ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងស្នងការនគរបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវពង្រឹងការគ្រប់គ្រង និងចាត់វិធានការចំពោះការប្រើប្រាស់ផ្លាកលេខយានយន្ត «នគរបាល» ឬ «ន.ប» ជាលក្ខណៈឯកជន ខុសពីគោលការណ៍ច្បាប់កំណត់ បន្ទាប់ពីលោកសង្កេតឃើញយានយន្តដែលមានផ្លាកលេខ «ន.ប» មួយចំនួននៅកាស៊ីណូ និងខារ៉ាអូខេ។
ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ កុម្ភៈ លោក ស សុខា ថាមន្ត្រីក្រោមដែនសមត្ថកិច្ចក្រសួង ជាពិសេសមន្ត្រីនគរបាល បានប្រើប្រាស់ផ្លាកលេខយានយន្តខុសទំនង ព្រោះលោកបានឃើញយានយន្តដែលដាក់ផ្លាកលេខ «ន.ប» មួយចំនួននៅកាស៊ីណូ និងខារ៉ាអូខេ ឬ KTV ជាដើម។
លោក ស សុខា បានថ្លែងថា លោកសូមឱ្យអគ្គស្នងការ និងស្នងការគ្រប់ខេត្តទាំងអស់ យកចិត្តទុកដាក់លើអ្នកប្រើប្រាស់ផ្លាកលេខ ន.ប។ បើចាំបាច់ ឬខុសច្បាប់ ដកស្លាកលេខចេញ។ លោកថា ការប្រើប្រាស់ផ្លាកលេខ ន.ប នៅតាមបណ្ដាខេត្តឃើញមានការកើនឡើង។ លោកបន្តថា ឡានដាក់ផ្លាក ន.ប មិនអាចឱ្យនរណាខ្ចីបានទេ! របស់បុគ្គលណា គឺរបស់បុគ្គលនោះ សូមប្រើប្រាស់ឱ្យចំមុខចំជំនាញ។
កន្លងមក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្គាប់ប្រធានសេនាធិការដ្ឋាន នាយកដ្ឋាន អង្គភាព និងស្នងការនគរបាលទាំង ២៥រាជធានី-ខេត្ត ឲ្យបិទរូបសញ្ញានគរបាលជាតិ ឈ្មោះអង្គភាព និងអក្សរ POLICE នៅទ្វារមុខសងខាងរថយន្ត និងលើឃ្លុបក្រោយយានយន្តទាំងអស់ដែលពាក់ស្លាកលេខនគរបាល។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា រថយន្ត និងទោចក្រយានយន្តដែលមានពាក់ផ្លាកលេខខេមរភូមិន្ទ ឬ ខ.ម និងពាក់ផ្លាកលេខនគរបាល ឬ ន.ប ត្រូវគេសង្កេតឃើញជនពាក់ឯកសណ្ឋានស៊ីវិល យុវជន និងជនជាតិចិន បានប្រើប្រាស់ និងកំពុងប្រើប្រាស់រាល់ពេលជាមធ្យោបាយធ្វើដំណើរជាលក្ខណៈគ្រួសារ ឬធ្វើចរាចរជាការកម្សាន្តនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា ដោយផ្ទុយទៅនឹងច្បាប់ ហើយរថយន្តភាគច្រើនដែលមានពាក់ផ្លាកលេខខេមរភូមិន្ទ ឬពាក់ផ្លាកលេខនគរបាល នោះគេសង្កេតឃើញថា មិនមានពាក់រូបសញ្ញាខេមរភូមិន្ទ ឬរូបសញ្ញានគរបាលជាតិនៅលើជញ្ជាំងរថយន្តនោះឡើយ។
ទាក់ទិននឹងករណីប្រើប្រាស់ផ្លាកលេខរថយន្តរបស់អង្គភាពស្ថាប័នរដ្ឋ ពិសេសស្លាកលេខប៉ូលិស ឬនគរបាល និងខេមរភូមិន្ទសម្រាប់កងទ័ពនេះ ក្រសួងការពារជាតិកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ឬខេមរភូមិន្ទ ផ្ទុយនឹងច្បាប់ ក្នុងនោះ ក្រសួងការពារជាតិ ក៏បានប្រកាសថាមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់ផ្លាកលេខឡានខេមរភូមិន្ទ ឬ ខ.ម ឡើយ។
មួយរយៈចុងក្រោយនេះ នៅតែមានជនជាតិចិន ជិះឡានពាក់ផ្លាកលេខខេមរភូមិន្ទ ឬ ខ.ម ហើយបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកគេចចេញពីកន្លែងកើតហេតុ។ ករណីនោះ បានកើតឡើងនៅខេត្តព្រះសីហនុ កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ អ្នកតាមដានបានសង្កេតឃើញថា មានជនជាតិចិន ស្លៀកពាក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ និងឋានន្តរស័ក្តិរបៀបកងទ័ពខ្មែរមួយចំនួនដែរ ប៉ុន្តែមិនដឹងថាមានមូលហេតុអ្វី៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

