប្រតិបត្តិការយកលុយចេញពីក្រុមហ៊ុននេះបានដោយជោគជ័យ ដោយសារតែមានលោក ព្រាប កុល មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីរបស់គាត់ គឺលោក គុយ វ៉ាត ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន CIC និងជាម្ចាស់ហាង Park Cafe បច្ចុប្បន្ននេះ រួមទាំងសមាជិកក្រុមប្រឹក្សាភិបាលជាង ១០នាក់ផ្សេងទៀតផងដែរ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើបញ្ជាក់ថា លុយជាង ៨០លានដុល្លារនេះ ត្រូវបានលោក ព្រាប កុល ចាត់ចែងក្នុងការវិនិយោគគម្រោងអចលនទ្រព្យផ្សេងៗក្នុងក្រុមហ៊ុន Zillenium Group យ៉ាងគគ្រឹកគគ្រេងនៅពេលនេះ។ ម្ចាស់សំណេរខាងលើគូសបញ្ជាក់ថា ខ្លួនក៏ជាជនរងគ្រោះក្នុងនាមជាអ្នកវិនិយោគក្នុងក្រុមហ៊ុន CIC នេះដែរ។
ក្រោយការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ មេធាវីរបស់លោក ព្រាប កុល គឺលោក សារ៉េត សារ៉េនឌី បានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ទៅកាន់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ព្រមានឱ្យលុបសំណេររបស់ខ្លួន ដោយបញ្ជាក់ថា សំណេរនោះមានលក្ខណៈបរិហារកេរ្តិ៍ និងញុះញង់។
លោក សារ៉េត សារ៉េនឌី ព្រមានថា ប្រសិនបើម្ចាស់គណនីហ្វេសប៊ុកខាងលើមិនលុបសំណេររបស់ខ្លួនដែលបានលើកឡើងពីកូនក្តីរបស់ខ្លួនគឺលោក ព្រាប កុល និងសុំទោសជាសាធារណៈទេ លោក ព្រាប កុល នឹងដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាមិនខាន។
ក្រោយការព្រមាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន ហៅ តាប្រមឹក បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងលិខិតណែនាំរបស់មេធាវីលោក ព្រាប កុល ថា រូបគេផ្សាយពេញតែម្តងទៅ ដើម្បីកុំឱ្យឆាតមកសួរច្រើនពេកថាជាពាក្យជូនដំណឹងពីខាងណា។
ប្រភពដដែលបន្ថែមថា «បើចង់ឲ្យរូបគេលុបសំណេរនោះចេញ គឺស្រួលទេ ផ្ញើតែស្រាក្រហម ១ដប សាច់ក្លែមមួយចានមក គឺបានហើយ»។
បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុករូបនេះមិនព្រមលុបសំណេរនោះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ដែលមានឈ្មោះពិតថា យ៉ង់ ប៉ាក់ ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈតែម្តង បន្ទាប់ពីលោក ព្រាប កុល បានដាក់ពាក្យបណ្តឹងទៅតុលាការរួចរាល់ហើយនោះ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ប្រធានគណៈកម្មការស្ដារមូលនិធិក្រុមហ៊ុន CIC Partner លោក សុខ ពិសិដ្ឋ បានចេញលិខិតបំភ្លឺមួយតាមការស្នើសុំរបស់លោក ព្រាប កុល ផងដែរ ដោយបញ្ជាក់ថា បើតាមការពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Cambodian Investor Partner ពុំបានបង្ហាញថាមានចរន្តសាច់ប្រាក់បញ្ចេញពីក្រុមហ៊ុន CIC Partner ទៅឱ្យលោក ព្រាប កុល នោះទេនាពេលកន្លងមក។
ពាក់ព័ន្ធនឹងការចាប់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវ័ន្ត ប៉ែន (Chivann Pen) ដែលមានឈ្មោះដើម យ៉ង់ ប៉ាក់ រូបនេះ ប្រធានវេទិកាពលរដ្ឋលោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ មករា នេះថា នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យរឹងមាំ កាលណាមានការសង្ស័យ ហើយឈានទៅដល់ការចោទប្រកាន់ជាចំហអំពីអំពើពុករលួយយ៉ាងដូច្នេះ ធ្វើឲ្យរដ្ឋ និងពលរដ្ឋទូទៅសប្បាយចិត្តទៅវិញទេ ដូច្នេះមិនគួរណាដាក់បន្ទុកលើអ្នកចោទប្រកាន់ដោយចាប់គាត់ដាក់គុកភ្លាមៗនោះឡើយ។
លោកបន្តថា កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់បុគ្គលដែលត្រូវគេចោទប្រកាន់ថាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ មិនមែនលាងជម្រះបានដោយការចាប់អ្នកចោទប្រកាន់ដាក់គុកភ្លាមៗនោះទេ ប៉ុន្តែដើម្បីអាចបង្ហាញថាជនដែលត្រូវគេចោទប្រកាន់នោះស្អាតស្អំទៅបាន លុះត្រាសមត្ថកិច្ចបើកការស៊ើបអង្កេតដ៏ហ្មត់ចត់ និងត្រឹមត្រូវមួយ។
លោក គឹម សុខ បន្ថែមថា ប្រសិនបើសមត្ថកិច្ចរកឃើញថាការចោទប្រកាន់នោះខុស គួរតែឲ្យអ្នកចោទប្រកាន់នោះសុំទោសជាសាធារណៈទៅ ឬក៏អនុវត្តច្បាប់ចំពោះអ្នកចោទប្រកាន់ទៅ វាក៏មិនហួសពេលដែរ មិនចាំបាច់អីចាប់មនុស្សដាក់គុកភ្លាមៗនោះទេ ប៉ុន្តែបើរកឃើញថាការចោទប្រកាន់នោះត្រឹមត្រូវវិញ ត្រូវដាក់ទោសអ្នកដែលប្រព្រឹត្តអំពើពុករលួយទៅតាមផ្លូវច្បាប់ ហើយគួរមានការផ្តល់ជារង្វាន់ដល់អ្នកចោទប្រកាន់ផង ដែលគាត់ក្លាហានបើកផ្លូវឲ្យមានការស៊ើបអង្កេតបែបនេះ ជាប្រយោជន៍សម្រាប់ជាតិ។
លោក គឹម សុខ អះអាងថា អំពើពុករលួយគឺជាឧក្រិដ្ឋកម្មបំផ្លាញផលប្រយោជន៍ជាតិ និងពលរដ្ឋ ដូច្នេះកាលណាមានអ្នកណាម្នាក់មានសេចក្ដីក្លាហានផ្ដល់ព័ត៌មាននាំឲ្យមានការស៊ើបអង្កេតរកការពិត វាគឺជាគុណសម្បត្តិប្រសើរណាស់សម្រាប់រដ្ឋ និងពលរដ្ឋ ទោះព័ត៌មាននោះតិចតួចក៏ដោយ ពីព្រោះរដ្ឋាភិបាលមានតួនាទីកម្ចាត់ឧក្រិដ្ឋកម្មពុករលួយ ដើម្បីការពារប្រយោជន៍ជាតិ។ អំពើពុករលួយ គឺជាឧក្រិដ្ឋកម្ម។
លោកបន្តថា រឿងឧក្រិដ្ឋកម្ម មិនមែនជម្រះដោយការចាប់អ្នកចោទដាក់គុក ដោយសំអាងថាអ្នកចោទគ្មានភស្តុតាងគ្រប់គ្រាន់ ឬសំអាងលើការបំភ្លឺរបស់ភាគីណាមួយនោះទេ គឺត្រូវជម្រះសេចក្ដីតាមលទ្ធផលនៃការស៊ើបអង្កេត និងការវិភាគដោយឯករាជ្យ និងហ្មត់ចត់របស់អង្គការរដ្ឋ។ ដូច្នេះ ការចាប់លោក យ៉ង់ ប៉ាក់ ដាក់គុកភ្លាមៗ គឺជាចំណាត់ការខ្ជីខ្ជា និងមិនត្រូវទៅតាមជំនាញវិនិច្ឆ័យលើរឿងឧក្រិដ្ឋកម្មនោះទេ។
លោក គឹម សុខ អះអាងថា លោក ព្រាប កុល បាក់មុខកាន់តែខ្លាំងទៅវិញទេនៅពេលចាប់លោក យ៉ង់ ប៉ាក់ ដាក់គុកយ៉ាងទាន់ហន់ ដោយមិនទាន់ទាំងមានការស៊ើបអង្កេតច្បាស់លាស់ និងដោយឯករាជ្យពីអង្គការរដ្ឋផងនោះ។
លោកព្រមានថា លោក ព្រាប កុល ដែលធ្លាប់ជាមេដឹកនាំអង្គការតម្លាភាពកម្ពុជា ធ្វើការងារប្រឆាំងឧក្រិដ្ឋកម្មពុករលួយ យល់ច្បាស់ហើយថាឧក្រិដ្ឋកម្មពុករលួយ មានតែសមត្ថកិច្ចឯករាជ្យរបស់រដ្ឋទេដែលមានសមត្ថភាពស៊ើបដឹងច្បាស់ រីឯពលរដ្ឋដែលមានសេចក្ដីក្លាហានបង្ហាញផ្លូវនាំឲ្យមានការស៊ើបអង្កេតនោះ គឺជាគុណសម្បត្តិធំរបស់គាត់ទៅហើយ ទោះខុស ឬឆ្គងក៏ដោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

