33 C
Phnom Penh

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​ចូលរួម​ជាមួយ​បក្ស​បី​ទៀត​ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) ប្រកាស​ថា គណបក្ស​របស់​ខ្លួន​នឹង​បន្ត​ចូលរួម​ជាមួយ​គណបក្ស​ចំនួន ៣ ផ្សេង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ថា គណបក្ស​នេះ​នៅតែ​រក្សា​ជំហរ​យ៉ាង​រឹងមាំ​របស់​ខ្លួន​ក្នុង​ការ​បន្ត​រួម​ដំណើរ​កិច្ចសហការ​នៅ​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​សុខដុមរមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។

កន្លង​មក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រឆាំង ៣ ផ្សេង​ទៀត​នៅ​បន្ទាប់ពី​បុគ្គល​សំខាន់ៗ ដូចជា​លោក​បណ្ឌិត យ៉ង សាំងកុមារ លោក​បណ្ឌិត សាម អ៊ីន បាន​ចាកចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច និង​បាន​ទទួល​តំណែង​ធំ​គួរសម​នៅ​ក្នុង​រាជរដ្ឋាភិបាល។

គណបក្ស​ចំនួន​៤ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​ប្រកាស​បង្កើត «សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» កាលពី​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ ឆ្នាំ​ទៅ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម ធ្វើឡើង​ក្រោយ​ការ​ប្រកាស​បង្កើត​សម្ព័ន្ធ​នយោបាយ​ថ្មី​កន្លង​មក ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង ៤ បាន​លើកឡើង​ថា សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​សម្រាប់​ជា​ការ​ជំរុញ និង​លើក​ទឹកចិត្ត ព្រមទាំង​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​ភាព​សុខដុមរមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នា​ពេល​អនាគត។

សម្ព័ន្ធភាព​ថ្មី​មួយ​នេះ នឹង​បើក​ចំហ​សម្រាប់​ការ​ចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ទស្សនៈ គោលដៅ និង​គោលជំហរ​នយោបាយ​ដូច​គ្នា ដើម្បី​រួបរួម​គ្នា​សម្រេច​គោលបំណង​ខាងលើ​នេះ ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម សាមគ្គីភាព និង​ឯកភាព​ជាតិ។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា សម្ព័ន្ធភាព​នេះ​មាន​សារសំខាន់​សម្រាប់​រាល់​គណបក្ស​នយោបាយ​ណា​ដែល​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​មួយ​ដែល​ដំណើរការ​ល្អ​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា សម្ព័ន្ធភាព​នយោបាយ​ថ្មី​នេះ​នឹង​មិន​ជា​ការ​គំរាមកំហែង​ដល់​ការ​កាន់កាប់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ លោក​ថា គណបក្ស​ដែល​ចូលរួម​បង្កើត​សម្ព័ន្ធ​នេះ គឺជា​ក្រុម​គណបក្ស​ចាញ់​ការ​បោះឆ្នោត។

កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ មេដឹកនាំ​គណបក្ស​នេះ​គឺ​លោក យ៉េង វីរៈ លោកស្រី ប្រុក វ៉ាន្នី ដែល​ចប់​អាណត្តិ បាន​ដក​ខ្លួន​ពី​ការ​ឈរឈ្មោះ​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស។ តាមរយៈ​សមាជ​កាលពី​ថ្ងៃទី​០៧ ខែ​មេសា កន្លង​ទៅ លោក សេក សុខា ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​គណបក្ស គ.ប.ម ជំនួស​លោក យ៉េង វីរៈ ចំណែក​លោក មាន អ៊ាង ជា​ប្រធាន​គណៈកម្មការ​នាយក និង​លោក ធួក បូណា ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស