29 C
Phnom Penh

ប្រមុខ​ការពារ​ជាតិ​ហ្វីលីពីន​គំរាម​កម្ទេច​ការ​ប៉ង​បំបែក​ទឹកដី​ក្រោយពី​លោក Duterte ទាមទារ​ឯករាជភាព​សម្រាប់​កោះ Mindanao

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន នា​ថ្ងៃ​ចន្ទ ទី​៥ កុម្ភៈ នេះ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ ក្រោយ​ការ​គំរាម​ចង់​ធ្វើ​អបគមន៍​ដែនដី​ពី​សំណាក់​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។

កាលពី​ថ្ងៃទី​៣០ ខែ​មករា កន្លង​ទៅ លោក Duterte បាន​អំពាវនាវ​ចង់​ឱ្យ​មាន​ការ​ផ្តល់​ឯករាជភាព​សម្រាប់​កោះ Mindanao ដែល​ជា​ទី​កំណើត​របស់​លោក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ខណៈ​សម្ព័ន្ធភាព​រវាង​លោក​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន គឺ​លោក Ferdinand Marcos Jr បាន​បែកបាក់​គ្នា​ទៅវិញ​កាលពី​សប្តាហ៍​មុន ដោយសារតែ​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​កិច្ចប្រឹងប្រែង​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ សំដៅ​បំបែក​តំបន់​កោះ Mindanao មិន​បាន​សម្រេច។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ។

លោក Marcos បាន​និយាយ​ថា ការ​ប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៨៧ មិន​អាច​ទៅ​រួច​ដាច់ខាត ហើយ​កាត់​តែ​មិន​អាច​ធ្វើ​បាន​ចំពោះ​ការ​ប៉ង​បំបែក​ទឹកដី។

ការ​ថ្លែង​របស់​លោក Marcos ដូចនេះ បាន​នាំ​ឱ្យ​លោក Duterte ចោទ​លោក Marcos ថា​ជា​មនុស្ស​ក្បត់​នឹង​លោក ព្រោះតែ​មិន​គោរព​ការ​ព្រមព្រៀង​ដែល​បុរស​ទាំង​ពីរ​បាន​ធ្វើឡើង​កន្លង​មក ដែល​នាំ​ឱ្យ​លោក Duterte គាំទ្រ Marcos ជា​បេក្ខជន​ប្រធានាធិបតី។

ក្នុង​ស្ថានភាព​ដែល​រំជើបរំជួល​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Eduardo Ano បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា រដ្ឋ​មាន​កាតព្វកិច្ច​ជាតិ​វាយ​បង្ក្រាប​ក្រុម​បំបែក​ទឹកដី​ដោយ​ប្រើ​កម្លាំង​កងទ័ព។

លោក Eduardo Ano ព្រមាន​ថា គ្មាន​ការ​ស្ទាក់ស្ទើរ​ទេ​ក្នុង​ការ​ប្រើ​កម្លាំង​ទ័ព បើ​ទោះជា​បុគ្គល​មាន​ឥទ្ធិពល​នយោបាយ​ធ្វើ​សកម្មភាព​អបគមន៍​ក៏ដោយ។

ស្រប​ពេល​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ចេញ​សារ​ព្រមាន​ដូចនេះ ទំនង​មិន​បាន​ធ្វើ​ឱ្យ​លោក Duterte ថមថយ​មហិច្ឆតា​របស់​ខ្លួន​នោះ​ទេ។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Gilberto Teodoro បាន​ចេញ​មុខ​ព្រមាន​ថា តួនាទី​របស់​ក្រសួង​ការពារ​ជាតិ គឺ​ធានា​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក្រសួង​នឹង​បញ្ចេញ​ទ័ព​ទៅ​វាយ​បង្ក្រាប​ភ្លាមៗ។

ជាមួយ​គ្នា​នេះ​ដែរ អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន លោក Romeo Brawner ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ផង​ដែរ។ លោក​គំរាម​ថា កងទ័ព​នឹង​អនុវត្ត​ភ្លាម​នូវ​ការ​ប្រើ​កម្លាំង​កងទ័ព​ឱ្យ​តែ​មាន​បទបញ្ជា​ចេញពី​ប្រធានាធិបតី។

ទាំង​សារ​រដ្ឋមន្ត្រី​ការពារ​ជាតិ សារ​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​សារ​របស់​អគ្គមេបញ្ជាការ​កងទ័ព​ហ្វីលីពីន សុទ្ធតែ​សំដៅ​ទៅ​លើ​អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ដែល​កំពុង​មាន​ផែនការ​ចង់​ទាមទារ​ឱ្យ​តំបន់​កោះ Mindanao ដែល​ជា​ស្រុកកំណើត​របស់​លោក ក្លាយ​ជា​តំបន់​មួយ​មាន​រដ្ឋអំណាច​ដោយ​ស្វយ័ត។

គេ​នៅ​ចាំ​បាន​ថា លោក Duterte បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ពេល​លោក​ជា​ប្រធានាធិបតី​ហ្វីលីពីន ដំបូង​គេ ដែល​មាន​ប្រភព​ចេញ​មកពី​កោះ Mindanao ដែល​ដែនដី​កោះ​មួយ​នេះ​ញាំញី​ដោយ​អំពើ​ហិង្សា និង​ជម្លោះ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​នោះ។ កោះ Mindanao ជា​សម្បុក​ក្រុម​ជ្រុល​និយម​ដែល​លោក Duterte ជា​អ្នក​ធ្វើ​ឱ្យ​តំបន់​នេះ​ស្ងប់ស្ងាត់​កាល​ពេល​ដែល​លោក​ធ្វើ​ជា​ប្រធានាធិបតី​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស