32 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​អ្នក​បំពុល​សង្គម​ខ្មែរ​សព្វថ្ងៃ​គឺ​ពួក​នាហ្មឺន​មន្ត្រី​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​ការ​បញ្ចេញមតិ​ផ្អែក​លើ​ការពិត​ជាច្រើន​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ​ទាំង​ក្នុង ទាំង​ក្រៅ​ប្រទេស​ថា សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ​វា​ពុល​រួច​ទៅ​ហើយ មិន​ចាំបាច់​អ្នក​ណា​ក្រៅ​ទៅ​បំពុល​ថែម​ទៀត​ទេ។ ពាក្យ​ខ្មែរ​ថា ពុល​មាន​ន័យ​ពីរ​យ៉ាង គឺ​ពុល​នឹង​វត្ថុ​ធាតុ ដូចជា​បរិភោគ​អ្វី​ខុស និង​ពុល​នឹង​ទម្លាប់ គឺ​ឈ្លក់ វក់ ងប់ ងងុល​នឹង​អ្វី​មួយ មាន​ស្រី ស្រា ល្បែង​ពាលា ពុករលួយ រំលោភ​បំពាន​ច្បាប់ សិទ្ធិ សេរីភាព​មនុស្ស ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ អំពើ​ហិង្សា​ជាដើម។ល។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា​មាន​លោក ហ៊ុន សែន ជា​ប្រធាន កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​បំពុល​សង្គម ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លែង​គិត​ពី​បញ្ហា​ប្រទេស​ជាតិ ដូចជា បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍ បញ្ហា​អំពើពុករលួយ បញ្ហា​រំលោភ​ដីធ្លី និង​វិបត្តិ​នយោបាយ ជាដើម ដោយ​ជំនួស​មក​វិញ​នូវ​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​អបអរ​សាទរ​តែ​ពី​ល្បិច​បំផ្លាញ​សង្គម​ជាតិ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក ហ៊ុន សែន លុប​អាជ្ញាបណ្ណ​លែង​ឱ្យ​មាន​ដំណើរការ និង​បណ្តេញ​ចេញ​មិន​ឱ្យ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រលីង​ទៅ​ហើយ។ គិត​ត្រឹម​តែ​ការ​លុប​អាជ្ញាបណ្ណ​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​ពេលនេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទៀត​នោះ ដូច្នេះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​អង្គភាព​នៅ​ក្នុង​ស្រុក​នានា​បច្ចុប្បន្ន​នេះ ភាគច្រើន​គឺ​មាន​តែ​ព័ត៌មាន​ក្លែងក្លាយ​ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត ថា​តាម​ការ​សង្កេត ចរន្ត​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ព័ត៌មាន​លើក​តម្កើង​បក្ស​ប្រជាជន​កម្ពុជា លើក​តម្កើង​លោក ហ៊ុន សែន លើក​តម្កើង​លោក ហ៊ុន ម៉ាណែត និង​លើក​តម្កើង​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ប៉ុណ្ណោះ ដើម្បី​បិទ​បាំង​ការពិត​ដែល​ជា​ទង្វើ​អាក្រក់​របស់​ពួកគេ ខណៈ​អង្គភាព​សារព័ត៌មាន​ដែល​បង្កើត​ឡើង​ដើម្បី​ជា​មុខរបរ ដូចជា​ក្រុម​រក​លុយ​តាម​អនឡាញ (MMO) ក៏​ជា​កត្តា​មួយ​ក្នុង​ការ​ជួយ​បិទ​បាំង​ការ​ដឹកនាំ​ដ៏​អាក្រក់​នៃ​រដ្ឋាភិបាល​នេះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា មេដឹកនាំ​ក្រាញ​អំណាច​បន្ត​ត្រកូល​ដូច​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពេញចិត្ត​នឹង​មាន​អង្គភាព​សារព័ត៌មាន​ដែល​បង្កើត​មាតិកា​បំផ្លាញ​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ដូចជា ប្តី​ប្រពន្ធ​អ្នក​លក់​ឡេ​ឈ្លោះ​គ្នា អ្នក​ប្រដាល់​ឈ្លោះ​គ្នា និង​អ្នក​រកស៊ី​អនឡាញ​ឈ្លោះ​គ្នា ជាដើម។

លោក​គូស​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ទាំងនេះ​បាន​ជួយ​លុប​បំបាត់​នូវ​ព័ត៌មាន​ដែល​ជួយ​បើក​កកាយ​ពី​បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍ បញ្ហា​អំពើពុករលួយ បញ្ហា​រំលោភ​ដីធ្លី និង​វិបត្តិ​នយោបាយ​ស្ទើរតែ​ទាំងស្រុង ដែល​ជា​ហេតុ​ជួយ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​រួច​ខ្លួន​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ដឹកនាំ​ទៅ​រក​ការ​បំផ្លាញ​ជាតិ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្មែរ។

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ដ្រា បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ព័ត៌មាន និង​សន្តិសុខ​ព័ត៌មាន ដោយ​បញ្ជា​ឱ្យ​គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បំពេញ​មុខនាទី​ឱ្យ​បាន​ហ្មត់ចត់ ក្នុង​ការ​ត្រួតពិនិត្យ​ការ​ផ្សាយ និង​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​លើ​ការ​ប្រឆាំង ទប់ស្កាត់ និង​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​តាម​គ្រប់​មធ្យោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក នេត្រ ភក្ដ្រា លើកឡើង​ថា គណៈកម្មការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ត្រូវ​មាន​ភារកិច្ច​ដាក់​ចេញ​នូវ​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចរិត​បំពុល​សង្គម ដែល​អាច​បង្ក​មហន្តរាយ​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ សុខដុមនីយកម្ម សណ្ដាប់ធ្នាប់​សង្គម និង​កិត្យានុភាព​ប្រទេស​កម្ពុជា ជាដើម។

ចំណែកឯ​អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល ដូចជា ទូរទស្សន៍ ជាដើម ផ្សព្វផ្សាយ​តែ​ពី​សមិទ្ធផល​ដែល​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ចំណែកឯ​រឿង​ណា​ដែល​បង្ហាញ​ពី​ភាព​ខ្វះ​ចន្លោះ​ខាង​រដ្ឋាភិបាល ពួកគេ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​នោះ​ទេ ដែល​នេះ​គឺជា​បញ្ហា​សង្គម​ធំ​ណាស់​ក្នុង​នាម​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​របស់​ខ្លួន​លាក់បាំង​ការពិត។

លោក វ៉ន ចាន់ឡូត ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ ទាំង​រដ្ឋាភិបាល និង​វិស័យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន នាំគ្នា​បំពុល​ប្រជាពលរដ្ឋ​ខ្លួនឯង​ដោយ​ការ​ផ្សព្វផ្សាយ​តែ​រឿង​គ្មាន​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ ខណៈ​បញ្ហា​ព្រំដែន បញ្ហា​អន្តោប្រវេសន៍ បញ្ហា​អំពើពុករលួយ បញ្ហា​រំលោភ​ដីធ្លី និង​វិបត្តិ​នយោបាយ ជាដើម នៅតែ​ត្រូវ​បាន​បិទបាំង​មិន​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ទៅវិញ។

កាលពី​ចុង​ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន បាន​បង្ហាញ​សេចក្តី​រាយការណ៍​ថា ប្រទេស​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ ដោយ​សំអាង​តែ​លើ​បរិមាណ ថា​បច្ចុប្បន្ន​នេះ សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​គឺ​មាន​ចំនួន​ដល់​ទៅ​ជាង ៦០០​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ មាន​ជាង ៨០០​អង្គភាព (៨៧៨​អង្គភាព) វិទ្យុ FM ដែល​កំពុង​ដំណើរការ​ផ្សាយ​មាន​ជាង ២០០​ស្ថានីយ (២២១​ស្ថានីយ) និង​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​រហូត​ដល់​ទៅ​ជិត ២០០​ស្ថានីយ​ផង​ដែរ (១៩០​ស្ថានីយ)។

យ៉ាងណា​ក៏ដោយ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣ នា​ដើម​ខែ​ឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤៧ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​អាក្រក់​មួយ ក្រោយ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រាជរដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សព្វថ្ងៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា ជា​លទ្ធផល​នៃ​យុទ្ធនាការ​បោស​សម្អាត​សារព័ត៌មាន​ឯករាជ្យ ពលរដ្ឋ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​តែ​ពី​ស្ថាប័ន​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ ជាក់ស្តែង កូនស្រី​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ដែល​កាន់កាប់​កាសែត ទស្សនាវដ្ដី ស្ថានីយ​វិទ្យុ បណ្ដាញ​ទូរទស្សន៍ និង​គេហទំព័រ​អ៊ីនធឺណិត​នៅ​កម្ពុជា​ទាំងអស់ ដូចជា​សារព័ត៌មាន Fresh News ជាដើម ដែល​ជា​ស្ថាប័ន​ឃោសនា​នយោបាយ​ឱ្យ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​បក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​គំរាម​ជា​រឿយៗ​ចំពោះ​ពលរដ្ឋ​ណា​និយាយ​ប៉ះពាល់​ដល់​បក្ស​នយោបាយ​ចាប់កំណើត​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន បង្កើត​ឡើង​ដោយ​មេ​មនោគមន៍វិជ្ជា​កុម្មុយនីស្ត​យៀកណាម ឡេ ឌឹកថ ទោះ​វា​ជា​ការពិត​ក៏ដោយ។ រឿង​ពិត​ណា​ដែល​រែង​ស្លែង លោក​គំរាមកំហែង​ប្តឹង​តាម​តុលាការ​ក្រោម​បង្គាប់​លោក ដើម្បី​ផ្ដន្ទាទោស​អ្នក​និយាយ​ការពិត ហើយ​និង​រឹបអូស​យក​ទ្រព្យសម្បត្តិ​គេ។

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ធ្វើ​ដូច​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ គឺ​នឹង​អនុវត្ត​ច្បាប់​ក្រុម​ខ្លួន​បង្កើត ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​ជន​ណា​និយាយ​មិន​ល្អ​ចំពោះ​កងទ័ព​រុស្ស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស