អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC ដែលជាអង្គការចម្រុះចំនួន ២២អង្គការសមាគម បង្កើតនៅឆ្នាំ១៩៩៤ បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ស្នើសុំអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួនទាំង ២៩នាក់បានរួចខ្លួនពីការឃុំឃាំងវិញ។
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ អង្គការ CHRAC បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា ធ្វើអធិការកិច្ចលើសំណុំរឿងរបស់អាជ្ញាធរខេត្តព្រះវិហារ ជុំវិញវិវាទដីធ្លីជាមួយប្រជាជនជាង ១០០គ្រួសារ បន្ទាប់ពីពលរដ្ឋចំនួន ២៩នាក់ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ចាប់ខ្លួន និងចោទប្រកាន់ពីបទកាប់រានព្រៃឈូសឆាយដីព្រៃខុសច្បាប់។
ប្រភពដដែលបានលើកឡើងថា ការជួយធ្វើអធិការកិច្ចលើវិធានការនៃអាជ្ញាធរខេត្តព្រះវិហារ ដើម្បីជួយឲ្យប្រជាពលរដ្ឋដែលត្រូវបានចោទប្រកាន់ និងចាប់ខ្លួនទាំង ២៩នាក់ បានរួចខ្លួនពីការឃុំឃាំង ប្រសិនបើរកទៅឃើញថា ដីដែលធ្វើសម្បទានដល់ក្រុមហ៊ុន សីលាដាម៉ិច មានការប៉ះពាល់ដល់ដីពលរដ្ឋទាំងនោះកំពុងអាស្រ័យផលស្របតាមច្បាប់។
ការចាប់ខ្លួនពលរដ្ឋទាំងនេះ គឺបន្ទាប់ពីមានការប៉ះទង្គិចមួយរវាងពលរដ្ឋជាង ១០០គ្រួសារជាមួយកងកម្លាំងប្រដាប់អាវុធមួយក្រុមប្រកបដោយអំពើហិង្សា ដោយមានការផ្ទុះអាវុធ និងគ្រាប់បែកផ្សែង។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋចំនួន ២៩នាក់ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ “កាប់រានព្រៃឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ” យោងតាមមាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើ។ ពលរដ្ឋ ៤នាក់ក្នុងចំណោម ២៩នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយ ២៥នាក់ទៀតត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ។
តាមការចេញផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ក្រុមហ៊ុន សីលាដាម៉ិច ទទួលបានដីសម្បទានសេដ្ឋកិច្ចកាលពីខែមីនា ឆ្នាំ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភូមិត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ ការទទួលបានដីសម្បទាននេះ ធ្វើឱ្យកើតមានជម្លោះដីធ្លីជាមួយពលរដ្ឋរាប់រយគ្រួសារ ដែលបានរស់នៅទីនោះកាលពីមុនពេលការផ្តល់ដីសម្បទាននេះ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតមួយទៅកាន់រដ្ឋបាលខេត្តព្រះវិហារ បន្ទាប់ពីបានទទួលសំណើពីប្រជាពលរដ្ឋសុំឱ្យក្រសួងមហាផ្ទៃ លុបលិខិតពីរដ្ឋបាលខេត្តព្រះវិហារ ដែលបានចេញកាលពីដើមខែធ្នូ ឆ្នាំ២០២៣ ដោយការព្រមានបណ្តេញប្រជាពលរដ្ឋទាំង ១៣១គ្រួសារនេះចេញពីលំនៅឋាន។
លោក ស សុខា បញ្ជាឱ្យអាជ្ញាធរខេត្តចាត់មន្ត្រីជំនាញទៅពិនិត្យ សិក្សាស្រាវជ្រាវ និងដោះស្រាយបញ្ហាវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែង និងធ្វើសេចក្តីរាយការណ៍ជូនក្រសួងមហាផ្ទៃ អំពីលទ្ធផលនៃការស្រាវជ្រាវនេះផងដែរ។
ប្រជាពលរដ្ឋចំនួន ១៣១គ្រួសារដែលបានកាន់កាប់ដីទំហំ ៦៤៩ហិកតានៅភូមិក្ដាក់ ឃុំត្បែងពីរ និងភូមិម្រេច ភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១២ បាននាំគ្នាដាក់ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីស្នើសុំអន្តរាគមន៍លើបញ្ហានេះ ដូចជា ស្ថាប័នរដ្ឋសភា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម ដើម្បីសុំឱ្យស្ថាប័នទាំងនេះជួយធ្វើអន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនពួកគាត់ និងបញ្ឈប់ការបណ្ដេញពួកគាត់ចេញពីលំនៅឋានបន្តទៀត។
តាមឯកសារចុះបញ្ជី ក្រុមហ៊ុន សីលាដាម៉ិច ជាក្រុមហ៊ុនស្រាវជ្រាវអភិវឌ្ឍន៍មានទីស្នាក់ការនៅក្រុងភ្នំពេញ ចុះបញ្ជីនៅឆ្នាំ២០០៨ មានប្រធានក្រុមប្រឹក្សាភិបាលស្ត្រីឈ្មោះ អ៊ុក ហេឡែន និងបុរសឈ្មោះ សំណាង សីមា មាននាយកឈ្មោះ អ៊ុក សុភ័គ។ ក្រុមហ៊ុននេះមានអ្នកចូលភាគហ៊ុនឈ្មោះ ដួង វ៉ារី, គង់ ចាន់, ប៉ាន់ គឹមសាន, សំណាង ផល្លា, សំណាង ធីតា, សំណាង សីមា, ទេព សំអាន និង ម៉ី វ៉ាន់ធា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

