សមាជិកមួយចំនួននៃសហគមន៍សំរោងខាងត្បូង បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន ខណៈពួកគេចុះទៅហាមឃាត់គ្រឿងចក្រអេស្កាវ៉ាទ័រឲ្យបញ្ឈប់សកម្មភាពកាយដីរបស់ពួកគេដើម្បីធ្វើប្រឡាយទឹក។
គេហទំព័រអង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហោះនៅថ្ងៃទី២៧ ខែកុម្ភៈ កន្លងមកថា កាលពីព្រឹកថ្ងៃទី២៧ កុម្ភៈ មានផ្ទុះហេតុការណ៍ប្រវាយប្រតប់គ្នារវាងកងកម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ និងសហគមន៍សំរោងខាងត្បូង ដែលបានធ្វើឲ្យស្ត្រីម្នាក់សន្លប់បាត់ស្មារតី និងការស្រែកយំរបស់ពលរដ្ឋផ្សេងទៀត ដើម្បីទាមទាររកអ្នកទទួលខុសត្រូវលើទង្វើនេះ។
ប្រភពដដែលបានសរសេរថា ការប្រឈមមុខដាក់គ្នានៅពេលនេះដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនឹងសន្តិសុខចំនួន ១០នាក់ ត្រូវបានដាក់ពង្រាយដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍។ សមាជិកសហគមន៍មួយចំនួនបានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ។
ប្រភពខាងលើអះអាងថា ការឈូសឆាយដោយមានវត្តមានកងកម្លាំងនគរបាលចំនួនប្រហែលជាង ២០០នាក់ មាននគរបាលប្រមាណជាង ៥០នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ ម្នាក់ផងដែរ។ អាជ្ញាធរមួយចំនួនបានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀតដែលមាននគរបាលផង និងអាជ្ញាធរស្លៀកពាក់ស៊ីវិលផង បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ។
ប្រធានកម្មវិធីសិទ្ធិរស់នៅក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុនឯកជនលុបផ្ទៃបឹងតាមោក ជិតអស់ ក៏ធ្វើឲ្យគ្មានផ្លូវទឹក អាជ្ញាធរបានចាប់ផ្ដើមកាយប្រឡាយទឹកលើដីសហគមន៍ដែលកំពុងមានទំនាស់ នេះជាដើមហេតុធ្វើឲ្យផ្ទុះឡើងប្រឆាំងនឹងសមត្ថកិច្ច។
លោក ស៊ាង មួយឡៃ លើកឡើងថា ទីតាំងដីនេះមិនស្ថិតនៅក្នុងប្លង់គោលប្រើប្រាស់ដីក្នុងរាជធានីភ្នំពេញឡើយ ហើយប្រជាពលរដ្ឋបានទៅរស់នៅទីនោះតាំងពីឆ្នាំ១៩៩៦ ដោយមានផ្ទះចំនួន ៧៦ខ្នង។
សមាជិកសហគមន៍មួយចំនួនក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ករណីកំពុងដំណើរការចាប់តាំងពីឆ្នាំ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគាត់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

