អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវបានដោះលែងចេញពីការឃាត់ខ្លួនរបស់អាជ្ញាធរមុនកាលកំណត់ក្នុងពេលឆាប់ៗនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោស ៩៣០នាក់ដែលត្រូវលើកលែងទោស ក្នុងនោះរួមមានទាំងលោក ថាក់ស៊ីន ផងដែរ។ ក្នុងចំណោមអ្នកទោសទាំងនោះ អ្នកខ្លះនឹងត្រូវបានព្យួរទោស។
តាមលោក Tawee លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសស្ថិតនៅក្នុងស្ថានភាពលើកលែងដូចជាមានជំងឺ ឬមានអាយុលើស ៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីការឃាត់ខ្លួនមុនកាលកំណត់។
លោក ថាក់ស៊ីន បានវិលត្រឡប់មកមាតុប្រទេសវិញដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីខែសីហា ឆ្នាំ២០២៣ ១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួនក្រោយរដ្ឋប្រហារយោធាឆ្នាំ២០០៦ ដែលបណ្តេញលោកចេញពីអំណាចជានាយករដ្ឋមន្ត្រី។ ខណៈពេលដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍។
ក្រោយត្រឡប់ចូលស្រុកវិញ លោក ថាក់ស៊ីន ត្រូវបានអាជ្ញាធរថៃ បញ្ជូនទៅកាន់ពន្ធនាគារភ្លាមៗជាទីដែលលោកត្រូវអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានបន្ធូរបន្ថយមកនៅត្រឹមតែ ១ឆ្នាំវិញ។
ការពិត លោក ថាក់ស៊ីន នឹងត្រូវចាកផុតទាំងស្រុងនៃទោសពន្ធនាគារ គឺរហូតដល់ខែកក្កដា ឆ្នាំ២០២៤ ទើបដល់ពេលត្រូវថ្វាយលិខិតទៅព្រះមហាក្សត្រដើម្បីលើកលែងទោស។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តុលាការកំពូលរបស់រាជាណាចក្រនេះបានសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់និរទេសខ្លួននៅក្រៅប្រទេស គឺអ្នកស្រី យីងឡាក់ រួចផុតពីការចោទប្រកាន់ពីការរំលោភអំណាចក្នុងបទចោទកាលពីឆ្នាំ២០១១។
ប៉ុន្តែដោយសាររដ្ឋាភិបាលថ្មីអនុវត្តគោលនយោបាយផ្សះផ្សាជាតិ លោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រី ក៏ទទួលបានការបិទបញ្ចប់សំណុំរឿងព្រហ្មទណ្ឌទាំងអស់ផងដែរ។
គេថាសំណុំរឿងចោទប្រកាន់បែបនយោបាយ ត្រូវបានរំលាយចោលនៅក្រោមរដ្ឋាភិបាលថ្មីមកពីបក្សប្រឆាំង ជាបក្សប្រកាន់គោលការណ៍ដឹកនាំបែបប្រជាធិបតេយ្យ។
ទាំងលោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ ត្រូវបានអ្នកវិភាគចាត់ទុកថាជាអ្នកទោសនយោបាយ ព្រោះពួកគាត់សុទ្ធតែត្រូវបានផ្តួលរំលំអំណាចដោយសាររដ្ឋប្រហារយោធា។
រាជាណាចក្រថៃ កំពុងដើរលើផ្លូវផ្សះផ្សាជាតិដ៏ទូលំទូលាយក្រោយពួកយោធាអស់អំណាច
ទោះជាអំណាចរបស់តុលាការក៏ដោយ តែការពិតដោយសារតែពួកយោធាអស់អំណាចទេ ទើបផ្ដល់ឱកាសមានការបង្រួបបង្រួមជាតិថៃ ដែលគេថានៅក្រោមការដឹកនាំរបស់បក្សប្រឆាំងនៃគណបក្សភឿថៃ ហើយឱកាសនេះក៏ធ្វើឡើងដោយសារតែបក្សភឿថៃ នេះ បានសម្រេចឱ្យមានរដ្ឋាភិបាលចម្រុះដ៏ទូលំទូលាយមួយដែលសូម្បីបក្សរបស់ពួកយោធាក៏មានក្នុងសមាសភាពរដ្ឋាភិបាលថ្មីនេះផងដែរ។
ក្នុងហេតុផលនេះ គេថាពួកយោធាសម្រេចបើកផ្លូវឱ្យអ្នកនយោបាយដែលនិរទេសខ្លួនទាំងអស់ រួមទាំងលោក ថាក់ស៊ីន និងអ្នកស្រី យីងឡាក់ អ្នកនយោបាយដ៏មានឥទ្ធិពលពីររូបនេះក៏បានវិលមករួមរស់ក្នុងសង្គមថៃ ឡើងវិញ។
ប៉ុន្តែអំណាចរបស់តុលាការកំពូលរាជាណាចក្រថៃ នៅពេលនេះ ក៏ត្រូវបានគេមើលឃើញថារត់តាមស្ថានភាពនយោបាយផងដែរ។ វាមានន័យថា បើនយោបាយឆ្ពោះទៅរកការផ្សះផ្សាជាតិ គឺការចោទប្រកាន់ទោះបីបទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋក៏ដោយ ក៏ត្រូវតែទម្លាក់ចោលផងដែរ បើជនជាប់ចោទនោះជាអ្នកនយោបាយដែលជាក់ស្ដែងអ្នកស្រី យីងឡាក់ និងលោក ថាក់ស៊ីន នៅពេលនេះ។
រាជាណាចក្រថៃ នៅពេលនេះ គឺរដ្ឋាភិបាលរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះស្ថិតនៅក្នុងការដឹកនាំរបស់គណបក្សប្រកាន់គោលការណ៍ប្រជាធិបតេយ្យ។ ការផ្សះផ្សាជាតិដ៏ទូលំទូលាយនេះ វាពិតណាស់កើតចេញពីការសម្របសម្រួលបញ្ចប់ហិង្សានយោបាយរវាងពួកយោធា និងគណបក្សមាននិន្នាការប្រជាធិបតេយ្យដូចជាគណបក្សភឿថៃ ជាដើមនេះ។
អ្នកសង្កេតការណ៍នៅក្នុងតំបន់មើលឃើញរូបភាពនៅក្នុងរាជាណាចក្រថៃ នៅពេលនេះខុសប្លែកឆ្ងាយណាស់ និងប្រសើរឆ្ងាយណាស់ បើធៀបនឹងស្ថានភាពនយោបាយរបស់ប្រទេសជិតខាងថៃ មានដូចជាប្រទេសភូមា ដែលកំពុងធ្លាក់នៅក្នុងការគ្រប់គ្រងរបស់ពួកយោធាដែលប្លន់អំណាចរបស់អ្នកប្រជាធិបតេយ្យកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងប្រទេសកម្ពុជាធ្លាក់ដែលក្នុងអំណាចប្រព័ន្ធបក្សមួយផ្ដាច់មុខ។
អ្នកនយោបាយមានប្រជាប្រិយភាព គឺលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងជាប់បម្រាមការចាកចេញទៅក្រៅប្រទេស និងការបិទសិទ្ធិសេរីភាពធ្វើនយោបាយ ដែលជាការបិទឈឹងតែម្ដងការផ្សះផ្សាជាតិ ទោះជារាជាណាចក្រនេះមានមេដឹកនាំថ្មីវ័យក្មេងក៏ដោយ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

