ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង (CDPLA) ច្រានចោលសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក ទាំងស្រុង ក្រោមហេតុផលថា ដោយសារតែអាជ្ញាធរមូលដ្ឋានខេត្តស្វាយរៀង មានចេតនារំលោភយកដីលំនៅឋានរបស់លោក ហើយខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក គឺប្រឌិតឡើងដោយស្មៀនឃុំត្រពាំងស្ដៅ ឈ្មោះ ម៉ូវ តែប៉ុណ្ណោះ។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាខេត្តស្វាយរៀង (CDPLA) លោក ព្រុំ ប៊ុនថន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ កុម្ភៈ នេះថា សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្វាយរៀង និងរដ្ឋបាលស្រុករមាសហែក ធ្វើឡើងដោយខ្វះការស៊ើបអង្កេត ខ្វះធាតុផ្សំ ខ្វះអង្គហេតុ និងខ្វះអង្គច្បាប់ទាំងស្រុង ព្រោះខ្លឹមសារទាំងអស់ក្នុងសេចក្តីប្រកាសព័ត៌មាននោះ គឺយកតាមរបាយការណ៍ប្រឌិតរបស់រដ្ឋបាលឃុំត្រពាំងស្ដៅ ដែលចងក្រងប្រឌិតឡើងដោយស្មៀនឃុំ ឈ្មោះ ម៉ូវ ធ្វើជាមូលដ្ឋាន ខណៈរដ្ឋបាលខេត្ត និងស្រុក មិនបានចុះមកស៊ើបអង្កេតជុំវិញវិវាទដីធ្លីនេះដោយផ្ទាល់នោះទេ។
លោក ព្រុំ ប៊ុនថន អះអាងថា ដីលំនៅឋានដែលលោកកំពុងរស់នៅសព្វថ្ងៃ គឺជាដីកេរដូនតាបានចែកឱ្យឪពុករបស់លោកឈ្មោះ ព្រុំ សាមន់ ដើម្បីធ្វើស្រែតាំងពីមុនឆ្នាំ១៩៧០ មកម្ល៉េះ។ ជាងនេះទៀត នៅអំឡុងសម័យរដ្ឋកម្ពុជាប្រជាមានិត រដ្ឋអំណាចឃុំត្រពាំងស្ដៅ ក៏បានធ្វើបញ្ជីសារពើភណ្ឌដីរបស់រដ្ឋអំណាចឃុំត្រពាំងស្ដៅ ដែលរក្សាទុកនៅសាលាស្រុកផងដែរ ដែលនោះគឺជាភស្តុតាងពិតប្រាកដក្នុងការបញ្ជាក់ពីដីដែលកំពុងមានវិវាទនេះ។
លោករៀបរាប់ថា ក្នុងបញ្ជីសារពើភណ្ឌខាងលើ បានកំណត់យ៉ាងច្បាស់ថា ដីនោះមានព្រំប្រទល់ខាងជើងទល់នឹងដីរបស់ឈ្មោះ ឯក ម៉ាន់ ចំណែកព្រំដីខាងត្បូងទល់នឹងដីរបស់ឈ្មោះ ព្រំ សាមន់ ចំណែកព្រំដីខាងកើត ទល់នឹងដីរបស់ឈ្មោះ រស់ ដូង ហើយព្រំដីខាងលិច ទល់នឹងដីរបស់ឈ្មោះ ចាប សារុំ ដែលជាគណៈកម្មការប្រជាជនស្រុករមាសហែក ចុះហត្ថលេខាទទួលស្គាល់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៣ ជាផ្លូវការ។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋបាលឃុំត្រពាំងស្ដៅ នៅតែបន្តចិញ្ចឹមចិត្តធ្វើឯកសារក្លែងបន្លំ ក្នុងចេតនាលេបយកដីកេរឪពុករបស់លោករហូតមក ប៉ុន្តែដោយសារគ្រួសាររបស់លោកគ្មានឱកាសផ្តល់ភស្តុតាងក្នុងការប្តឹងផ្តល់ទាមទារយុត្តិធម៌ សាលាដំបូងខេត្តស្វាយរៀង ក៏បានចេញសាលក្រមកំបាំងមុខ ឱ្យលោកចាញ់ក្តីលើករណីនេះតែម្តង ដូច្នេះដើម្បីទាមទាររកយុត្តិធម៌ លោកមានតែប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញតែប៉ុណ្ណោះ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអះអាងថា ករណីទំនាស់ដីធ្លីរវាងសាលាឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងលោក ព្រុំ ប៊ុនថន ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញសាលក្រមឱ្យសាលាឃុំត្រពាំងស្ដៅ ឈ្នះក្តីរួចទៅហើយ ដូច្នេះរដ្ឋបាលឃុំត្រពាំងស្ដៅ មានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងលើដីនេះស្របតាមច្បាប់ជាធរមាន មិនមែនដូចការអះអាងរបស់លោក ព្រុំ ប៊ុនថន នោះទេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក ព្រុំ ប៊ុនថន បានអះអាងថា អាជ្ញាធរឃុំត្រពាំងស្ដៅ ស្រុករមាសហែក បានរំលោភបំពានសិទ្ធិកាន់កាប់លំនៅឋានរបស់លោកក្នុងបំណងយកទៅលក់យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ បើទោះបីជាពួកគេបានដឹងថា ដីដែលពួកគេបានរំលោភយកនោះជាដីកេរឪពុករបស់លោកហើយក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា លោក នី សុខា អំពាវនាវរដ្ឋាភិបាលអាណត្តិថ្មីរបស់លោក ហ៊ុន ម៉ាណែត ផ្សព្វផ្សាយអំពីសិទ្ធិលំនៅឋានសមរម្យ និងលក្ខខណ្ឌអប្បបរមាស្ដីពីសិទ្ធិលំនៅឋានដែលកំណត់ដោយអង្គការសហប្រជាជាតិ ឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការរស់នៅរបស់ពលរដ្ឋប្រកបដោយសុវត្ថិភាព។
កាលពីខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចេញផ្សាយរបាយការណ៍របស់ខ្លួនដោយរកឃើញថា ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២៣ ករណីរំលោភសិទ្ធិលំនៅឋានដោយការបណ្តេញចេញដោយបង្ខំដែលមានចំនួនសរុបរហូតទៅដល់ជាង ២០ករណី (២២ករណី) ដែលប៉ះពាល់ដល់ពលរដ្ឋជាង ១ម៉ឺនគ្រួសារ (១៣១១១គ្រួសារ) ក្នុងខេត្ត-ក្រុង-រាជធានីចំនួន១១ ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ សៀមរាប ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

