37 C
Phnom Penh

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប​និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​លំនៅឋាន​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង (CDPLA) និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក ដែល​តែងតែ​រំលោភ​បំពាន​សិទ្ធិ​កាន់កាប់​លំនៅឋាន​របស់​ពលរដ្ឋ ដើម្បី​យក​ដី​ទៅ​លក់​យក​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង។

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង លោក ព្រុំ ប៊ុនថន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​គំរាមកំហែង​រំលោភ​បំពាន​សិទ្ធិ​កាន់កាប់​លំនៅឋាន​ដែល​ជា​កម្មសិទ្ធិ​របស់​លោក និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​កេរ្តិ៍​ដូនតា​ត​កូន​ត​ចៅ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​សព្វថ្ងៃ​នេះ។

លោក ព្រុំ ប៊ុនថន លើកឡើង​ថា កាលពី​ថ្ងៃ​អង្គារ​ដើម្បី​សប្តាហ៍​នេះ អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក បាន​ចុះ​ទៅ​ហាមឃាត់​មិន​ឲ្យ​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​ជាច្រើន​ទៀត ប្រើ​សិទ្ធិ​ក្នុង​នាម​ជា​ម្ចាស់​ដី ចាត់ចែង និង​ប្រើប្រាស់​ដើម្បី​ដាំ​ដំណាំ​លើ​ដី​របស់​ខ្លួន​ដែល​បាន​កាន់កាប់​តាំងពី​យូរ​លង់​មក​ហើយ​ទេ។

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ខេត្ត​ស្វាយរៀង​រូប​នេះ អំពាវនាវ​ឱ្យ​អភិបាល​ខេត្ត​ស្វាយរៀង ជួយ​ពិនិត្យ​លើ​ករណី​រំលោភ​សិទ្ធិ​លំនៅឋាន​លើ​ក្រុម​គ្រួសារ​របស់​លោក និង​ពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងស្ដៅ ស្រុក​រមាសហែក ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ត្រពាំងស្ដៅ សព្វថ្ងៃ​នេះ ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​រូប​លោក និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​ពេញ​ប្រទេស​សព្វថ្ងៃ​នេះ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ កន្លង​ទៅ​ថា ចាប់ពី​ខែ​មីនា ឆ្នាំ​២០២០ ដល់​ខែ​សីហា ឆ្នាំ​២០២៣ គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​កត់ត្រា​ទុក​នូវ​អត្ថបទ​ជាច្រើន​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​ផ្ដោត​តែ​ទៅ​លើ​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ​ដែល​មាន​ចំនួន​សរុប​រហូត​ដល់ ២២​ករណី។

ប្រភព​ដដែល​អះអាង​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ចំនួន ២២​ករណី​ខាងលើ​នេះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​គ្រួសារ (១៣១១១​គ្រួសារ) ដែល​ត្រូវ​បាន​បណ្តេញ​ចេញ និង​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ខេត្ត-ក្រុង-រាជធានី​ចំនួន ១១ ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​បន្ទាយមានជ័យ ខេត្ត​សៀមរាប ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាដើម។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នា​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​សម្គាល់​ថា​មាន​ការ​ប្រើប្រាស់​កម្លាំង ការ​គំរាមកំហែង ឬ​ការ​បំភិតបំភ័យ ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​ដី​ស្រែ​ចម្ការ​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ពី​មន្ត្រី ឬ​ក្រុមហ៊ុន​ឯកជន​និង​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាទូទៅ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ផង​ដែរ ខណៈ​ជនរងគ្រោះ​ភាគច្រើន​បំផុត គឺ​ជា​សមាជិក​សហគមន៍​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ រួម​ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិច ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា លោក នី សុខា អំពាវនាវ​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​សមរម្យ និង​លក្ខខណ្ឌ​អប្បបរមា​ស្ដីពី​សិទ្ធិ​លំនៅឋាន​ដែល​កំណត់​ដោយ​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​ទូលំទូលាយ ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​ការ​រស់នៅ​របស់​ពលរដ្ឋ​ប្រកប​ដោយ​សុវត្ថិភាព។

លោក នី សុខា អះអាង​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ដែល​បាន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​លំនៅឋាន​ទៅ​ដល់​អាជ្ញាធរ និង​ពលរដ្ឋ​ឱ្យ​មាន​ការ​យល់ដឹង​នោះ​ទេ ដែល​នេះ​គឺជា​យន្តការ​មួយ​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​សមរម្យ ខណៈ​ការ​បណ្ដេញ​ពី​លំនៅឋាន​ក្រោម​វិធានការ​របស់​អាជ្ញាធរ តែងតែ​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​ជាច្រើន​បាន​បង្ហាញ​ថា ដោយសារ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី​មិន​រឹងមាំ បាន​នាំ​ឱ្យ​មាន​ជម្លោះ​ដីធ្លី​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ក្នុង​នោះ របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ធ្លាប់​បាន​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​ថា គ្រាន់តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ប៉ុណ្ណោះ​មាន​ពលរដ្ឋ​ជិត ១​ម៉ឺន​គ្រួសារ​ដែល​មាន​មនុស្ស​ប្រមាណ​ជា ៤​ម៉ឺន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយ​ពុំ​បាន​អនុវត្ត​តាម​នីតិវិធី​ត្រឹមត្រូវ​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កើត​ឡើង​យ៉ាង​ផុសផុល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចជា ខេត្ត​សៀមរាប ក៏​មាន​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ និង​សហគមន៍​ជាច្រើន​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ជាដើម ប៉ុន្តែ​ជា​លទ្ធផល​គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ដី​វិញ​ទេ គឺ​មាន​តែ​ការ​ចាប់​ខ្លួន និង​ការ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស