ក្រុមអ្នកឃ្លាំមើលអបអរសាទរវិធានការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើងរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែតើរដ្ឋាភិបាលមានវិធានការបន្ទាប់ក្នុងការជួយអប់រំក្មេងទាំងនោះដែរឬក៏អត់ ដើម្បីបញ្ចៀសយកក្មេងទាំងនោះទៅធ្វើទារុណកម្ម ឬយកទៅទុកចោលនៅពន្ធនាគារ ដែលជាហេតុធ្វើឱ្យបាត់បង់អនាគតរបស់ពួកគេ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ឧសភា នេះថា ដោយសារតែក្មេងទាំងនោះមិនទទួលបានការអប់រំប្រៀនប្រដៅ និងថែទាំពេញលេញ ដូច្នេះហើយបានជាពួកគេធ្លាក់ខ្លួនទៅជាក្មេងដែលបង្កអសន្តិសុខក្នុងសង្គមបែបនេះ ដូច្នេះអាជ្ញាធរ និងរដ្ឋាភិបាល គួរមានវិធានការអប់រំក្មេងទាំងនោះ ដើម្បីកែប្រែពួកគេឱ្យទៅជាក្មេងល្អដែលមានគុណភាពសម្រាប់កសាងសង្គមជាតិ។
លោក សេក សុជាតិ លើកឡើងថា រដ្ឋាភិបាលក៏ត្រូវសិក្សាពីបញ្ហាដែលបណ្តាលឱ្យក្មេងទាំងនោះធ្លាក់ខ្លួនទៅជាទំនើងដែរ ព្រោះពួកគេម្នាក់ៗសុទ្ធតែមានបញ្ហាផ្ទាល់ខ្លួនរៀងៗខ្លួន ដែលមានមូលហេតុអាចបណ្តាលមកពីបញ្ហាគ្រួសារ និងបញ្ហាសេពគប់មិត្តភក្ដិ ជាដើម។
លោកបន្ថែមថា ក្រៅពីនេះទៀត ក៏អាចបណ្តាលមកពីការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋានមានភាពធូររលុងដែរ ជាពិសេសការអនុវត្តច្បាប់ដែលមានភាពចន្លោះប្រហោងទៅលើគ្រួសារកូនអ្នកមានទ្រព្យសម្បត្តិ និងកូនអ្នកមានអំណាច ជាដើម។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះ អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តវិធានការបង្ក្រាបក្មេងទំនើងឱ្យដូចជាភ្លៀងរលឹម កុំចាំតែបញ្ជារបស់នាយករដ្ឋមន្ត្រី ទើបនាំគ្នាអនុវត្ត ព្រោះការបង្ក្រាបក្មេងទាំងនោះ គឺជាតួនាទីរបស់ពួកគេដែលមានចែងនៅក្នុងច្បាប់។
លោក សេក សុជាតិ គូសបញ្ជាក់ថា ក្នុងចំណោមកត្តាដែលនាំឱ្យមានក្មេងទំនើងកាន់តែច្រើន គឺបណ្តាលមកពីការអនុវត្តច្បាប់នៅមានកម្រិត ពីព្រោះក្មេងៗដែលបានប្រព្រឹត្តអំពើនេះស្រាប់ និងក្មេងដែលប្រឈមនឹងការអូសទាញឱ្យធ្លាក់ទៅក្នុងការប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ គឺដោយសារតែពួកគេសំអាងថា ទោះពួកគេប្រព្រឹត្តអំពើទាំងនេះ ក៏គ្មានសមត្ថកិច្ចណាអនុវត្តច្បាប់ចាប់ខ្លួនពួកគេដែរ ហើយករណីខ្លះសមត្ថកិច្ចអាចនឹងបើកដៃឱ្យពួកគេប្រព្រឹត្តអំពើនេះថែមទៀត។
ក្រោយការដាក់ចេញនូវបញ្ជាពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែឧសភា និងការដាក់ចេញនូវវិធានការរបស់អគ្គស្នងការនគរបាលជាតិ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើសកម្មភាពឃាត់ខ្លួនក្មេងទំនើងតាមបណ្តាខេត្តនានាជាបន្តបន្ទាប់ ក្នុងនោះក៏មានក្មេងទំនើងខ្លះត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែឧសភា កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តវិធានការបង្ក្រាបក្មេងទំនើងភ្លាមៗ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនចំនួន ៨នាក់ដែលមានឈ្មោះថា ក្រុមចាក់ស្លុយ ដោយដកហូតបានដាវ កាំបិត និងគ្រឿងញៀនមួយចំនួន។
ជាងនេះទៀត កាលពីថ្ងៃទី២៤ ឧសភា ក្មេងទំនើងចំនួន ៥នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនក្រោយកម្លាំងនគរបាលបង្ក្រាបបាន ដែលពាក់ព័ន្ធការបង្កអំពើហិង្សាបណ្ដាលឲ្យជនរងគ្រោះមានរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ដែលបានប្រព្រឹត្តនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីការបង្ក្រាបក្មេងទំនើងនៅក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចតាមបណ្តាខេត្តមួយចំនួន ក៏បានអនុវត្តវិធានការបង្ក្រាបក្មេងទំនើងយ៉ាងក្តៅគគុកដែរ ដូចជាខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី និងតាមបណ្តាខេត្តមួយចំនួនទៀត ក្នុងនោះមានក្មេងទំនើងខ្លះក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន បានអះអាងកាលពីថ្ងៃទី២៧ ខែឧសភា នេះថា ក្រោយការចេញបញ្ជាពីនាយករដ្ឋមន្ត្រី សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ១២ករណីហើយ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤១នាក់ថែមទៀត ក្នុងនោះក៏មានក្មេងទំនើងរត់គេចខ្លួនអស់ចំនួន ១០នាក់ដែរ។
នៅថ្ងៃទី២៨ ខែឧសភា នេះ សាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបង្ហោះម៉ូតូបង្កការអុកឡុកក្រុងព្រះវិហារ ក្នុងនោះ សមត្ថកិច្ចបានដកហូតយកដាវ ១ដើម និងកាំបិតផ្គាក់ចំនួន២ ដែលពួកគេប៉ុនប៉ងចាក់ ឬកាប់អ្នកធ្វើដំណើរតាមដងផ្លូវ។
ទាក់ទិននឹងបញ្ហានេះ ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួន អំពាវនាវឱ្យអាជ្ញាធរថ្នាក់ជាតិ ចាត់វិធានការតឹងរ៉ឹងលើអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ ព្រោះបញ្ហាក្មេងទំនើងសព្វថ្ងៃនេះ កើតឡើងដោយសារតែអាជ្ញាធរមូលដ្ឋានមិនបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

