29 C
Phnom Penh

មន្ត្រី​នគរបាល​ផ្កាយ​៣​ម្នាក់​ស្នើ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ម្តង​ទៀត​ក្រោយពី​ព្រះមហាក្សត្រ​បន្ថយ​ឋានន្តរស័ក្ដិ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍​ផ្កាយ​៣ ម្នាក់ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​លើ​ខ្លួន​របស់​លោក​ម្តង​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរស័ក្ដិ​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ពលបាលត្រី តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក យិន គារ បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ មីនា នេះ ដោយ​រៀបរាប់​ថា លទ្ធផល​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ដែល​បង្ហាញ​ថា​រូបលោក​មាន​សារធាតុ​ញៀន គឺជា​លទ្ធផល​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ថា​ការ​ពិនិត្យ​លើ​ទឹកមូត្រ ឬ​ទឹកនោម​នៅ​ពេល​នោះ លោក​មិន​បិទ​លេខ​កូដ​សម្គាល់ និង​ពិនិត្យ​ដោយ​ខ្លួនឯង​ទេ ដោយសារតែ​លោក​រវល់​ជាប់​បំពេញ​ភារកិច្ច​បន្ទាន់​នៅ​ក្នុង​ការិយាល័យ។

លោក យិន គារ រៀបរាប់​ថា ២​ថ្ងៃ​ក្រោយ​នៃ​ការ​ធ្វើ​តេស្ដ ពេល​នោះ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​លោក​ថា ការ​ពិនិត្យ​ទឹកមូត្រ​របស់​លោក គឺ​រក​ឃើញ​វិជ្ជមាន ប៉ុន្តែ​ភ្លាមៗ​នោះ លោក​ក៏​បាន​ពិនិត្យ ២​ដង​ទៀត​នៅ​ពេល​នោះ​តែម្តង តែ​អវិជ្ជមាន​ទាំង​ពីរ​លើក ប៉ុន្តែ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ស្រាប់តែ​លោក​ទទួល​ព័ត៌មាន​ថា អង្គភាព​ជំនាញ​បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ដោយ​បញ្ជាក់​ថា រូបលោក​បាន​រក​ឃើញ​សារធាតុ​ញៀន​ទៅ​វិញ។

លោក យិន គារ បញ្ជាក់​ថា ចាប់តាំងពី​បំពេញ​ការងារ​ជា​មន្ត្រី​នគរបាល​ថ្នាក់​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ រហូត​ដល់​សព្វថ្ងៃ​នេះ លោក​មិន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ម្តង​ណា​ឡើយ ដូច្នេះ​លោក​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា ពិនិត្យ​ករណី​នេះ​ឡើងវិញ ហើយ​បើ​ពិនិត្យ​រក​ឃើញ​ថា​លោក​មាន​សារធាតុ​ញៀន​មែន​នោះ លោក​នឹង​ប្រគល់​ខ្លួន​ជូន​ក្រសួង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ជាធរមាន។

កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក យិន គារ ត្រូវ​បាន​មហាក្សត្រ​ត្រាស់​បង្គាប់​បន្ថយ​ឋានន្តរស័ក្ដិ​ពី​ឧត្ដមសេនីយ៍​ឯក​ផ្កាយ​៣ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ពលបាលត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​របស់​ក្រសួង​មហាផ្ទៃ តាម​សំណើ​របស់​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​មន្ត្រី​ជំនាញ​រាយការណ៍​ថា មន្ត្រី​នគរបាល​ជាតិ​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣ មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ណែនាំ​ឲ្យ​នាយកដ្ឋាន​អន្តោប្រវេសន៍​រឹត​បន្តឹង​លើ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន។ លោក​បន្ថែម​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​នឹង​ត្រូវ​អនុវត្ត​ការ​ធ្វើ​តេស្ដ​រក​សារធាតុ​ជាតិ​ញៀន​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ទាំងអស់​ជា​កំហិត​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ការ​អនុវត្ត​ច្បាប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌​សម្រាប់​បុគ្គល​គ្រប់​រូប ក្នុង​នោះ បើ​រក​ឃើញ​ថា​មន្ត្រី​ណា​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវតែ​ទទួល​ពិន័យ​ជា​កំហិត​ទៅ​តាម​វិធានការ​ច្បាប់ ប៉ុន្តែ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​មិន​បាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទេ មន្ត្រី​រូប​នោះ​មិន​គួរ​ត្រូវ​បាន​ដាក់​ទោស ឬ​ទណ្ឌកម្ម​ណា​មួយ​ដោយ​ហេតុផល​ផ្សេង​ឡើយ ដូចជា​ការ​រើសអើង​បក្ខពួក ជាដើម។

លោក សេក សុជាតិ លើកឡើង​ថា ការ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​ការ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ ការ​កាត់បន្ថយ​ឋានន្តរស័ក្តិ និង​ការ​ដាក់​ពិន័យ​ផ្សេងៗ ត្រូវតែ​ធ្វើ​ទៅ​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ប៉ុន្តែ​បើ​យក​វិធានការ​នេះ​ជា​លេស​ដើម្បី​បោស​សម្អាត​មន្ត្រី​ស្អាតស្អំ ក្រោម​របៀបវារៈ​នយោបាយ នោះ​ការ​បោស​សម្អាត​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ នៅតែ​គ្មាន​ប្រសិទ្ធភាព​ដដែល ផ្ទុយទៅវិញ វិធានការ​បែប​នេះ​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ការ​ប្រើប្រាស់​គ្រឿងញៀន​កាន់តែ​ខ្លាំង​ទៅវិញ​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ទូច សុខៈ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​មក​ដល់​ពេលនេះ ក្រសួង​មហាផ្ទៃ​បាន​អនុវត្ត​យុទ្ធនាការ​បោស​សម្អាត​មន្ត្រី​កងកម្លាំង​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដោយ​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ មាន​ចំនួន​ប្រមាណ ១០០​នាក់​ហើយ ក្នុង​នោះ មន្ត្រី​ជាង ៥០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​មន្ត្រី​ប្រមាណ ៥០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ថា​ល្មើស​ទៅ​នឹង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ ខណៈ​ក្រសួង​ការពារ​ជាតិ ក៏​បាន​លុប​ឈ្មោះ​នាយទាហាន​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជា​បន្តបន្ទាប់​ដែរ នៅ​ដើម​ឆ្នាំ​២០២៤ នេះ។

កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា លើកឡើង​ថា មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺជា​សាច់​ស្អុយ​ដែល​ត្រូវតែ​កាត់​ចោល​ដោយ​ខាន​មិន​បាន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ គឺជា​ការ​សម្អាត​ផ្ទះ​ខ្លួនឯង មុន​នឹង​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ​បន្ត​ទៀត ដើម្បី​ឈាន​ទៅ​ដល់​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​សង្គម​ជាតិ​ទាំងមូល។

លោក ស សុខា បញ្ជាក់​ថា ខ្លួន​លោក​ផ្ទាល់ និង​អគ្គស្នងការ​នគរបាល​ជាតិ រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​បោស​សម្អាត​ក្នុង​យុទ្ធនាការ​នេះ ក៏​មិន​ចង់​បណ្តេញ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​នោះ​ដែរ ប៉ុន្តែ​នេះ​គឺជា​កាតព្វកិច្ច​ដែល​ត្រូវតែ​អនុវត្ត​ដោយ​ចៀស​មិន​ផុត ដើម្បី​ធានា​គុណភាព​នៃ​ធនធាន​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស