35 C
Phnom Penh

ក្រសួង​សុខាភិបាល​កម្ពុជា​ហាម​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម Qdenga ដោយសារ​អង្គការ​សុខភាព​ពិភពលោក​មិន​ទាន់​ទទួលស្គាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​កម្ពុជា ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម​មួយ​ប្រភេទ​ឈ្មោះ​ថា Qdenga បន្ទាប់ពី​ក្រសួង​សង្កេត​ឃើញ​ថា វ៉ាក់សាំង​នេះ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ដោយ​បុគ្គល​មួយ​ចំនួន ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ពីព្រោះ​វ៉ាក់សាំង​ប្រភេទ​នេះ​នៅ​មិន​ទាន់​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នៅឡើយ​ទេ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនឈាម​ប្រភេទ Qdenga កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​៣ ក្នុង​ចំណោម​ដំណាក់កាល​សិក្សា​សរុប ៤ នៅឡើយ។

ប្រភព​ដដែល​អះអាង​ថា ក្រសួង​ក៏​បាន​អះអាង​ដោយ​យោង​តាម​ការ​ព្រមាន​របស់​អង្គការ​សុខភាព​ពិភពលោក​ថា វ៉ាក់សាំង​នេះ​ដើរ​តួនាទី​ជា​អ្នក​ចម្លង​ជំងឺ​គ្រុនឈាម​លើក​ទី​១ ចំពោះ​អ្នក​មិន​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម និង​ដែល​អាច​វិវឌ្ឍ​ទៅ​រក​ជំងឺ​គ្រុនឈាម​ធ្ងន់ធ្ងរ​នៅ​ពេល​កើត​ជំងឺ​គ្រុនឈាម​លើក​ទី​២ បាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ដដែល បាន​បន្ថែម​ថា ក្រៅពី​មិន​ទាន់​បាន​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) វ៉ាក់សាំង Qdenga នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ពី​នាយកដ្ឋាន​ចំណី​អាហារ និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក និង​ក៏​នៅ​មិន​ទាន់​ត្រូវ​បាន​កម្ពុជា​ចុះ​ក្នុង​បញ្ជិកា​ផង​ដែរ។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ក្រសួង​សង្កេត​ឃើញ​ថា វ៉ាក់សាំង Qdenga នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ដោយ​បុគ្គល​មួយ​ចំនួន។ ក្រសួង​សុខាភិបាល​សូម​អំពាវនាវ​ដល់​សាធារណជន ស្វែងយល់ និង​បន្ត​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ថែទាំ​សុខភាព​ដោយ​មធ្យោបាយ​សមស្រប​ដែល​មាន​ការ​អនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល។

ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ​គ្រុនឈាម ក្រសួង​សុខាភិបាល​អំពាវនាវ​ដល់​សាធារណជន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ដែល​មាន​ទឹក​ដក់ ដូចជា សម្បក​កង់ឡាន ម៉ូតូ ពាង សម្បក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត។ ក្នុង​ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ និង​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់។

គួរ​រម្លឹក​ថា វ៉ាក់សាំង Qdenga ធ្លាប់​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​ការ​ចាក់​ថ្នាំ​បង្ការ​ហៅ​កាត់ SAGE របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣។ មួយ​វិញ​ទៀត អត្ថបទ​ព័ត៌មាន​មួយ​ចុះផ្សាយ​ដោយ Reuters បាន​ឱ្យ​ដឹង​ថា Qdenga នេះ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​សហភាព​អឺរ៉ុប កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ ដែរ។ វ៉ាក់សាំង Qdenga គឺ​ផលិតផល​មួយ​របស់​ក្រុមហ៊ុន Takeda Pharmaceutical ដែល​មកពី​ប្រទេស​ជប៉ុន។

រយៈពេល ២១​សប្ដាហ៍​ដើម​ឆ្នាំ​២០២៣ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ជំងឺ​គ្រុនឈាម​ជិត ៤​ពាន់​ករណី (៣៤៣៩) ករណី ក្នុង​នោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៥​នាក់។ ការ​រក​ឃើញ​នេះ​មាន​កើន​ឡើង ២​ដង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ មាន​តែ​ប្រមាណ​ជាង ១​ពាន់​ករណី (១៣៥៤) បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន ៣​នាក់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស