40 C
Phnom Penh

លោក ស សុខា បន្ត​វិធានការ​បណ្ដេញ​មន្ត្រី​នគរបាល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចេញ​សេចក្ដី​សម្រេច​បណ្ដេញ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន។

សេចក្ដី​សម្រេច​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បាន​ឲ្យ​ដឹង​ថា ការ​បណ្ដេញ​លោក មាស ពិសិដ្ឋ ដែល​មាន​ឋានន្តរស័ក្ដិ​ថ្នាក់​ជា​អនុសេនីយ៍ឯក មាន​តួនាទី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ ក្រោម​ហេតុផល​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។

សេចក្តី​សម្រេច​ដដែល​បាន​លើកឡើង​ថា លោក មាស ពិសិដ្ឋ អធិការរង​នគរបាល​ក្រុង​កំពត ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នេះ គឺ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា នេះ​គឺជា​សារ​ដាស់តឿន​ដល់​កម្លាំង​ផ្សេង​ទៀត​ត្រូវ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ធ្វើ​ជា​នគរបាល​ល្អ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​អង្គភាព​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ រឹត​បន្តឹង​ចំពោះ​បញ្ហា​គ្រឿងញៀន​លើ​មន្ត្រី​របស់​ខ្លួន​គ្រប់​អង្គភាព​ថា ចំពោះ​អ្នក​ដែល​មាន​តួនាទី​ភារកិច្ច​ជា​កងកម្លាំង​ប្រដាប់​អាវុធ បើសិន​មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន មិន​គួរ​រក្សាទុក​នៅ​ជា​កងកម្លាំង​ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ទៀត​ទេ។

កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ដោយ​បញ្ជា​ឱ្យ​គ្រប់​អង្គភាព ពិនិត្យ​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានា​ប្រសិទ្ធភាព ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​នៅ​តាម​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​ពលរដ្ឋ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ការ​អនុវត្ត​វិធានការ​ដោយ​ការ​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​លោក ស សុខា នៅ​ពេលនេះ គឺជា​គំរូ​មួយ​សម្រាប់​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ផ្សេង​ទៀត​ដែល​គួរតែ​អនុវត្ត​តាម ព្រោះ​ថា​មន្ត្រី​រដ្ឋាភិបាល​ដែល​កាន់​តំណែង​តាម​សែស្រឡាយ​បក្ខពួក​ដុះ​ស្នឹម ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ភាគ​ធំ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ទាំង​ការ​ប្រើប្រាស់​និង​ការ​ចែកចាយ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រព្រឹត្ត​តាម​បញ្ជា​អ្នក​មាន​អំណាច និង​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ទាំងអស់​អាច​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង​បែប​នេះ ក៏​ជា​សញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កំពុងតែ​ញាំញី​ទៅ​ដោយ​បទល្មើស​ឧក្រិដ្ឋ​នានា ដែល​បណ្តាល​មកពី​ឥទ្ធិពល​គ្រឿងញៀន​មួយ​ចំណែក​ធំ​រហូត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​តាមដាន​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​នោះ។

ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​នេះ កាលពី​ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក ផ្ដោត​ការ​យកចិត្ត​ទុកដាក់​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស