35 C
Phnom Penh

សង្គម​ស៊ីវិល​ព្រមាន​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំ​នៅ​ជប៉ុន​ឱ្យ​ពិនិត្យ​លើ​រោងចក្រ វីង​ស្ដារ​ស៊ូ ករណី​រំលោភ​សេរីភាព​សហជីព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ ព្រមាន​ធ្វើ​លិខិត​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​ប្រទេស​ជប៉ុន ឱ្យ​ពិនិត្យ​លើ​ក្រុមហ៊ុន វីង​ស្ដារ​ស៊ូ ប្រសិនបើ​តុលាការ​ខេត្ត​កំពង់ស្ពឺ ធ្វើការ​ចោទ​ប្រកាន់​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព លោក ជា ចាន់ ពី​បទល្មើស​ណា​មួយ និង​គ្មាន​ការ​ដោះលែង​រូបលោក​ទេ​នោះ។

អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា អង្គការ​សង់ត្រាល់​បាន​ប្រមូល​របាយការណ៍​ជាច្រើន​ពី​ភាព​មិន​ប្រក្រតី​មុន​ពេល​ដែល​កម្មករ​រោងចក្រ វីង​ស្តារ​ស៊ូ បង្កើត​សហជីព អំឡុង​ពេល​បង្កើត​សហជីព និង​ដំណើរការ​របស់​សហជីព។

លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ នៅ​ពេលនេះ គឺ​ហាក់ដូចជា​ជួន​គ្នា​ពេក គឺ​ចំ​ពេល​ដែល​ក្រុមហ៊ុន​កំពុង​រារាំង​មិន​ឱ្យ​បង្កើត​សហជីព ដែល​រូបភាព​បែប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រើសអើង​សហជីព​ពី​សំណាក់​រោងចក្រ វីង​ស្តារ​ស៊ូ យ៉ាង​ធ្ងន់ធ្ងរ។

លោក ឃុន ថារ៉ូ លើកឡើង​ថា ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ឈ្មោះ​ក្រុមហ៊ុន អាស៊ិក គឺជា​ក្រុមហ៊ុន​ធំ​ដែល​បាន​បញ្ជា​ទិញ​ពី​រោងចក្រ វីង​ស្តារ​ស៊ូ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​ចែង​ពី​លក្ខខណ្ឌ​របស់​ខ្លួន​ជុំវិញ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​កម្មករ​និយោជិត​ដែរ ជាពិសេស​គឺ​សិទ្ធិ​សេរីភាព​សហជីព​តែម្តង ដូច្នេះ​នេះ​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​រោងចក្រ វីង​ស្តា​ស៊ូ ដែល​ប្រើ​សិទ្ធិ​រំលោភ​លើ​សេរីភាព​សហជីព​ជុំវិញ​ការ​ចាប់​ខ្លួន​លោក ជា ចាន់ នេះ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា លិខិត​របស់​សហជីព​សកល IndustriALL Global Union ដែល​បាន​ផ្ញើ​ទៅ​ឱ្យ​នាយក​រោងចក្រ វីង​ស្តារ​ស៊ូ នៅ​ពេលនេះ គឺជា​ការ​ដាស់តឿន​ដ៏​ជាក់លាក់​មួយ​ក្នុង​ការ​លើកលែង​ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ ដែល​ជា​ប្រធាន​សហជីព​ជាប់​ឆ្នោត​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​បើ​ក្រុមហ៊ុន វីង​ស្តារ​ស៊ូ នៅតែ​បន្ត​រំលោភ​សិទ្ធិ​សេរីភាព​សហជីព​បន្ត​ទៀត សហជីព​សកល IndustriALL Global Union ប្រាកដ​ជា​នឹង​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន វីង​ស្តារ​ស៊ូ ទាំងអស់ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហជីព​លោក ជា ចាន់ ជាមិនខាន។

កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សហជីព​សកល IndustriALL Global Union បាន​ចេញ​លិខិត​ថ្កោលទោស​មួយ​ទៅ​កាន់​នាយក​រោងចក្រ Wing Star Shoes លោក Chiu Ching TING បន្ទាប់ពី​លោក ជា ចាន់ ដែល​ជា​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​នៅ​រោងចក្រ វីង​ស្តារ​ស៊ូ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កម្រោល​ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​គ្មាន​ដីកា​របស់​តុលាការ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ។

សហជីព​សកល​លើកឡើង​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​សាខា​ដែល​ប្រចាំ​នៅ​កម្ពុជា គឺ​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​លោក ជា ចាន់ ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» សម្ភារៈ​រោងចក្រ​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។ ប្រភព​ខាងលើ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ នៅ​ពេលនេះ គឺជា​ឧបាយកល​បង្ក្រាប​សហជីព បន្ទាប់ពី​លោក ជា ចាន់ បដិសេធ​ទទួល​យក​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​បោះបង់​ការ​បង្កើត​សហជីព​នៅ​រោងចក្រ​ថៅកែ​ចិន​នេះ​តែប៉ុណ្ណោះ។

សហជីព​សកល IndustriALL Global Union ដែល​តំណាង​ឱ្យ​កម្មករ​ជាង​ហាសិប​លាន​នាក់​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម រួម​មាន​សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និង​វិស័យ​ស្បែក​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង អំពាវនាវ​ដល់​ក្រុមហ៊ុន Wing Star Shoes ខេមបូឌា ខូអិលធីឌី ឱ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​កម្មករ​ជា​មូលដ្ឋាន ជាពិសេស​គឺ​ការ​រំលោភ​លើ​សិទ្ធិ​សហជីព​ដែល​រោងចក្រ​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កម្មករ​រោងចក្រ Wing Star Shoes បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​សហជីព​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​របស់​កម្ពុជា ក្នុង​នោះ លោក ជា ចាន់ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន ខណៈ​កម្មករ​និយោជិត ៩​នាក់​ផ្សេង​ទៀត គឺ​ជាប់​ជា​ថ្នាក់ដឹកនាំ និង​ស្ថាបនិក​សហជីព។

យ៉ាងណាក៏ដោយ ក្រោយ​ការ​បង្កើត​សហជីព តំណាង​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ចុះបញ្ចូល និង​ផ្ញើ​សារ​បំភិតបំភ័យ ក្នុង​គោលបំណង​ឱ្យ​លោក ជា ចាន់ និង​ស្ថាបនិក​សហជីព​ផ្សេង​ទៀត​បោះបង់​ការ​បង្កើត​សហជីព​ក្នុង​បំណង​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​នៅ​កន្លែង​ធ្វើការ​នេះ ប៉ុន្តែ​ត្រូវ​ពួកគេ​បដិសេធ។

បន្ទាប់ពី​ស្ថាបនិក​សហជីព​បដិសេធ​ការ​បញ្ចុះបញ្ចូល​របស់​រោងចក្រ ស្រាប់តែ​នៅ​ថ្ងៃទី​១៤ កុម្ភៈ លោក ជា ចាន់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កម្រោល​ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​គ្មាន​ដីកា​របស់​តុលាការ។

ក្រោយ​ការ​ចាប់​ខ្លួន​បាន ៣​ថ្ងៃ នៅ​ថ្ងៃទី​១៧ កុម្ភៈ តុលាការ​បាន​សម្រេច​ចោទប្រកាន់​លោក ជា ចាន់ ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» និង​ឈ្មោះ ដួង សំណាង ពី​បទ «លួច» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង​ស្តារ​ស៊ូ កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ចេញ​របាយការណ៍​មួយ​កាលពី​ពេល​កន្លង​ទៅ​ថា នៅ​កម្ពុជា​មាន​តែ​សហជីព​ដែល​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ថៅកែ​រោងចក្រ​ប៉ុណ្ណោះ ទើប​អាច​បន្ត​រស់​រាន​មាន​ជីវិត​បាន​ល្អ ប៉ុន្តែ​សហជីព​ឯករាជ្យ​តែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​សំណាក់​ថៅកែ និង​រដ្ឋាភិបាល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស