34.7 C
Phnom Penh

យុវជន​ភូមា​ចាប់ផ្ដើម​រក​ច្រក​ចេញពី​ប្រទេស​ដោយ​គេច​ចេញពី​កំណែន​កងទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​ប្រហែល​ចន្លោះ​ពី ១​ពាន់​ទៅ ២​ពាន់​នាក់ ភាគច្រើន​ជា​យុវជន​បាន​នាំគ្នា​មក​តម្រង់​ជួរ​នៅ​ខាងមុខ​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​យ៉ាងហ្គន ដែល​មនុស្ស​ប្រុស​ស្រី​ទាំងនោះ​ព្យាយាម​ស្វែងរក​ផ្លូវ​ចាកចេញ​ពី​ប្រទេស​ភូមា បន្ទាប់ពី​រដ្ឋាភិបាល​យោធា​ទើប​តែ​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​អនុវត្ត​ការ​បំពេញ​កាតព្វកិច្ច​យោធា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ នេះ ឲ្យ​ដឹង​ថា ស្ថានទូត​ថៃ នៅ​ទីក្រុង Yangon ពោរពេញ​ទៅ​ដោយ​បុរស និង​ស្ត្រី​ជា​យុវជន ដែល​ព្យាយាម​ស្វែងរក​ទិដ្ឋាការ​ដើម្បី​ចាកចេញ​ពី​ប្រទេស​ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល។

កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ច្បាប់​ស្ដីពី​ការ​តម្រូវ​ឱ្យ​ប្រជាជន​ចូល​បំពេញ​កាតព្វកិច្ច​យោធា នឹង​ត្រូវ​អនុវត្ត​នៅ​ខែ​មេសា ខាងមុខ។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ចន្លោះ​ប្រហែល​ពី ១​ពាន់​ទៅ ២​ពាន់​នាក់ នាំគ្នា​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​អន្លាយ​នៅ​ខាងមុខ​ស្ថានទូត​ថៃ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ១០​ដង បើ​ធៀប​ទៅ​នឹង​មួយ​ខែ​មុន​នេះ គឺ​មាន​មនុស្ស​ចំនួន​មិន​ដល់ ១០០​នាក់​បាន​សុំ​ទិដ្ឋាការ​ចាកចេញ​ពី​ប្រទេស​ភូមា។

កាលពី​ចុង​សប្តាហ៍​មុន របប​សឹក​មីយ៉ាន់ម៉ា បាន​ប្រកាស​ថា ខ្លួន​នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ដែល​តម្រូវ​ឱ្យ​មាន​ការ​កែន​យុវជន​ជា​បុរស​អាយុ​ចាប់ពី ១៨​ឆ្នាំ​ដល់ ៣៥​ឆ្នាំ និង​ជា​ស្ត្រី​អាយុ​ចាប់ពី ១៨​ឆ្នាំ​ដល់ ២៧​ឆ្នាំ ឱ្យ​ចូល​បម្រើ​កងទ័ព​សម្រាប់​រយៈពេល​យ៉ាងហោច ២​ឆ្នាំ។

គិត​ចាប់តាំងពី​ការ​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០២១ មក នា​ពេលនេះ រដ្ឋាភិបាលយោធា​ភូមា កំពុង​ប្រឈម​ការ​លំបាក​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ការ​បង្ក្រាប​ចលនា​បះបោរ​ប្រឆាំង​របប​ខ្លួន ជាពិសេស​ក្រោយ​មាន​ការ​វាយលុក​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​សម្ព័ន្ធ​ចលនា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​តាំងតែ​ពី​ខែ​តុលា ឆ្នាំ​២០២៣ មក​នេះ។

ដំណាក់កាល​ចុងក្រោយ​នេះ របប​សឹក​ភូមា ទន់​ដៃ​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​ទីតាំង​ឈរជើង​របស់​ខ្លួន ដែល​យ៉ាងហោចណាស់ សមរភូមិ​ដល់​ជាង ៤០ បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​សម្ព័ន្ធ​ចលនា​ប្រឆាំង​របប​សឹក។

ចលនា​តស៊ូ​រំដោះ​ជាតិ ដែល​ជា​កងកម្លាំង​សម្ព័ន្ធ​យោធា​ចំនួន​បី​រួម​គ្នា ហើយ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ប្រដាប់​ដោយ​អាវុធ រួម​នឹង​កម្លាំង​រដ្ឋាភិបាល​ស្រមោល ដែល​ពួក​យោធា​ប្លន់​អំណាច គឺជា​កម្លាំង​រួម​គ្នា​កំពុង​មាន​ប្រៀប​ខ្លាំង​ក្នុង​សមរភូមិ​នៅ​ទូទាំង​ប្រទេស។

សម្ព័ន្ធ​យោធា​នេះ បាន​វាយប្រហារ​ដណ្តើម​កាន់កាប់​យក​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​របប​សឹក ទាំង​នៅ​ប៉ែក​ខាងជើង​ប្រទេស តាម​ព្រំដែន​ឥណ្ឌា និង​តាម​ព្រំដែន​ប្រទេស​ចិន ដែល​សុទ្ធសឹង​ជា​តំបន់​ពាណិជ្ជកម្ម​ភូមា នាំ​ទំនិញ​ចេញ​ទៅ​កាន់​ប្រទេស​ចិន និង​ឥណ្ឌា។

ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​វាយ​កាន់កាប់​បាន​ទីតាំង​ឈរជើង​កាន់តែ​ច្រើន​ឡើងៗ ពួក​យោធា​ភូមា​មួយ​ចំនួន​បាន​រត់​ចោល​ជួរ ហើយ​ខ្លះ​ទៀត​រត់​ចូល​ទឹកដី​ឥណ្ឌា និង​ទឹកដី​ចិន រហូត​មាន​ទាំង​ឧត្តមសេនីយ៍​ទៀត​ផង។ នា​ពេល​ថ្មីៗ​នេះ ពួក​យោធា​ចាប់​ខ្លួន​ឧត្តមសេនីយ៍ ៦​រូប ហើយ ៣​រូប​កាត់ទោស​ប្រហារ​ជីវិត ព្រោះតែ​ដឹកនាំ​ទ័ព​ចុះចូល​ក្រុម​ប្រឆាំង និង​រត់​ចោល​សមរភូមិ។

ចំណែក​ព័ត៌មាន​ចុងក្រោយ​បាន​ឱ្យ​ដឹង​ថា កងទ័ព​នៃ​របប​សឹក​ភូមា កំពុងតែ​បាក់​ទឹកចិត្ត​ប្រយុទ្ធ​ដែល​រាប់​តាំងពី​ទាហាន​ថ្នាក់​ទាប​ដល់​នាយ​យោធា​ថ្នាក់ខ្ពស់ ក៏​រត់​ចោល​សមរភូមិ​ដែរ។

ប្រទេស​ភូមា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ការ​បិទ​បញ្ចប់​សម័យកាល​ប្រជាធិបតេយ្យ​មាន​អាយុ​ត្រឹម ៥​ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ប្រជាធិបតេយ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី។

នៅ​ក្នុង​អន្តរកាល​នេះ សហគមន៍​អន្តរជាតិ អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​សមាគម​អាស៊ាន នៅតែ​បង្ខំ​ឱ្យ​ពួក​យោធា​អនុវត្ត​គោលការណ៍​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ចាកាតា។

ផែនការ​ប្រាំ​ចំណុច​នេះ​រួម​មាន បង្ខំ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​មាន​ទាំង​អ្នកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្ត្រី​ការបរទេស និង​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​ប្រធានាធិបតី មីនម្យីន។ អ្នកទោស​នយោបាយ​ដែល​ពួក​យោធា​ចាប់​ឃុំ​ខ្លួន​យ៉ាងតិច​មាន ៣០០​នាក់។ ចំណែក​អ្នកស្រី អ៊ុងសាន ស៊ូជី មាន​ទោស​ជាង ៣០​ឆ្នាំ។

នៅ​ពេលនេះ អ្នកស្រី ស៊ូជី ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ជាយ​ទីក្រុង​ណៃពិដោរ នៅ​ពេល​ដែល​អ្នកទោស​នយោបាយ​រាប់​រយ​នាក់​ទៀត​ឃុំ​ខ្លួន​នៅ​ក្នុង​គុក។ ប្រជាជន​ភូមា ដែល​ស្រឡាញ់​សន្តិភាព​ប្រជាធិបតេយ្យ ជាពិសេស​គឺ​យុវជន សម្រុក​កាន់​អាវុធ​ជាមួយ​នឹង​ក្រុម​ប្រឆាំង​របប​សឹក។

នៅ​ពេល​ដែល​យុវជន​ភាគច្រើន​ចូលរួម​ប្រឆាំង​នឹង​របប​សឹក​នេះ គេ​សង្កេត​ឃើញ​ថា របប​សឹក​កំពុងតែ​បាត់បង់​កម្លាំង​ប្រយុទ្ធ​របស់​ខ្លួន​យ៉ាង​ខ្លាំង ព្រោះតែ​យុវជន​លែង​គាំទ្រ​របប​នេះ លើកលែងតែ​យុវជន​នៃ​គ្រួសារ​បក្សពួក​របស់​របប​សឹក​តែប៉ុណ្ណោះ។

អ្នក​សង្កេតការណ៍ អ្នកវិភាគ មើល​ឃើញ​ថា ចាប់ពី​ថ្ងៃ​នេះ​តទៅ មិន​រំពឹង​ថា​យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើ​កងទ័ព​តាម​ច្បាប់​ចាប់​បង្ខំ​នេះ​នោះ​ទេ ព្រោះតែ​សង្គ្រាម​ស៊ីវិល​មិន​ត្រឹមតែ​នៅ​តាម​ព្រំដែន​ទេ​កំពុងតែ​ផ្ទុះ​ខ្លាំង សូម្បីតែ​នៅ​ទីក្រុង​ក្បែរ​ទីតាំង​បញ្ជាការ​ធំៗ​របស់​ពួក​យោធា ក៏​មាន​ការ​ពើប​ប្រយុទ្ធ​គ្នា​ផង​ដែរ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ទៀត​ថា ចាប់​ពេលនេះ​ទៅ ពួក​យោធា​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​រាំង​ខ្ទប់​យុវជន​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស ហើយ​អាច​ដាក់​ទណ្ឌកម្ម​លើ​យុវជន​ណា​ដែល​ស្វែងរក​ច្រក​ចេញ​ទៅ​ក្រៅ​ប្រទេស។

តាម​អ្នក​សង្កេតការណ៍ យុវជន​ភូមា​រង់ចាំ​តែ​ឱកាស​មក​ដល់ ដើម្បី​ផ្ដួល​រំលំ​របប​សឹក​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស