32 C
Phnom Penh

ក្រុម​សហជីព៖ ការ​ចាប់​ឃុំ​ខ្លួន​លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​គប់គិត​រវាង​ថៅកែ​និង​អាជ្ញាធរ​ក្នុង​បំណង​កម្ចាត់​សហជីព​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សហជីព​ព្រមាន​ថា ការ​ចាប់​ខ្លួន​បេក្ខជន​ប្រធាន​សហជីព​កម្ពុជា​ជាប់​ឆ្នោត លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​ទុក​ជា​មុន ដោយ​ការ​គប់គិត​គ្នា​រវាង​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក្នុង​គោលបំណង​កម្ចាត់​សហជីព​មូលដ្ឋាន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​កុំ​ឱ្យ​មាន​នៅ​ក្នុង​រោងចក្រ វីង ស្តារ ស៊ូ (Wing Star Shoes Co., Ltd) ប៉ុណ្ណោះ។

សហព័ន្ធ​សហជីព​កម្ពុជា (CATU) និង​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២៩ ខែ​មេសា នេះ​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ ដោយ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច គឺ​បង្ហាញ​ពី​ការ​គំរាមកំហែង ការ​បំភិតបំភ័យ ការ​រើសអើង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហព័ន្ធ​សហជីព​កម្ពុជា CATU យ៉ាង​ធ្ងន់ធ្ងរ ហើយ​ទង្វើ​នេះ​ក៏​បាន​រំលោភ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ជា​ធរមាន​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​ផង​ដែរ។

ក្រុម​សហជីព​ទាំងនេះ​បញ្ជាក់​ថា មុន​នឹង​មាន​បណ្ដឹង​នេះ​កើតឡើង លោក ជា ចាន់ ដែល​ជា​ប្រធាន​សហជីព​ជាប់​ឆ្នោត​នៃ​ក្រុមហ៊ុន វីង ស្តារ ស៊ូ (Wing Star Shoes) និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គំរាម​តាម​ទូរសព្ទ​ឱ្យ​ឈប់​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង ស្តារ ស៊ូ នេះ​បន្ត​ទៀត។ ជាង​នេះ​ទៀត ក៏​មាន​ការ​បញ្ចុះ​បញ្ចូល​ពី​ភាគី​ក្រុមហ៊ុន​ឱ្យ​លោក ជា ចាន់ បញ្ឈប់​ការ​បង្កើត​សហជីព​នេះ​ដែរ ប៉ុន្តែ​ត្រូវ​លោក ជា ចាន់ បដិសេធ​ជា​បន្តបន្ទាប់។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ជា ចាន់ ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កម្រោល​នៅ​ក្នុង​បរិវេណ​រោងចក្រ វីង ស្តារ ស៊ូ ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​គ្មាន​ដីកា​របស់​តុលាការ ហើយ​គិត​មក​មក​ដល់​ពេលនេះ លោក ជា ចាន់ ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ៥៥​ថ្ងៃ​ហើយ។

ក្រោយ​ការ​ចាប់​ខ្លួន​បាន ៣​ថ្ងៃ តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​ចោទប្រកាន់​លោក ជា ចាន់ ពី​បទ «សមគំនិត​ក្នុង​អំពើ​លួច» និង​ឈ្មោះ ដួង សំណាង ពី​បទ «លួច» ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង វីង ស្តារ ស៊ូ កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​ក្រុម​សហជីព​ជាច្រើន​នៅ​កម្ពុជា​បដិសេធ​ថា ជា​បទ​ចោទ​ក្រោម​លេស​ដើម្បី​លុបបំបាត់​សហជីព​មូលដ្ឋាន​ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​២៩ ខែ​មេសា នេះ កម្មករ​និយោជិត​ដែល​ជា​សមាជិក​សហជីព CATU នៃ​ក្រុមហ៊ុន វីង ស្តារ ស៊ូ ប្រមាណ ៤០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បី​តាមដាន​ដំណើរការ​សវនាការ និង​ស្នើ​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​លោក ជា ចាន់ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន វិង ស្តារ ស៊ូ ធានា​គោរព​សេរីភាព ធានា​នូវ​សំណង​ទៅ​លើ​ផល​ប៉ះពាល់​ចំពោះ​លោក ជា ចាន់ និង​ក្រុម​គ្រួសារ​របស់​លោក​ថែម​ទៀត​ដែរ។

អ្នក​គ្រប់គ្រង​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Dally នៅ​ថ្ងៃទី​២៩ មេសា នេះ ដោយ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ ASICS របស់​ក្រុមហ៊ុន វីង ស្តារ ស៊ូ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន វីង ស្តារ ស៊ូ ឱ្យ​ដក​ពាក្យ​បណ្តឹង​ពី​តុលាការ និង​ទទួល​យក​លោក ជា ចាន់ ចូល​បម្រើ​ការងារ​វិញ ព្រមទាំង​ទូទាត់​សំណង​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដល់​រូបលោក​ចាប់តាំងពី​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​រហូត​ដល់​ថ្ងៃ​ចូល​បម្រើ​ការងារ​វិញ។

លោក ឃុន ថារ៉ូ លើកឡើង​ថា កន្លង​មក មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​ដាក់​លិខិត​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ ASICS ជា​បន្តបន្ទាប់ ដោយ​រៀបរាប់​អំពី​ដំណើរ​ដើមទង​នៃ​ការ​ចាប់​ខ្លួន​លោក ជា ចាន់។ លោក​បន្ត​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លើ​លោក ជា ចាន់ ពី​បទ​សមគំនិត​លួច​នេះ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​សង់ត្រាល់​រូប​នេះ​សង្ឃឹម​ថា ក្រុមហ៊ុន​បញ្ជា​ទិញ ASICS នឹង​ដាក់​សម្ពាធ​ទៅ​លើ​ក្រុមហ៊ុន វីង ស្តារ ស៊ូ ដើម្បី​ឱ្យ​ដោះលែង​លោក ជា ចាន់ ព្រោះ​ថា​ក្រុមហ៊ុន​បញ្ជា​ទិញ ASICS មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ ហើយ​ការ​អន្តរាគមន៍​នេះ គឺ​ស្រប​ទៅ​នឹង​ក្រមសីលធម៌​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ ASICS ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៅ​រោងចក្រ​ផ្គត់ផ្គង់​របស់​ខ្លួន​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សហជីព​សកល IndustriALL Global Union បាន​លិខិត​ថ្កោលទោស​មួយ​ទៅ​កាន់​នាយក​រោងចក្រ Wing Star Shoes លោក Chiu Ching TING បន្ទាប់ពី​លោក ជា ចាន់ ដែល​ជា​បេក្ខជន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​នៅ​រោងចក្រ វីង ស្តារ ស៊ូ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កម្រោល​ដោយ​មិន​ប្រាប់​ពី​មូលហេតុ និង​គ្មាន​ដីកា​របស់​តុលាការ​នោះ។

សហជីព​សកល​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក ជា ចាន់ នៅ​ពេលនេះ គឺជា​ឧបាយកល​បង្ក្រាប​សហជីព បន្ទាប់ពី​លោក ជា ចាន់ បដិសេធ​មិន​ទទួលយក​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​បោះបង់​ការ​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ​ដែល​ជា​ថៅកែ​ចិន នេះ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៤ កម្មករ​រោងចក្រ Wing Star Shoes បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​សហជីព​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​របស់​កម្ពុជា ក្នុង​នោះ លោក ជា ចាន់ ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន ប៉ុន្តែ​នៅ​ថ្ងៃទី​១៤ កុម្ភៈ លោក ជា ចាន់ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស