29 C
Phnom Penh

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញពី​សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ​ជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​បរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ខ្លួន​ចេញ​ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់​ដីធ្លី និង​លិខិត​ទិញ-លក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ បន្ទាប់ពី​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

យោង​តាម​សេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចេញ​កាលពី​ថ្ងៃទី​១៤ ខែ​មីនា ដែល​ទើប​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា មួយ​រយៈពេល​ចុងក្រោយ​នេះ​មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ យក​ធ្វើជា​កម្មសិទ្ធិ ដែល​បាន​បំពាន​នឹង​បទប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន។

ប្រភព​ដដែល​លើកឡើង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចុះហត្ថលេខា​លើ​លិខិត ឬ​ឯកសារ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​លក់ លិខិត​ផ្ទេរ​ការ​កាន់កាប់ ឬ​ការ​បញ្ជាក់​លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ដែល​ស្ថិត​ក្នុង​តំបន់​ការពារ​ធម្មជាតិ។ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់ ១០០​ភាគរយ ដោយ​គ្មាន​ការ​លើកលែង​ជាដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌​ធ្វើ​កិច្ចសន្យា ហើយ​ដោះលែង​ជន​ប្រព្រឹត្តិ​បទល្មើស។

ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​កាប់​គាស់ ឬ​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​ធ្វើ​កម្មសិទ្ធិ ត្រូវ​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ​ច្បាប់។ ចំណែក​បុគ្គល​ដែល​រំលោភ​យក​ដី​តំបន់​ការពារ​ធម្មជាតិ ត្រូវ​ប្រគល់​ដី​ដែល​ខ្លួន​បាន​កាន់កាប់​ទាំងនោះ ទៅ​កាន់​សមត្ថកិច្ច ឬ​ក្រសួង​បរិស្ថាន វិញ ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ។

ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា រហូត​មក​ដល់​ពេលនេះ នៅតែ​មាន​បុគ្គល​ឆ្លៀត​ឱកាស​មួយ​ចំនួន​តូច​បាន​ធ្វើ​ចលនា​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ចូល​កាប់ រុករាន ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ យក​មក​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​រូបភាព​ជា​ដី​អាស្រ័យ​ផល។

ក្រសួង​បាន​អះអាង​ថា ទង្វើ​បែប​នេះ​គឺជា​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ទៅ​នឹង​មាត្រា​៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដូច​មាន​ចែង​ថា«សហគមន៍​មូលដ្ឋាន និង​ជនជាតិ​ដើម​ភាគតិច​ពុំ​មាន​សិទ្ធិ​កាប់​គាស់ ឬ​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​សហគមន៍ តំបន់​ការពារ​ធម្មជាតិ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន និង​បង្វែរ​ធ្វើ​ជា​ដី​កសិកម្ម ឬ​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល ឬ​លក់ ប្ដូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬ​ធ្វើ​ការ​ផ្ទេរ​តំបន់​គ្រប់គ្រង​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​ទៅ​ជា​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ណា​មួយ​បាន​ឡើយ»

ក្រុម​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ដើម្បី​ធ្វើ​ការងារ​នេះ​បាន លុះត្រាតែ​ក្រសួង​បរិស្ថាន​ផ្តល់​សិទ្ធិ​អំណាច​មួយ​ចំនួន​ទៅ​ឱ្យ​ប្រជា​សហគមន៍ ចូលរួម​ជួយ​ការពារ និង​ផ្តល់​ការ​គាំទ្រ​ដល់​ពួកគាត់​តាមរយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។

ប្រភព​ដដែល​អះអាង​ថា រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ ព្រៃ​ការពារ​មួយ​ចំនួន មាន​ក្រុមហ៊ុន​សម្បទាន​វិនិយោគ​ដី​ធ្វើ​កសិកម្ម និង​មាន​ឈ្មួញ​មាន​ឥទ្ធិពល​ខ្លះ ទន្ទ្រាន​យក​ក្នុង​ទ្រង់ទ្រាយ​ធំ។

យោង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ចេញ​ផ្សាយ​កន្លង​មក បាន​ឲ្យ​ដឹង​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​បន្ត​រក​ឃើញ​បទល្មើស​ខុស​ច្បាប់​នៃ​ការ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន ៣​ទីតាំង ដូចជា​នៅ​ចំណុច​អូរអាស្រង់ ទំហំ ១៥​ហិកតា នៅ​ចំណុច​ភ្នំ​ចំបក់ក្អែក​ខាងជើង​អូរគោល ទំហំ ៥​ហិកតា និង​ចំណុច​ជ្រាប់ព្រាល ទំហំ ១៥​ហិកតា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស