36 C
Phnom Penh

អង្គការ​សង់ត្រាល់​ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ Y&W ដើម្បី​ស្វែងរក​ការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង់ត្រាល់ ព្រមាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​របស់​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដើម្បី​ស្វែងរក​ការពិត​ថា តើ​ក្រុមហ៊ុន​នេះ​ជួប​វិបត្តិ​គ្មាន​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​ខ្លួន​មែន​ឬ​យ៉ាង​ណា ដើម្បី​ជំរុញ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ​ទទួល​ខុសត្រូវ​ផ្តល់​សំណង​ទៅ​ដល់​កម្មករ​និយោជិត​ទៅ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា អង្គការ​សង់ត្រាល់​កំ​ពុង​ស្រាវជ្រាវ​ពី​មូលហេតុ​ពិតប្រាកដ​របស់​រោងចក្រ​កាត់ដេរ Y & W GARMENT ដែល​ប្រកាស​ក្ស័យធន​នៅ​ពេលនេះ ថា​តើ​បណ្តាល​មកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ មកពី​ខ្វះ​ក្រុមហ៊ុន​បញ្ជា​ទិញ ឬ​បណ្តាល​មកពី​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ ឬ​ក៏​បណ្តាល​មកពី​មូលហេតុ​អ្វី​ផ្សេង ព្រោះ​រោងចក្រ​នេះ​មិន​បាន​ប្រកាស​បិទ​ដំណើរការ​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​ច្បាប់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ប្រកាស​ក្ស័យធន ហើយ​ម្ចាស់​ក្រុមហ៊ុន​រត់​ចោល​រោងចក្រ​តែម្តង។

លោក ឃុន ថារ៉ូ លើកឡើង​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ម្ចាស់​រោងចក្រ​មួយ​ចំនួន​ប្រកាស​ក្ស័យធន​បែប​នេះ​ដែរ ព្រោះតែ​ពួកគេ​មាន​ចេតនា​គេចវេះ​មិន​ចង់​ផ្តល់​សំណង​ដល់​កម្មករ​និយោជិត​តាម​ផ្លូវ​ច្បាប់ ដូច្នេះ​ការ​ស្រាវជ្រាវ​ឱ្យ​ដឹង​ការពិត​ពី​ការ​ប្រកាស​ក្ស័យធន​របស់​រោងចក្រ​កាត់ដេរ Y & W GARMENT នេះ គឺ​ដើម្បី​កុំ​ឱ្យ​កើត​ដូច​ករណី​ខាងលើ​នេះ ហើយ​ការ​ធ្វើ​បែប​នេះ ក៏​មិនមែន​ចេតនា​ញុះញង់​បង្ក​ដល់​កម្មករ​និយោជិត​ដែរ គឺ​ដើម្បី​ជួយ​ដល់​ក្រសួង​ការងារ ឱ្យ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌​សម្រាប់​កម្មករ​តែប៉ុណ្ណោះ ព្រោះ​អង្គការ​សង់ត្រាល់ ក៏​មិន​គាំទ្រ​នូវ​សកម្មភាព​ណា​មួយ​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​នោះ​ដែរ។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​ត្អូញត្អែរ​ថា ក្នុង​ករណី​ដែល​រោងចក្រ​កាត់ដេរ Y & W GARMENT មិន​បាន​រៀបចំ​លិខិត​ផ្លូវ​ច្បាប់​ប្រកាស​ក្ស័យធន​ជា​ផ្លូវការ ផ្នែក​អធិការកិច្ច​នៃ​ក្រសួង​ការងារ ត្រូវតែ​ស៊ើបអង្កេត​លើ​ករណី​នេះ​ឱ្យ​ដឹង​ការពិត ក្នុង​នោះ​បើ​រក​ឃើញ​ថា​ក្រុមហ៊ុន​នេះ​គ្រាន់តែ​ប្រកាស​ក្ស័យធន​ដើម្បី​គេចវេះ​ពី​ការ​ផ្តល់​សំណង​ទៅ​កម្មករ​ទៅ​តាម​ផ្លូវ​ច្បាប់ ក្រសួង​ការងារ ត្រូវតែ​ចាត់​វិធានការ​ច្បាប់​ឱ្យ​ម្ចាស់​រោងចក្រ​ផ្តល់​សំណង​ដល់​កម្មករ​ឱ្យ​គ្រប់​ចំនួន​តាម​លក្ខខណ្ឌ​ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា។

លោក ឃុន ថារ៉ូ បញ្ជាក់​ថា នៅ​ពេលនេះ អង្គការ​សង់ត្រាល់​កំពុង​គណនា​ចំនួន​កម្មករ​និយោជិត និង​អតីតភាព​ការងារ​របស់​ពួកគេ ដើម្បី​ឱ្យ​ដឹង​ថា តើ​កម្មករ​ណា​ខ្លះ​ត្រូវ​បាន​ការ​ទទួល​សំណង​ជា​ទឹកប្រាក់​ពី​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​ទៅ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​តំណាង​សហជីព​កម្មករ​និយោជិត​ប្រមាណ​ជាង ២​ពាន់​នាក់​ក្នុង​ក្រុមហ៊ុន​នេះ បាន​ដាក់​លិខិត​ឱ្យ​អង្គការ​សង់ត្រាល់ ជួយ​ធ្វើ​អន្តរាគមន៍​ជុំវិញ​បញ្ហា​នេះ។

លោក ឃុន ថារ៉ូ សង្កត់​ធ្ងន់​ថា អង្គការ​សង់ត្រាល់​ពិត​ជា​គាំទ្រ​នូវ​ចំណាត់ការ​របស់​ក្រសួង​ការងារ យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​លក់​ឡាយឡុង​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​និយោជិត​ដែរ ព្រោះ​ការ​ដោះស្រាយ​បែប​នេះ គឺ​អាច​ជួយ​កម្មករ​ដែល​កំពុង​ប្រឈម​នឹង​តម្រូវការ​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ចំពោះ​មុខ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​កម្មករ​និយោជិត​រោងចក្រ Y&W Garment បាន​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើ​ឱ្យ​ជួយ​ដោះស្រាយ​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ទៀត ក្រោយ​រោងចក្រ​នេះ​ប្រកាស​ក្ស័យធន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៤ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Y & W Garment ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប្រមាណ ២០០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា និង​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ដំណោះស្រាយ ក្រោយ​ថៅកែ​រោងចក្រ​ប្រកាស​ក្ស័យធន ក្រោម​ហេតុផល​គ្មាន​អ្នក​បញ្ជា​ទិញ និង​គេច​ខ្លួន​មិន​ដោះស្រាយ​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ទៀត​ឱ្យ​កម្មករ​នៅ​ពេលនេះ។

បន្ទាប់ពី​ការ​តវ៉ា​ទាមទារ​របស់​កម្មករ​និយោជិត ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ថា វិវាទ​ការងារ​នៅ​រោងចក្រ Y&W Garment គឺជា​ករណី​ក្រុមហ៊ុន​បិទ​ទ្វារ ដោយសារ​និយោជក​រត់​ចោល​រោងចក្រ ដែល​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ការងារ និង​ច្បាប់​ក្ស័យធន ដូច្នេះ​យោង​តាម​នីតិវិធី​ច្បាប់ ក្រសួង​នឹង​ប្តឹង​ក្រុមហ៊ុន​ទៅ​តុលាការ ដើម្បី​ស្នើសុំ​ដីកា​ការពារ​ទ្រព្យសម្បត្តិ និង​ដោះស្រាយ​បណ្តឹង​តវ៉ា ដើម្បី​អាច​បើក​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​និយោជិត​ទាំងអស់​នោះ។

ក្រោយ​ការ​អះអាង​របស់​ក្រសួង​ការងារ នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រោងចក្រ Y & W Garment ជា​បណ្ដោះអាសន្ន ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​បំណុល​ដែល​ជា​កម្មករ​និយោជិត។ ជាង​នេះ​ទៀត តុលាការ​បាន​បង្គាប់​ឱ្យ​ម្ចាស់​រោងចក្រ​ខាងលើ​ផ្ញើ​ប្រាក់​តម្កល់​នៅ​តុលាការ​ជាង ៣​លាន​ដុល្លារ​អាមេរិក (៣ ២៩៥ ២៩៥​ដុល្លារ) ផង​ដែរ ដែល​ជា​ប្រាក់​រំដោះ ដើម្បី​ទទួល​បាន​ការ​លុបចោល​ការ​រឹបអូស​បណ្ដោះអាសន្ន​នេះ។

ដីកា​តុលាការ​ខាងលើ​បញ្ជាក់​ថា មាន​កម្មករ​ជាង ៤​ពាន់​នាក់ (៤៨៤៩​នាក់) ដែល​ម្ចាស់​រោងចក្រ​ឈ្មោះ YUEN PO FAI រត់​ចោល​រោងចក្រ​មិន​ទទួល​ខុសត្រូវ​បើក​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​ឈ្នួល​លើក​ទី​២ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាប់​ប្រចាំ​ឆ្នាំ​ចំនួន ១៨​ថ្ងៃ ប្រាក់​ជួស​ការ​ជូនដំណឹង​ជា​មុន និង​ប្រាក់​អតីតភាព​ការងារ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៤ ផង​ដែរ ដែល​គិត​ជា​សរុប​មាន​ចំនួន​ទឹកប្រាក់​ចំនួន​ជាង ៣​លាន​ដុល្លារ​អាមេរិក (៣ ២៩៥ ២៩៥​ដុល្លារ)។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​ផង​ដែរ​កាលពី​ថ្ងៃទី​១២ ខែ​មីនា នេះ​ថា ដំណោះស្រាយ​ក្នុង​ករណី​រោងចក្រ Y&W Garment នេះ មាន​ពីរ គឺ​ទី​១ ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ស្ដីពី​ក្ស័យធន តែ​ត្រូវ​ប្រើ​រយៈពេល​យូរ និង​ទី​២ គឺ​ត្រូវ​ស្នើសុំ​ដីកា​រក្សា​ការពារ​ពី​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន​នេះ​យក​ទៅ​លក់​ឡាយឡុង​ទុក​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូន​កម្មករ​និយោជិត។

សេចក្តី​ជូនដំណឹង​ខាងលើ​បញ្ជាក់​ថា ក្រសួង​ការងារ​មិន​លើកលែង​ឱ្យ​ថៅកែ​រោងចក្រ​នេះ​ដាច់ខាត បើ​ទោះបីជា​រត់​ទៅ​ប្រទេស​កំណើត​របស់​គេ​ក៏ដោយ ប៉ុន្តែ​ក្រសួង​ក៏​មិន​លើកលែង​ដល់​បុគ្គល​ណា​ដែល​បន្ត​ស្រាយ​បំភ្លឺ​ខុស​ច្បាប់ និង​ញុះញង់​ឱ្យ​កម្មករ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដែរ។

លោក YUEN PO FAI មាន​វ័យ ៦៦​ឆ្នាំ ជា​ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ វ៉ាយ & ដាប់បែលយូ ហ្គាមិន (Y & W GARMENT CO., LTD) ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជ កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ម្ចាស់​រោងចក្រ​ខាងលើ​បាន​រត់​ចោល​រោងចក្រ​តែម្តង ដោយ​ប្រកាស​ថា​រោងចក្រ​របស់​ខ្លួន​ក្ស័យធន​គ្មាន​ការ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​នៅ​បរទេស ដែល​បង្ក​ឱ្យ​មាន​ការ​តវ៉ា​ពី​កម្មករ​និយោជិត​នៅ​ពេលនេះ។

គួរ​បញ្ជាក់​ថា រោងចក្រ Y & W GARMENT ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ប្រុស-ស្រី កុមារ និង​ទារក ជួល​កម្មករ​ខ្មែរ​ធ្វើការ​ចំនួន ៣៥០០​នាក់ ដឹក​ទំនិញ​ទៅ​សហរដ្ឋ​អាមេរិក និង​កាណាដា តាម​កំពង់ផែ Los Angeles រដ្ឋ​កាលីហ្វ័នីញ៉ា ចែកចាយ​ទៅ​តាម​ហាង​លក់​រាយ​នៅ​តំបន់ British Columbia ភាគ​ខាងលិច​កាណាដា ភាគ​ខាងកើត​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ញ៉ូវយ៉ក។ អ្នក​ទទួល​ទំនិញ​ពី​ក្រុមហ៊ុន Y & W GARMENT មាន​ឈ្មោះ David Peyser នៃ​ក្រុមហ៊ុន David Peyser Sportswear Inc., True Classic Tees, KHQ Investment, LLC និង​ហាង​លក់​រាយ ដូចជា Walmart ជាដើម។ នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ តំណាង​ម្ចាស់​ហាង Walmart បាន​ប្រកាស​ថា​នឹង​បន្ត​រកស៊ី​ជាមួយ​ក្រុមហ៊ុន​កាត់ដេរ​នៅ​ស្រុក​ខ្មែរ​ត​ទៅ​មុខ​ទៀត។ ការ​ប្រកាស​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ ស្វាគមន៍​យ៉ាង​រីករាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស