27 C
Phnom Penh

លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុងក្រោយ​របស់​លោក​ជាង​១​លាន​ដុល្លារ​ដើម្បី​សង​ជំងឺចិត្ត​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​ជា​ភាគី​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ «បរិហារ​កេរ្តិ៍» គ្រោង​លក់​ផ្ទះ​របស់​លោក​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​ជាង ១​លាន​ដុល្លារ​អាមេរិក ដើម្បី​សង​ជំងឺចិត្ត​គណបក្ស​កាន់​អំណាច ប្រសិនបើ​តុលាការ​បង្គាប់​អនុវត្ត​សាលក្រម​របស់​ខ្លួន។

លោក សុន ឆ័យ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា គិត​មក​ដល់​ពេលនេះ សាលក្រម​តុលាការ​ដែល​បង្គាប់​ឲ្យ​លោក​សង​ជំងឺចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១​លាន​ដុល្លារ​អាមេរិក នៅ​មិន​ទាន់​បាន​អនុវត្ត​នៅឡើយ​ទេ ពីព្រោះ​លោក​គ្មាន​លទ្ធភាព​បង់​ចំនួន​ទឹកប្រាក់​ដ៏​លើសលប់​បែប​នេះ​ទេ។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ឲ្យ​ដឹង​ទៀត​ថា លោក​គ្រោង​លក់​ផ្ទះ​របស់​លោក​នៅ​ភ្នំពេញ ដើម្បី​សង​ជំងឺចិត្ត​បក្ស​កាន់​អំណាច ប្រសិនបើ​តុលាការ​បង្គាប់​ឲ្យ​ឈប់​បង្កក​ការ​លក់​ទ្រព្យសម្បត្តិ​របស់​លោក។ លោក​ថា ផ្ទះ​នៅ​ភ្នំពេញ​ជា​ទ្រព្យសម្បត្តិ​ចុងក្រោយ​ដែល​លោក​ត្រូវ​បង្ខំ​ចិត្ត​លក់ ដើម្បី​បង្គ្រប់​លុយ​សង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុន ឆ័យ ឱ្យ​ដឹង​ថា ទឹកប្រាក់ ១​លាន​ដុល្លារ​ដែល​តុលាការ​បង្គាប់​ឱ្យ​លោក​បង់​ជំងឺចិត្ត​ទៅ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បន្ទុក​ដ៏​ធ្ងន់​ចំពោះ​រូបលោក​ក្នុង​ការ​រក​ប្រាក់​បង់​ជំងឺចិត្ត​ឱ្យ​ទៅ​ភាគី​ឈ្នះ​ក្ដី ហើយ​ដី​ផ្ទះ​ដែល​លោក​គ្រោង​ដាក់​លក់ ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឱ្យ​ដាក់​លក់។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​បង់​ប្រាក់​ពិន័យ​ចំនួន ១០​លាន​រៀល (ពីរ​ពាន់​ប្រាំ​រយ​ដុល្លារ) ចូល​រដ្ឋ​ទៅ​ឱ្យ​ភាគី​ឈ្នះ​ក្ដី​របស់​ខ្លួន គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប រួចរាល់​ហើយ។ លោក​ជំរុញ​ឱ្យ​គណបក្ស​កាន់​អំណាច គួរ​បន្ថយ​ទឹកប្រាក់​សំណង​ជំងឺចិត្ត​ពី​លោក​ពី ១​លាន​ដុល្លារ​មក​ត្រឹម​ប្រាក់​និមិត្តរូប​វិញ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា វិវាទ​របស់​អ្នក​នយោបាយ​គួរ​បញ្ចប់​ដោយ​នយោបាយ មិន​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ​ទេ។

ប្រភព​ដដែល​បាន​បន្ដថា គណបក្ស​នយោបាយ​ទាំងអស់​គួរតែ​ប្រើ​វិធី​ចាស់ទុំ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​គ្នា គួរ​បញ្ឈប់​នូវ​វប្បធម៌​គំរាមកំហែង​ដៃគូ​នយោបាយ​របស់​ខ្លួន ដើម្បី​ទុក​ជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ។

គណបក្ស​កាន់​អំណាច និង គ.ជ.ប បាន​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ ក្រោយ​ពេល​លោក សុន ឆ័យ បាន​រិះគន់​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កន្លង​ទៅ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ មាន​ការ​បំភិតបំភ័យ និង​លួច​បន្លំ​សន្លឹកឆ្នោត ជាដើម។ តុលាការ​ដែល​រង​ការ​រិះគន់​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច បាន​វិនិច្ឆ័យ​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ភាគី​ដើមបណ្ដឹង​ទាំង​ពីរ។ តុលាការ​បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺចិត្ត​ចំនួន ៣​ពាន់​លាន​រៀល (ប្រហែល ៧៥​ម៉ឺន​ដុល្លារ) ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល (ប្រហែល ២០០០​ដុល្លារ)។ នៅ​ក្នុង​សំណុំរឿង​ទី​២ ប្ដឹង​ដោយ គ.ជ.ប តុលាការ​បាន​សម្រេច​ឲ្យ​លោក សុន ឆ័យ បង់​ប្រាក់​ពិន័យ ៩​លាន​រៀល (ប្រហែល ២២៥០​ដុល្លារ)៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស