កាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង ៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយសារតែបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរក្រោយពីវិបត្តិជំងឺកូវីដ-១៩។
យោងតាមសេចក្តីជូនដំណឹងពីកាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
កាសែតភ្នំពេញប៉ុស្តិ៍ បានរៀបរាប់ទៀតថា ម្ចាស់ភាគហ៊ុនបានខិតខំបណ្ដាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ ប៉ុន្តែនៅតែមិនអាចទ្រទ្រង់ការខាតបង់បន្តទៅទៀតបាន។ ហេតុនេះ ម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្តីសោកស្តាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តែម្តង។
កាសែតភ្នំពេញប៉ុស្តិ៍ បានចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជា នៅខែកក្កដា ឆ្នាំ១៩៩២ ដែលមានចាងហ្វាងបោះពុម្ពផ្សាយ និងនិពន្ធនាយកជនជាតិអាមេរិកាំង លោក ម៉ៃឃើល ហេយ៍ (Michael Hayes)។ ដំបូងឡើយ កាសែតនេះបានបោះពុម្ពផ្សាយរៀងរាល់ពីរសប្តាហ៍ម្តង ហើយបានកែប្រែជាកាសែតប្រចាំថ្ងៃនៅឆ្នាំ២០០៨ បន្ទាប់ពីកាសែតនេះត្រូវបានលក់ទៅឲ្យអ្នកជំនួញជនជាតិអូស្ត្រាលី គឺលោក រ៉ូស ដាំងឃ្លី (Ross Dunkley) ដែលជាអ្នកបង្កើតក្រុមហ៊ុនប៉ុស្តិ៍មេឌា។
កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានសម្ពោធការចុះផ្សាយនៅឆ្នាំ២០០៩ ហើយនាពេលបច្ចុប្បន្ន កាសែតនេះមានប្រជាប្រិយភាពជាងកាសែតភ្នំពេញប៉ុស្តិ៍ភាសាអង់គ្លេស។ កាសែតនេះមានការបោះពុម្ពចំនួន ៣ផ្នែក គឺកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ភាសាខ្មែរ និង Post Weekend (ដំណើរការក្នុងឆ្នាំ២០១៤)។ គ្រប់ផ្នែកទាំងអស់ ត្រូវបានចុះបញ្ជីក្រោមក្រុមហ៊ុន Post Media Company Ltd។
កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ត្រូវបានគេជឿថា ចំនួនចែកចាយមាន ២១៥៧០ច្បាប់ក្នុងមួយថ្ងៃ ហើយក្នុងមួយច្បាប់មានអ្នកអានចំនួន ៤នាក់ (សរុបចំនួន ៨៦២៨០) ហើយកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរមានចំនួនចែកចាយ ២៩៧៥៤ច្បាប់ក្នុងមួយថ្ងៃ និងមានចំនួនអ្នកអានសរុបចំនួន ១៧៨៥២៤នាក់។
កាសែតភ្នំពេញប៉ុស្តិ៍ នៅតែយកចិត្តទុកដាក់លើវិជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មានស្រដៀងនឹងកាសែត ឌឹ ខេមបូឌា ដេលី។ កាសែតភ្នំពេញប៉ុស្តិ៍ទាំងពីរភាសា ត្រូវបានលក់ទៅឲ្យម្ចាស់ថ្មីដែលជាវិនិយោគិនជនជាតិម៉ាឡេស៊ី Sivakumar G កាលពីខែឧសភា ឆ្នាំ២០១៨។ បន្ទាប់ពីផ្លាស់ប្ដូរម្ចាស់ កាសែតមួយនេះក៏បានផ្លាស់ប្ដូរមាតិកាព័ត៌មានរបស់ខ្លួនផងដែរ ដោយពុំហ៊ានចុះផ្សាយរិះគន់រដ្ឋាភិបាលដូចពីមុននោះទេ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

