31 C
Phnom Penh

លោក សម រង្ស៊ី ថា​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ផ្អែក​តាម​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​អន្តរជាតិ Interpol ដែល​ថា​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​កខ្វក់ ដោយសារ​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ទាំងស្រុង។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ មីនា នេះ​ថា ត្រកូល ហ៊ុន កំពុង​គប់គិត​ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ពេញ​ទំហឹង ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​មជ្ឈមណ្ឌល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ផ្សេង ដូចជា ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ជាដើម ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​សព្វថ្ងៃ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មុខមាត់ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ស្មោកគ្រោក​យ៉ាង​ធ្ងន់ធ្ងរ។

កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២៤ សារព័ត៌មាន​អន្តរជាតិ រ៉យទ័រ (Reuters) បាន​ចុះផ្សាយ​ថា អគ្គលេខាធិការ​ប៉ូលិស​អន្តរជាតិ Interpol លោក Jurgen Stock បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​ស្ថាប័ន​សម្របសម្រួល​ប៉ូលិស​ពិភពលោក​របស់​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៤ ថា ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត (Online Scam) ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Jurgen Stock អះអាង​ថា ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​សព្វថ្ងៃ​នេះ បាន​ក្លាយ​ជា​វិបត្តិ​សកល​យ៉ាង​ធំធេង ខណៈ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​ដ៏​ធំ​ប្រចាំ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ព្រោះ​ថា​មនុស្ស​ជាង ១​សែន​នាក់ ត្រូវ​បាន​ជួញដូរ​ទៅ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា ត្រូវ​បាន​គេ​រក​ឃើញ​នា​ពេល​កន្លង​មក។

អគ្គលេខាធិការ​ប៉ូលិស​អន្តរជាតិ Interpol រូប​នេះ​លើកឡើង​ថា ការ​ផ្ទុះ​ឡើង​នៃ​ការ​ជួញដូរ​មនុស្ស​បាន​ពង្រីក​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​ជា​បណ្ដាញ​សកល​ដោយ​គំរូ​អាជីវកម្ម​ថ្មីៗ ដែល​មាន​ជនរងគ្រោះ​រាប់​លាន​នាក់​ត្រូវ​បាន​ជួញដូរ​ជាមួយ​នឹង​ការ​សន្យា​នៃ​ការងារ​ផ្តល់​ការងារ​ស្រប​ច្បាប់ ក្រោម​លក្ខខណ្ឌ​នៃ​ការ​ជួយ​ក្រុម​ឧក្រិដ្ឋជន​បំប្លែង​ប្រាក់ចំណូល​របស់​ពួកគេ​ពី​ការ​ជួញដូរ​គ្រឿងញៀន មក​លុយ​ស្រប​ច្បាប់ ជាដើម។

លោក Jurgen Stock បញ្ជាក់​ថា អាជីវកម្ម​ជួញដូរ​គ្រឿងញៀន​នៅតែ​ចូលរួម​ចំណែក​យ៉ាង​ធំ​ចាប់ពី ៤០% ទៅ ៧០% នៃ​ប្រាក់ចំណូល​ក្រុម​ឧក្រិដ្ឋជន ក្រៅពី​ការ​ប្រមូល​លុយ​ដោយ​ការ​បំប្លែង​ពី​ការ​ជួញដូរ​មនុស្ស ការ​ជួញដូរ​អាវុធ និង​ការ​លួច​កម្មសិទ្ធិ​បញ្ញា​លើ​ផលិតផល​ផ្សេងៗ ក្នុង​នោះ ក្រុម​ឧក្រិដ្ឋជន​ក៏​អាច​រក​ចំណូល​ពី​ជំនួញ​ឧក្រិដ្ឋ​ទាំងនោះ​ចាប់ពី ២ ទៅ ៣​ម៉ឺន​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំៗ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​បង្កើត​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ជនរងគ្រោះ​ប្រមាណ ១​សែន​នាក់​ត្រូវ​បាន​ជួញដូរ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាង ១​សែន​នាក់​ផ្សេង​ទៀត (១២០០០០​នាក់) ចូល​ទៅ​កាន់​ប្រទេស​ភូមា ផង​ដែរ ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៣ ឧស្សាហកម្ម​ភាពយន្ត​ចិន បាន​ចាក់​បញ្ចាំង​រឿង No More Bets បាន​ពណ៌នា​ពី​ករណី​ជួញដូរ​មនុស្ស​ប្រមាណ​ជា ១​សែន​ករណី​នៅ​កម្ពុជា​ដោយ​ផ្អែក​លើ​រឿង​ពិត ក្នុង​សាច់រឿង អ្នក​សរសេរ​កម្មវិធី​ម្នាក់ និង​តារា​ស្រី​បង្ហាញ​ម៉ូត​ម្នាក់​ទៀត​ដែល​ជា​ជនជាតិ​ចិន បន្ទាប់ពី​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ពី​ការ​ប្រកាស​ស្វែងរក​ការងារ​តាម​អនឡាញ ដោយ​ការ​សន្យា​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។

ប៉ុន្តែ ទីបំផុត ពួកគេ​ត្រូវ​បាន​បោកប្រាស់​យក​ទៅ​ធ្វើការ​ខុស​ច្បាប់​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជាដើម ខណៈ​ជនរងគ្រោះ​ដែល​ជា​បុរស​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដូចជា ការ​បណ្ដាក់ទុន Investments in Stock, BitCoin Mining, Online Games, E-Commerce ឬ​ការ​ជំរិត​ទារប្រាក់​តាម​វិធី​ផ្សេងៗ ជាដើម។

ខ្សែភាពយន្ត​នេះ​បាន​លាតត្រដាង​អំពើ​ជួញដូរ​មនុស្ស និង​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន​ទៅ​លើ​ជនរងគ្រោះ​យ៉ាង​ព្រៃផ្សៃ​ដែរ ដូចជា ការ​លក់​មនុស្ស​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវភេទ ការ​ចាក់​បញ្ចូល​ថ្នាំញៀន​ឱ្យ​ទទួល​ភ្ញៀវ ការ​បាញ់​សម្លាប់​ជនរងគ្រោះ​ដែល​មាន​បំណង​លួច​រត់ ការ​ដក​ក្រចក ការ​យក​ស្គុត​រុំ​ច្រមុះ​ឱ្យ​ថប់​ដង្ហើម កាត់​ស្លឹកត្រចៀក ច្រាន​ជនរងគ្រោះ​ទម្លាក់​ពី​លើ​អគារ និង​ការ​វេះ​យក​គ្រឿងក្នុង​ជនរងគ្រោះ​ទៅ​លក់​ក្នុង​ទីផ្សារ​ងងឹត ជាដើម ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ័យខ្លាច និង​ព្រឺព្រួច​ជា​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ជា​វីដេអូ​រយៈពេល​ជាង ៤០​នាទី ដែល​មាន​ចំណងជើង​ថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករ​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា» ដោយ​ក្នុង​វីដេអូ​នោះ បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ដោយ​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត​របស់​ជនជាតិ​ចិន នៅ​កម្ពុជា និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ជាពិសេស​គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែម្តង។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស