29 C
Phnom Penh

អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះវិហារ​ចុះ​បង្ក្រាប​ដុត​ផ្ទះ​អ្នក​ស្រុក ចាប់​ពលរដ្ឋ​ដាក់​ឃុំ​ប្រមាណ​៣០​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់ នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់ពី​ចុះ​បង្ក្រាប​ដោយ​ដុត​បំផ្លាញ​ផ្ទះសម្បែង និង​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច និង​ភូមិ​ក្តាក់ ឃុំ​ស្រយ៉ង់ ស្រុក​គូលែន កាលពី​ថ្ងៃ​ពុធ ទី​៦ មីនា ខណៈ​ប្រជាពលរដ្ឋ​រងគ្រោះ​ស្រែក​យំ​អង្វរ​សុំ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយ៉ង់ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មីនា ថា អាជ្ញាធរ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយ៉ង់ និង​ភូមិ​ក្តាក់ ឃុំ​ត្បែងពីរ ទាំង​កម្រោល​ដោយ​ការ​បាញ់​គ្រាប់បែក​ផ្សែង ព្រមទាំង​ចាប់​ពួកគាត់​ដាក់​ឡាន​យក​ទៅ​ឃុំ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ប្រមាណ ៣០​នាក់ ក្រោម​លេស​ថា​ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅ​គ្មាន​ច្បាប់​ទម្លាប់​លើ​ដី​ក្រុមហ៊ុន​ឯកជន សីលាដាម៉ិច។

ប្រភព​ប្រជាពលរដ្ឋ​ខាងលើ​អះអាង​ថា ពួកគាត់​បាន​ទៅ​រស់នៅ​លើ​ដី​នោះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ ខណៈ​ក្រុមហ៊ុន សីលាដាម៉ិច មក​អភិវឌ្ឍ​នៅ​តំបន់​ភ្នំ​ម្រេច នេះ ក្រោយ​ពលរដ្ឋ​មក​រស់នៅ និង​អាស្រ័យ​ផល​នោះ​ទេ ប៉ុន្តែ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ទៅ​កាន់កាប់​តំបន់​នោះ ស្រាប់តែ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ក៏​ចុះ​ទៅ​គ្រប់គ្រង​តំបន់​នោះ​ដំណាល​គ្នា​ដែរ ក្រោយ​មក​ពួកគេ​ក៏​សហការ​គ្នា​ដេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​តែម្តង។

ប្រជាពលរដ្ឋ​ខាងលើ​បញ្ជាក់​ថា ក្រុមហ៊ុន សីលាដាម៉ិច បាន​ផ្អាក​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ក្នុង​តំបន់​នោះ​លក់​អស់​គ្មាន​សល់ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​បាន​ដាំ​ដើម​កៅស៊ូ​បាន​ប្រហែល ១០​ហិកតារ ខណៈ​ដី​ដែល​នៅ​ទំនេរ​ក៏​បាន​ជួល​ឱ្យ​ពលរដ្ឋ​តម្លៃ ១​លាន​រៀល​ក្នុង ១​ឆ្នាំ​លើ​ទំហំ​ផ្ទៃដី ១​ហិកតា។

អភិបាល​ស្រុក​គូលែន លោក ប៉ែន ជឹង បាន​អះអាង​កាលពី​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ បាន​ចុះ​ចាប់​បង្ខំ​ពលរដ្ឋ​ដែល​មក​ធ្វើ​ខ្ទម​រស់នៅ​តំបន់​ភ្នំ​ម្រេច ក្នុង​ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ពិត​មែន ព្រោះ​ពលរដ្ឋ​ដែល​មក​តាំងពី​លំនៅ​នៅ​តំបន់​នេះ មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​ស្រុក​គូលែន នេះ​ទេ គឺជា​ពលរដ្ឋ​ដែល​មកពី​ស្រុក​ស្វាយលើ និង​មកពី​ខេត្ត​ឧត្ដរមានជ័យ ប៉ុណ្ណោះ។

លោក ប៉ែន ជឹង អះអាង​ថា កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​នៅ​ពេលនេះ បាន​គប់​គ្រាប់បែក​ផ្សែង​ពិត​មែន ដើម្បី​រារាំង​ពលរដ្ឋ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា ព្រោះ​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពួកគាត់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ តែ​ពួកគាត់​មិន​ព្រម​រុះរើ​លំនៅឋាន​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​នោះ​ទេ ខណៈ​លំនៅឋាន​ទាំងនោះ​បាន​នាំ​ឱ្យ​ប៉ះ​ដល់​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សីលាដាម៉ិច យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណា​ក៏ដោយ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន សីលាដាម៉ិច បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​កន្លង​មក ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​កាន់កាប់​ដីធ្លី និង​បញ្ចេញមតិ​តែម្តង ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ក៏​បាន​អះអាង​ដែរ​ថា អ្នក​ភូមិ​បាន​ចូល​ទៅ​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​កំពុង​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ​២០១២ មក បាន​បង្កបង្កើនផល​ដាំ​ដំណាំ​ហូប​ផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូងមី ធ្វើ​ស្រែ និង​ដំណាំ​ផ្សេងៗ​ទៀត មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២២ ស្រាប់តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ និង​ផល​ដំណាំ​របស់​ពួកគាត់​ដោយ​ឥត​ផ្តល់​ដំណឹង​ជា​មុន ក្រោម​លេស​ថា ពួកគាត់​កំពុង​រស់នៅ​លើ​ដី​នោះ​ដោយ​ខុស​ច្បាប់។

ប្រជាពលរដ្ឋ​ចំនួន ១៣១​គ្រួសារ​ដែល​បាន​កាន់កាប់​ដី​ទំហំ ៦៤៩​ហិកតា នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ និង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ តាំងពី​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​២០១២ បាន​នាំគ្នា​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ស្នើសុំ​អន្តរាគមន៍ ដូចជា ស្ថាប័ន​រដ្ឋសភា ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ជាដើម ដើម្បី​សុំ​ឱ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះវិហារ ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ និង​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​បន្ត​ទៀត។

ខ្លឹមសារ​ក្នុង​ញត្តិ​នោះ បាន​រៀបរាប់​ថា នៅ​អំឡុង​ឆ្នាំ​២០២២ កម្លាំង​អាជ្ញាធរ​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​បញ្ជា​កម្លាំង និង​គ្រឿងចក្រ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​អស់​ប្រហែល ៦០​ខ្នង និង​ផល​ដំណាំ​ប្រហែល ៤៥០​ហិកតា​អស់​គ្មាន​សល់ ហើយ​បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅ និង​បាន​គំរាម​ប្តឹង និង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ថែម​ទៀត។

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ១៣១​គ្រួសារ ធ្លាប់​បាន​អះអាង​ថា ការ​ព្រមាន​វិធានការ​ច្បាប់​ដោយ​ការ​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​របស់​អាជ្ញាធរ​ស្រុក​គូលែន កន្លង​មក មិន​ដែល​មាន​ដីកា​តុលាការ​ណា​មួយ​បញ្ជាក់​ពី​កំហុស​របស់​ពួកគាត់​ទេ គឺ​អាជ្ញាធរ​គ្រាន់តែ​អះអាង​ដោយ​ខ្លួនឯង​ថា ពួកគាត់​រស់នៅ​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ ដូច្នេះ​ពួកគាត់​សុំ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ និង​សូម​កុំ​ឱ្យ​ជឿ​លើ​ពាក្យសម្ដី​របស់​អាជ្ញាធរ​មូលដ្ឋាន​ពេក ដើម្បី​ស៊ើបអង្កេត​ឱ្យ​ដឹង​រឿង​ពិត និង​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​រង​នូវ​ការ​បណ្ដេញ​ពី​លំនៅឋាន​ក្នុង​ពេលនេះ។

តាម​ឯកសារ​ចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អភិវឌ្ឍន៍ មាន​ទីស្នាក់ការ​នៅ​ក្រុង​ភ្នំពេញ ចុះបញ្ជី​នៅ​ឆ្នាំ​២០០៨ មាន​ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ឈ្មោះ អ៊ុក ហេឡែន និង​បុរស​ឈ្មោះ សំណាង សីមា មាន​នាយក​ឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុន​នេះ​មាន​អ្នក​ចូល​ភាគហ៊ុន​ឈ្មោះ ដួង វ៉ារី គង់ ចាន់ ប៉ាន់ គឹមសាន សំណាង ផល្លា សំណាង ធីតា សំណាង សីមា ទេព សំអាន ម៉ី វ៉ាន់ធា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស